រដ្ឋមន្ត្រីក្រសួងព័ត៌មាន ចោទសួរអ្នកប្រតិកម្មរឿងតុលាការកាត់ទោស «សេង ធារី» ពីការអនុវត្តន៍ស្តង់ដារ «សេរីភាពនៃការបញ្ចេញមតិ»

64
UI Promtion 2021

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានចោទជាសំណួរល់ការអនុវត្តស្តង់ដារ «សេរីភាពនៃការបញ្ចេញមតិ» ទៅកាន់បណ្តាប្រទេស និងអង្គការសិទ្ធិមនុស្សដែលបានប្រតិកម្មរឿងតុលាការកម្ពុជា កាត់ទោសកញ្ញា សេង ធារី ខ្មែរមានសញ្ជាតិអាមេរិក ឱ្យជាប់ពន្ធនាគារ។

កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ កញ្ញា សេង ធារី ត្រូវចៅក្រមសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៦ឆ្នាំ ពីបទរួមគំនិតក្បត់ និងញុះញង់ បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការចោទប្រកាន់នេះកើតមានឡើងបន្ទាប់តុលាការបានរកឃើញថា កញ្ញា សេង ធារី ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល តាមរយៈ «ផែនការ ៩វិច្ឆិកា» រៀបចំដោយទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាមក្រៅច្បាប់។

ក្រោយសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ចេញមិនបានប៉ុន្មានម៉ោងផង គេឃើញស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បង្ហាញការប្រតិកម្មមុនគេ បន្ទាប់មកបណ្តាប្រទេសលោកខាងលិច និងអង្គការសិទ្ធិមនុស្សមួយចំនួន ក៏បានចេញមកប្រតិកម្មជាបន្តបន្ទាប់ផងដែរ។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ហាក់មិនមានអ្វីចម្លែកចិត្តនោះឡើយចំពោះការប្រតិកម្មទាំងនេះ ព្រោះជាការប្រតិកម្មដូចដែលលោកបានគិតទុកជាមុន។

«ដូចបាននិយាយពីមុនអ៊ីចឹង! គ្រាន់តែតុលាការកម្ពុជាកាត់ទោសកូនជឹងគេភ្លាម លោកច្រមុះស្រួច អង្គការច្រមុះស្រួច និងអង្គការស៉ីលុយពីច្រមុះស្រួច ស្រែកខ្ទរខ្ទារពីរឿងសេរីភាព នៃការបញ្ចេញមតិ»។ នេះជាការគូសរំលេចរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន។

តបនឹងប្រតិកម្មរបស់ក្រុមប្រទេសតាំងខ្លួនជាបិតាប្រជាធិបតេយ្យ គោរពសេរីភាពនៃការបញ្ចេញមតិនេះ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឆ្លៀតរំលឹកពីសំណួររបស់លោក ដែលបានចោទសួរទៅប្រទេសទាំងអស់នោះ ជុំវិញការអនុវត្តន៍វិធានការរបស់ពួកគេលើបណ្តាញផ្សព្វផ្សាយរបស់ប្រទេសរុស្ស៉ី ក្រោយកើតមានសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។

លោករដ្ឋមន្ត្រីបានរំលឹកដូច្នេះ «តែពួកគាត់ធ្វើមិនដឹងពីសំណួរដែលខ្ញុំសួរកាលពីជាង ៩០ថ្ងៃមុនថា ហេតុអីគាត់បិទ Russia Today, Sputnik និងដាក់សារព្រមានលើរាល់ការផ្សាយនានារបស់រុស្ស៉ី ចាប់តាំងពីមានសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន មក?»។

ពាក់ព័ន្ធសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែននេះ លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានលើកឡើងថា កម្ពុជាប្រឆាំងការវាយលុករបស់រុស្ស៉ី ទៅលើអ៊ុយក្រែន ឈរលើគោលការណ៍ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើង គឺកម្ពុជាប្រឆាំងរាល់ការគំរាមប្រើកម្លាំង និងការប្រើកម្លាំងក្នុងរាល់ដំណោះស្រាយរវាងប្រទេសមួយ និងប្រទេសមួយ។

ដោយមើលឃើញពីការអនុវត្តន៍ដោយលំអៀងពាក់ព័ន្ធសេរីភាពនៃការបញ្ចេញមតិ ដែលអាមេរិក និងប្រទេសលោកខាងលិច ព្រមទាំងអង្គការសិទ្ធិមនុស្សមួយចំនួនទន្ទេញរត់មាត់នេះ លោក ខៀវ កាញារីទ្ធ បានលើកជាសំណួរថា តើពួកគាត់ប្រើជញ្ជីងតែមួយក្នុងរឿង «សេរីភាពនៃការបញ្ចេញមតិ» នេះ ឬយ៉ាងណា?

ពាក់ព័ន្ធការអនុវត្តន៍សិទ្ធិសេរីភាពនៃការបញ្ចេញមតិពីសំណាក់សហរដ្ឋអាមេរិក ក៏ដូចជាប្រទេសលោកខាងលិច និងអង្គការសិទ្ធិមនុស្សនេះ តែងមានដាក់ជាចម្ងល់លើស្តង់ដារ នៃការអនុវត្តន៍របស់ពួកគេ។ ចម្ងល់ត្រង់ថា នៅពេលសមត្ថកិច្ចរបស់ពួកគេអនុវត្តន៍វិធានការច្បាប់ក្នុងប្រទេសខ្លួន ឬបំពានដល់ប្រទេសដទៃ ពួកគេមិនដែលរំលឹកដល់គោលការណ៍ សេរីភាពបញ្ចេញមតិ ឬគោលការណ៍សិទ្ធិមនុស្សនោះឡើយ។ ផ្ទុយទៅវិញ ក្រុមប្រទេសនេះ តែងតែដើរវ៉ៃត្រាកំណត់ពីការអនុវត្តន៍វិធានការច្បាប់នៅតាមបណ្តាប្រទេសនានា ដែលមិនដើរតាមពួកគេ។

តាមរយៈកាយវិការទាំងនេះ នាំឱ្យមានការមើលឃើញថា រង្វាយតម្លៃលើសេរីភាពបញ្ចេញមតិរបស់ពួកគេមិនមានស្តង់ដារជាសាកលនោះឡើយ៕