សម្ដេចក្រឡាហោម ស ខេង ៖ នគរបាលយើងត្រូវតែមានសមត្ថភាព វិជ្ជាជីវៈ មានសីលធម៌ល្អ ដូចដែលក្មួយៗ ប្អូនៗបានសិក្សានេះ គឺនោះហើយជាចំណេះវិជ្ជា ចំណេះដឹងដែលយើងត្រូវប្រកាន់ខ្ជាប់ពេលយើងបំពេញបេសកកម្ម

162
UI Promtion 2021
នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ, បណ្ឌិត្យសភានគរបាលកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា និងជាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល បានគោរពរាយការណ៍ជូន សម្ដេចក្រឡាហោម ស ខេង និងអង្គពិធីទាំងមូលថា ចាប់តាំងពីពេលបង្កើតរហូតមកដល់ពេលនេះសាលានគរបាលជាតិភូមិភាគ៦ បានបណ្ដុះបណ្ដាលសិស្សនគរបាលចំនួន ៦,១១២នាក់ នារី៤៦៣នាក់ និងជាមធ្យមបណ្ដុះបណ្ដាលបាន ៥០០នាក់ ក្នុងមួយឆ្នាំ។
ឯកឧត្តម បានបន្តថា នៅឆ្នាំ២០២២នេះ សាលានគរបាលជាតិភូមិភាគ៦ បានបណ្ដុះបណ្ដាលសិស្សនគរបាលជំនាន់ទី១៥ លើកទី១ ចំនួន ១៨០នាក់ នារី២១នាក់ ជាសិស្សនគរបាលមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលប្រឡងជាប់ក្នុងក្របខណ្ឌឆ្នាំ២០២០ និងឋិតក្នុងចំណោមសិស្សនគរបាលសរុប ១,១០៨នាក់ ដែលបានបណ្ដុះបណ្ដាលនៅសាលានគរបាលភូមិភាគទាំង៦។
ក្នុងឱកាសនោះដែរ តំណាងសិស្សនគរបាល បានឡើងថ្លែងសច្ចាប្រណិធាន និងធ្វើសម្បថចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ទេវតារក្សាស្វេត្រឆ័ត្រ និងចំពោះរាជរដ្ឋាភិបាលកម្ពុជា ថានឹងសុខចិត្តលះបង់គ្រប់បែបយ៉ាងដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ ស្មោះត្រង់ជានិច្ចចំពោះ ជាតិ មាតុភូមិ និងរាជរដ្ឋាភិបាល គោរពឱ្យបានដាច់ខាតនូវច្បាប់របស់រដ្ឋ និងវិន័យរបស់កងកម្លាំងនគរបាលជាតិជាដើម។
អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្ដែងនូវការកោតសរសើរបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានខិតខំប្រឹងប្រែងចាត់ចែងការងារបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកនគរបាលជាតិ ទទួលបានលទ្ធផលជាបន្តបន្ទាប់។ សម្ដេច ក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសាស្ត្រាចារ្យ និងគ្រូនគរបាលជាតិទាំងអស់ ដែលបានខិតខំពង្រឹងការបណ្ដុះបណ្ដាលសិស្សនគរបាលឱ្យមានចំណេះដឹង និងសមត្ថភាពក្នុងវិជ្ជាជីវៈ។
សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណចំពោះរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខេត្តកណ្ដាល និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានចូលរួមគាំទ្រការអភិវឌ្ឍសាលានគរបាលជាតិភូមិភាគ៦ ខេត្តកំពង់ឆ្នាំងនេះ ទៅតាមលទ្ធភាព និងតម្រូវការជាក់ស្ដែង ដូចយ៉ាងនៅថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ បានផ្ដល់អគារស្នាក់នៅមួយខ្នង រដ្ឋបាលខេត្តកំពង់ឆ្នាំង បានសម្រេចផ្ដល់ផ្លូវក្រាលកៅស៊ូចូលសាលា និងខេត្តកណ្ដាលជួយអគារ ០១ខ្នង សម្រាប់ការសិក្សា និងការងាររដ្ឋបាល។
