សម្តេចតេជោ ហ៊ុន សែន ជាពលរដ្ឋកម្ពុជាដំបូងគេ បានថើប និងលើកពានរង្វាន់បាល់ទាត់ពិភពលោក

125
UI Promtion 2021

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ពិភពលោក (World Cup) ដែលជាព្រឹត្តិការណ៍ដ៏មានប្រជាប្រិយភាពបំផុតលើពិភពលោកនោះ មានអាយុកាលជិត ១០០ឆ្នាំហើយ។ ប្រជាពលរដ្ឋកម្ពុជា ក៏ជាជាតិសាសន៍មួយក្នុងលោក ដែលបានតាមដានព្រឹត្តិការណ៍នេះយ៉ាងជក់ចិត្តរាល់ការប្រកួត ដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្តងនោះ។
ពលរដ្ឋកម្ពុជា បានឃើញ និងចូលរួមអបអរសាទរព្រឹត្តិការណ៍នេះត្រឹមលើកញ្ចក់ទូរទស្សន៍ប៉ុណ្ណោះ។ អាចរាប់ជាភ័ព្វសំណាង និងដោយសារកត្តាសុខសន្តិភាព កិច្ចអភិវឌ្ឍន៍ដែលរកបានមកដោយលំបាកនោះ នៅឆ្នាំ២០២២នេះ កម្ពុជាត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោក សម្រេចជ្រើសរើសជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៥១ ក្នុងការដង្ហែពានបាល់ទាត់ពិភពលោក ដើម្បីឆ្ពោះទៅរកការប្រកួតដែលធ្វើឡើងនៅទីក្រុងដូហា ប្រទេសកាតា នៅចុងឆ្នាំ២០២២នេះ។
ពានរង្វាន់បាល់ទាត់ពិភពលោក ដែលជាពានដ៏មានតម្លៃ និងជាក្តីប្រាថ្នាចង់ឃើញ ចង់ប៉ះ ចង់កាន់ សម្រាប់ប្រទេសនានាលើពិភពលោកនោះ ក៏ត្រូវបានដង្ហែមកដល់ប្រទេសកម្ពុជានាព្រឹកថ្ងៃទីពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២។ ការនាំមកដល់នៃពានរង្វាន់ដ៏ល្បាញល្បីលើពិភពលោកធ្វើពីមាសសុទ្ធទម្ងន់រហូតដល់ជាង ៦គីឡូក្រាមនេះ បាននាំឱ្យមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ និងគ្រប់វ័យ ជាពិសេសអ្នកស្នេហាវិស័យកីឡាបាល់ទាត់។
វត្តមានពានរង្វាន់បាល់ទាត់ពិភពលោកលើដីកម្ពុជា ត្រូវបានទទួលស្វាគមន៍យ៉ាងមហោឡារិកពីប្រជាពលរដ្ឋខ្មែរ។ ជាពិសេសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញទទួលដោយផ្ទាល់នូវពានរង្វាន់ដែលជំរុញឱ្យមានការអភិវឌ្ឍន៍លើវិស័យបាល់ទាត់មួយនេះ។
ពានរង្វាន់បាល់ទាត់ពិភពលោកមួយនេះ មិនមែននរណាក៏អាចបានប៉ះពាល់ ឬក៏លើកនោះឡើយ។ ការដង្ហែមកដល់ប្រទេសកម្ពុជា ពាននេះក៏ត្រូវរៀបចំការពារសន្តិសុខយ៉ាងតឹងរឹងបំផុត ហើយក៏មិនបើកឱ្យមានការប៉ះពាល់ដោយសេរីនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន គឺជាប្រជាពលរដ្ឋកម្ពុជាតែមួយរូបគត់ ដែលត្រូវបានសហព័ន្ធបាល់ទាត់ពិភពលោករៀបចំឱ្យលើកពានរង្វាន់នេះ។
ការរឹតត្បឹតនៃការប៉ះពាល់ពានរង្វាន់នេះ ក្នុងគោលដៅរក្សាសន្តិសុវត្ថិភាពរបស់ពាន ហើយក៏ជាការរក្សាតម្លៃជាសកលនៃពានរង្វាន់មួយនេះផងដែរ។ តាមរយៈកម្មវិធីដែលបានរៀបចំនេះ បានធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ក្លាយជាប្រជាពលរដ្ឋកម្ពុជាដំបូងគេបំផុតដែលបានប៉ះ បានលើក និងថើបពានរង្វាន់នៃការប្រកួតបាល់ទាត់ពិភពលោកមួយនេះ។
កម្ពុជាជាប្រទេសមួយ ដែលបានជួបនូវឱនភាពកិត្តិយស និងភាពល្បាញល្បីរបស់ខ្លួន ដោយសារតែការញ៉ាំញីកើតចេញពីវិបត្តិនៃភ្លើងសង្គ្រាម។ នយោបាយឈ្នះ-ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យកម្ពុជាបញ្ចប់ភ្លើងសង្គ្រាម និងទទួលបានការអភិវឌ្ឍយ៉ាងខ្លាំងក្លានាពេលបច្ចុប្បន្ន។
ការបញ្ចប់ភ្លើងសង្គ្រាម ភាពរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា បានលើកតម្កើងកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កម្ពុជា។ កម្ពុជា បានក្លាយជាទីចាប់អារម្មណ៍សម្រាប់ព្រឹត្តិការណ៍នានាលើផ្នែកនយោបាយ សេដ្ឋកិច្ច និងកីឡាផងដែរ។ ជាក់ស្តែងការដង្ហែពានបាល់ទាត់ពិភពលោកមកកម្ពុជា ច្បាស់ជាមិនអាចកើតមានឡើយ ប្រសិនបើកម្ពុជាស្ថិតក្នុងវិបត្តិសង្គ្រាមដូចអតីតកាលនោះ។
ដូច្នេះវត្តមានពានរង្វាន់បាល់ទាត់ពិភពលោកនៅកម្ពុជានាពេលនេះ ជាការនាំមកនូវកិត្តិយស និងមោទនភាពថ្មីមួយទៀតសម្រាប់ប្រជាជាតិកម្ពុជា។ ថ្លែងក្នុងពិធីស្វាគមន៍វត្តមានពានរង្វាន់បាល់ទាត់ពិភពលោកនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចពិតជាមានមោទនភាព ដូចប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាច្រើនដែលបានកាន់ និងលើកពានរង្វាន់បាល់ទាត់ពិភពលោកដ៏មានអត្ថន័យនេះ។
សម្តេចតេជោ បានគូសរំលេចទៀតថា វត្តមានពានរង្វាន់បាល់ទាត់ពិភពលោកនៅកម្ពុជានាពេលនេះ ជាសក្ខីភាពបង្ហាញពិភពលោក និងអ្នកគាំទ្របាល់ទាត់ជាង ៣ពាន់លាននាក់ អំពីសុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាន និងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយជីវភាពកាន់តែល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ។
ពានរង្វាន់បាល់ទាត់ពិភពលោកនឹងត្រូវតម្កល់នៅប្រទេសកម្ពុជារហូតដល់ថ្ងៃទី១៧ ខែមិថុនា ទើបដង្ហែទៅកាន់ប្រទេសដទៃ។ កំលុងពេលតម្កល់នៅកម្ពុជា ពានរង្វាន់នេះក៏ត្រូវបានតម្កល់នៅពហុកីឡដ្ឋានមរតកតេជោ ក្រោមការរក្សាសន្តិសុខយ៉ាងតឹងរឹងបំផុត ដើម្បីបង្ហាញរាងដ៏ឆើតឆាយដល់ក្រសែភ្នែកពលរដ្ឋកម្ពុជា។
បើទោះបីមិនមានឱកាសបានកាន់ប៉ះ និងថើបយ៉ាងណាក្តី តែប្រជាពលរដ្ឋកម្ពុជា ពិតជារីករាយ និងមានមោទនភាពយ៉ាងក្រៃលែង ចំពោះដំណើរមកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោកមួយនេះ។ ព្រឹត្តិការណ៍មកដល់នៃពានរង្វាន់បាល់ទាត់ពិភពលោក នឹងរួមចំណែកផ្សព្វផ្សាយកម្ពុជាទៅកាន់ពិភពលោកថា ជាទីកន្លែងមានសុខដុម សុខសន្តិភាព និងការរីកចម្រើន មិនមែនជាប្រទេស ជាជាតិសាស្ត្រដែលវេទនាដោយភ្លើងសង្គ្រាមដូចអតីតកាលទៀតនោះឡើយ៕