អំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវបានយកទៅចែកជូនយោធិន គ្រួសារយោធិន និងអតីតយុទ្ធជន នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២

183
UI Promtion 2021

(បន្ទាយមានជ័យ)៖ ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២នេះ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២ បានរៀបចំពិធីចែកអំណោយរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការ កងទ័ពជើងគោក ជូនយោធិន គ្រួសារយោធិន និងអតីតយុទ្ធជនប្រមាណ ១៥១គ្រួសារ។

ពិធីចែកអំណោយរបស់លោកមេបញ្ជាការកងទ័ពជើងគោក ត្រូវបានរៀបចំឡើងក្រោមអធិបតីលោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥។ ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែគិតគូរដល់សុខទុក្ខកងទ័ព និងគ្រួសារកងទ័ពដែលជួបការលំបាក ជាពិសេសឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងភរិយា តែងបានផ្តល់អំណោយ ជាគ្រឿងឧបភោគបរិភោគ និងថវិកា ជួយសម្រួលការលំបាកផងដែរ។

ជាក់ស្តែងនៅថ្ងៃនេះ គ្រួសារកងទ័ពចំនួន ១៥១គ្រួសារ ទទួលបានអំណោយជាស្បៀងអាហារសម្រាប់ទ្រទ្រង់ជីវភាព។ អំណោយនេះមួយគ្រួសារទទួលបានអង្ករ ២០គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ទឹកស៊ីអីវ ១យួរ ត្រីខ ១យួរ ទឹកសុទ្ធ ១យួរ និងថវិការ ២ម៉ឺនរៀល។

ក្នុងឱកាសនោះគ្រួសារកងទ័ពទាំងអស់ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងភរិយា។ គ្រួសារកងទ័ព ក៏បានជូនលោក ហ៊ុន ម៉ាណែត និងភរិយា មានសុខភាពល្អទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិនិងប្រជាជន។

គ្រួសារទ័ពក៏បានប្រកាសគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ដើម្បីអភិវឌ្ឍប្រទេសកម្ពុជា ឱ្យមានការរីកចម្រើនជានិច្ចនិរន្តរ៍៕