ពាក់ព័ន្ធនឹងសំណើសាងសង់អាហារដ្ឋាន និងទីលានហ្វឹកហាត់នៅសាលានគរបាលជាតិភូមិភាគ៦ សម្ដេចក្រឡាហោម ស ខេង បានប្រកាសទទួលដោះស្រាយតាមសំណូមពរ និងបានស្នើសុំមន្រ្តីពាក់ព័ន្ធរៀបចំការសិក្សាគម្រោង និងប្លង់ឱ្យបានលម្អិត ព្រមទាំងបានឯកភាពលើសំណើបំពេញចំនួនក្របខណ្ឌនគរបាលផងដែរ។ សម្ដេច អះអាងថា ការផ្ដល់ជូននេះដើម្បីសម្រួលការបំពេញបេសកកម្មអប់រំបណ្ដុះបណ្ដាលនគរបាលជាតិ ឱ្យក្លាយជាមន្រ្តីប្រកបដោយសមត្ថភាពវិជ្ជាជីវៈក្នុងការងារបម្រើជាតិ និងប្រជាជន។
សម្ដេចក្រឡាហោម មានប្រសាសន៍ថា «នគរបាលយើងត្រូវតែមានសមត្ថភាព វិជ្ជាជីវៈ មានសីលធម៌ល្អ ដូចដែលក្មួយៗ ប្អូនៗបានសិក្សានេះ គឺនោះហើយជាចំណេះវិជ្ជា ចំណេះដឹងដែលយើងត្រូវប្រកាន់ខ្ជាប់ពេលយើងបំពេញបេសកកម្ម ដើម្បីប្រែក្លាយខ្លួនយើងជាមន្រ្តីនគរបាលរបស់ប្រជាពលរដ្ឋ ពលរដ្ឋមិនខ្លាចញញើតយើង ពលរដ្ឋគាត់ស្រលាញ់ ជឿទុកចិត្ត និងផ្ដល់កិច្ចសហការជាមួយយើង។ ទោះបីយើងមានកម្លាំងប៉ុន្មានក៏ដោយ ក៏មិនអាចរក្សាសន្តិសុខសណ្ដាប់ធ្នាប់បានល្អដែរ បើគ្មានការគាំទ្រ និងការចូលរួមពីប្រជាពលរដ្ឋ នេះជាគោលការណ៍ និងជាទ្រឹស្ដីត្រូវចងចាំ»។
លើសពីនេះទៀត សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ពន្យល់ជូនអង្គពិធី អំពីទស្សនៈពាក់ព័ន្ធនឹងនគរបាលជាតិរួមមាន៖ ទី១-បញ្ចូល៖ សំដៅលើការបញ្ចូលក្របខណ្ឌនគរបាលដោយឆ្លងកាត់ការប្រឡងប្រជែង ,ទី២-បញ្ចេះ៖ សំដៅដល់ការបង្រៀនឱ្យចេះទាំងទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង ,ទី៣-បញ្ជា៖ សំដៅលើការតែងតាំងឱ្យបំពេញការងារតាមជំនាញ និងផ្នែក បន្ទាប់ពីបានបង្រៀនឱ្យចេះ ,ទី៤-បញ្ជោរ៖ សំដៅដល់ការលើកទឹកចិត្ត ដូចជាការតម្លើងស័ក្ដិ ឋានៈ តួនាទី រង្វាន់ និងប័ណ្ណសរសើរជាដើម ,ទី៥-បញ្ចោរ៖ គឺសំដៅលើវិធានការលើមន្រ្តីមានកំហុស ដូចជា ការស្ដីបន្ទោស និងដាក់ទណ្ឌវិន័យជាដើម ,ទី៦-បញ្ចេញ៖ សំដៅដល់ការដកក្របខណ្ឌចេញពីនគរបាល បើកាលណាមានកំហុសធ្ងន់ធ្ងរ ដូចជា ប្រព្រឹត្តបទល្មើស និងទី៧-បញ្ចប់៖ សំដៅដល់ការរៀបចំចូលនិវត្តន៍ ឬការបាត់បង់កាយសម្បទាវិជ្ជាជីវៈជាដើម។
មុននឹងបញ្ចប់ពិធីសំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យបណ្ឌិត្យសភានគរបាលកម្ពុជា ខិតខំបន្តសិក្សាស្រាវជ្រាវដើម្បីផ្ដួចផ្ដើមគំនិតច្នៃប្រឌិតថ្មីៗបន្ថែមទៀត ក្នុងការដឹកនាំគ្រប់គ្រង និងអនុវត្តកំណែទម្រង់នគរបាលជាតិតាមផែនការ ជាពិសេសខិតខំតាមដានស្រាវជ្រាវចំពោះបទល្មើសថ្មីៗ ដែលបានកើតឡើងក្នុងប្រទេស តំបន់ និងសាកលលោក ដើម្បីឱ្យបានដឹង និងដកពិសោធន៍ធ្វើជាមេរៀនបង្រៀនដល់សិក្ខាកាម និងសិស្សនគរបាល ទាំងទ្រឹស្ដី និងការអនុវត្ត ព្រមទាំងបន្តការសហការបណ្ដុះបណ្ដាលមន្រ្តីនគរបាលក្របខណ្ឌថ្មី មន្រ្តីនគរបាលនៅមិនទាន់បានរៀន និងមន្រ្តីផ្ទេរក្របខណ្ឌចូលនគរបាលជាតិផងដែរ៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា