លោកស្រី ឱ វណ្ណឌីន បញ្ជាក់អំពីលទ្ធផលសម្រេចបានក្នុងការចាក់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ នៅតាមទីផ្សារ ពេលចុះពិនិត្យការងារនេះនៅផ្សារកំពង់ប្រណាក ខេត្តព្រះវិហារ 

143
UI Promtion 2021

ទីតាំងចាក់វ៉ាក់សាំងនៅផ្សារកំពង់ប្រណាក ខេត្តព្រះវិហារនេះ បាននិងកំពុងតែមមាញឹកចាក់វ៉ាក់សាំងដែលភាគច្រើនជាដូសជំរុញជូនដល់ប្រជាពលរដ្ឋទូទៅទាំងអស់ ដោយមិនគិតថា ជាអាជីវកម្ម ឬអ្នកមកទិញទំនិញ ឬជាមន្ដ្រីជួរមុខនោះទេ។ ដោយក្រុមគ្រូពេទ្យប្រចាំការនៅទីនេះ ត្រៀមចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋដែលដល់ពេលកំណត់គ្រប់ៗគ្នាតែម្ដង។

បន្ទាប់ពីសំណេះសំណាលជាមួយអ្នកមកទទួលវ៉ាក់សាំងដូសជំរុញហើយនោះ លោកស្រី ឱ វណ្ណឌីន ក៏បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខដល់អាជីវករដែលកំពុងលក់ដូរនៅក្នុងផ្សារផងដែរ។

តាមរយៈការសាកសួរនោះ លោកស្រី ឱ វណ្ណឌីន បានទទួលចម្លើយពីអាជីវករថា ពួកគាត់បានចាក់វ៉ាក់សាំងដូសជំរុញគ្រប់ៗគ្នារួចរាល់ហើយ នៅពេលដល់វេលាកំណត់។ ចាក់វ៉ាក់សាំងនេះ ពួកគាត់មិនបានធ្វើដំណើរទៅឆ្ងាយនាំឲ្យខាតបង់ពេលវេលាលក់ដូរនោះទេ ពោលក្រុមគ្រូពេទ្យបានប្រចាំការនៅទីតាំងផ្សារ ដើម្បីចាក់ជូនពួកគាត់តែម្ដង។

ប្រធានគណៈកម្មការចំពោះកិច្ចរូបនេះ បានអះអាងថា ទាំងអស់នេះគឺជាការគិតគូរដ៏ត្រឹមត្រូវប្រកបដោយភាពប៉ិនប្រសព្វរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងការរុញវ៉ាក់សាំងឲ្យកាន់តែគៀកជិតប្រជាពលរដ្ឋ មានន័យថា វ៉ាក់សាំងរត់រកប្រជាពលរដ្ឋតែម្ដង។

បន្ថែមពីនេះ អាជីវករក្នុងផ្សារកំពង់ប្រណាក់ក៏បានបង្ហាញក្ដីសប្បាយរីករាយ នៅពេលពួកគាត់ទទួលបាននូវចាក់វ៉ាក់សាំង ដើម្បីមានកងការពារពីជំងឺកូវីដ១៩។ ផ្ញើសារតាមរយៈលោកស្រី ឱ វណ្ណឌីន ក្រុមអាជីវករទាំងអស់នោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានគិតគូរដល់សុខមាលភាពរបស់ប្រជាពលរដ្ឋ ហើយបើគ្មានវ៉ាក់សាំងទេនោះ ម្ល៉េះពេលនេះពួកគាត់មិនមានឱកាសបានលក់ដូរប្រកបអាជីវកម្មនោះទេ៕