នៅថ្ងៃនេះ ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក ចាកចេញពីកម្ពុជា

64
UI Promtion 2021

(ភ្នំពេញ)៖ ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក នឹងចាកចេញពីកម្ពុជា នាថ្ងៃនេះហើយ បន្ទាប់ពីឆ្លងកាត់ និងទស្សនៈកិច្ច នៅកម្ពុជារយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី​១៥ ដល់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញអបអសាទរ ដំណើរទេសចរណ៍ពានបាល់ទាត់ពិភពលោក (FIFA WORLD CUP)​​​​​ឆ្លងកាត់ព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ១៥ ខែមិថុនា។

ពានបាល់ទាត់ពិភពលោកធ្វើពីមាសសុទ្ធទម្ងន់ជាង ៦ គីឡូក្រាម បានដឹកតាមជើងហោះហើរឯកជនពិសេស (Private Jet)។ ការមកដល់ពានរង្វាន់បាល់ទាត់ពិភពលោក ដែលមានតម្លៃ ទាំងការធានារ៉ាប់រងប្រមាណ ២០០លានដុល្លារ នេះ ធ្វើឡើងក្រោម​​​​កម្មវិធីដំណើរគោចរពានរង្វាន់បាល់ទាត់ពិភពលោក ដើម្បីអបអរសាទរការប្រកួតកីឡាបាល់ទាត់​ដណ្ដើមពានរង្វាន់ពិភពលោក នាខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងដូហា ប្រទេសកាតា។

ការមកដល់ នៃពានរង្វាន់បាល់ទាត់ពិភពលោក គឺជាការបង្ហាញវត្តមានលើកដំបូង នៅលើទឹកដីកម្ពុជា ចាប់តាំងពីពាននេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៧៤។​ កម្ពុជា បានរៀបចំនូវព្រឹត្តិការណ៍មួយចំនួន ជាការស្វាគមន៍​​នៃការមកដល់ពានបាល់ទាត់​​​​ពិភពលោកនេះ។ ព្រឹត្តិការណ៍ទាំងនោះ រួមមាន៖ ក្បួនដង្ហែពានរង្វាន់ពីព្រលាន យន្តហោះអន្តរជាតិភ្នំពេញ មកកាន់វិមានសន្តិភាព​​​,​​​​ ពិធីទទួលស្វាគមន៍ និងលើកពានរង្វាន់ពិភពលោក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំពិធីស្វាគមន៍ទេសចរ ចូលទស្សនា និងថតរូបជាមួយពានរង្វាន់បាល់ទាត់​​​ពិភព​​​លោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីម៉ោងប្រហែល ១រសៀល រហូតដល់ម៉ោង ១០យប់ អមដោយតន្ត្រីសម័យកំដរ​​​ផងដែរ៕