សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងសារគន្លឹះសំខាន់ៗ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម នាខែក្រោយ

165
UI Promtion 2021

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងផ្ដល់កិត្តិយសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ និងក្រុមប្រឹក្សាកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលនឹងរៀបចំនៅរាជធានីភ្នំពេញ នាថ្ងៃទី១១-១៣ ខែកក្កដា ឆ្នាំ២០២២ ដើម្បីថ្លែងសារគន្លឹះសំខាន់ៗ ដល់បណ្ដាប្រទេសសមាជិក ជុំវិញដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា នាឆ្នាំក្រោយ។

នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោយបញ្ចប់កិច្ចប្រជុំ ស្ដីពីការត្រៀមធ្វើម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំតំបន់ខាងលើ នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលដឹកនាំដោយលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងអនុប្រធានអចិន្ដ្រៃយ៍ CAMSOC ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល មានប្រសាសន៍ថា «នៅក្នុងពិធីបើកកិច្ចប្រជុំផ្លូវការ នឹងមានការថ្លែងសន្ទរកថាពិសេសរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៅថ្ងៃទី១១ ខែកក្កដា ដើម្បីទទួលបាននូវអនុសាសន៍ណែនាំដ៏សំខាន់ និងជាគន្លឹះ សម្រាប់ឲ្យប្រទេសសមាជិកទាំងអស់ ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទទួលបាននូវភាពកក់ក្ដៅ តាមរយៈអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាពេលនោះ» ។

លោក វ៉ាត់ ចំរើន បន្ថែមថា កិច្ចប្រជុំនាពេលខាងមុខ គឺជាកិច្ចប្រជុំដ៏សំខាន់ ដើម្បីអនុម័តចុងក្រោយលើការងារសំខាន់ៗមួយចំនួន ដូចជាការកំណត់ប្រភេទកីឡា វិញ្ញាសា និងការកែប្រែធម្មនុញ្ញស៊ីហ្គេមជាដើម ។ លើសពីនេះ ក៏មានដំណើរទស្សនកិច្ចរបស់ក្រុមគណៈកម្មការកីឡា និងបទបញ្ញាត្តិ ដើម្បីពិនិត្យ និងវាយតម្លៃពីហេដ្ឋារចនាសម្ព័ន្ធកីឡាកម្ពុជា ដែលត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ ។

ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក៏ដូចជាលោករដ្ឋមន្ដ្រី ថោង ខុន បានជំរុញឲ្យពន្លឿនគ្រប់ការងារទាំងអស់ ត្រូវរៀបចំឲ្យមានការគាំទ្រច្បាស់លាស់ពីបណ្ដាប្រទេសសមាជិក ទាំងក្នុងកិច្ចប្រជុំ និងការវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធកីឡាផ្សេងៗ ពិសេសការទទួលបដិសណ្ឋារកិច្ច ក៏ត្រូវយកចិត្តទុកដាក់ខ្ពស់ដែរ ពិសេសផ្នែកក្រុមប្រឹក្សាកីឡាអាស៊ានប៉ារ៉ាហ្គេមតែម្ដង ។

លោកបន្ដថា «នេះគឺជាដំណាក់កាលសំខាន់ និងជាកិច្ចប្រជុំពិសេស ជាគន្លឹះសម្រាប់ឲ្យប្រទេសទាំងអស់ជាសមាជិក គាត់គាំទ្រពេញទំហឹង ចំពោះគោលដៅចង់បានរបស់យើងជាម្ចាស់ផ្ទះ ចង់ប្រភេទកីឡាប៉ុន្មាន? ចង់ដាក់វិញ្ញាសាប៉ុន្មាន? ចង់កែប្រែធម្មនុញ្ញស៊ីហ្គេមទៅលើបញ្ហាអ្វីខ្លះ គឺកម្ពុជាដាក់ចូល ហើយអនុម័តនៅពេលនោះ ព្រោះកម្ពុជា ជាប្រធាន ហើយកម្ពុជា នឹងធ្វើឲ្យមានកិត្តិយសទាំងអស់គ្នា ហើយទទួលបាននូវការស្រុះស្រួលគ្នា ឯកភាពគ្នាជាឯកច្ឆន្ទ នៅក្នុងសមាជិកអាស៊ាន មិនឲ្យសមាជិកណាមួយមិនពេញចិត្តឡើយ» ។

សូមបញ្ជាក់ថា កម្ពុជាបានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នេះ ម្ដងរួចមកហើយ កាលពីខែមេសាកន្លងទៅ នៅខេត្តសៀមរាប ។ ក្នុងឋានៈជាម្ចាស់ផ្ទះបន្ដវេន នេះគឺជាលើកទី២ ដែលកម្ពុជាត្រូវធ្វម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំតំបន់នេះ តែក្នុងនោះក៏មានការបញ្ចូលនូវកិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ានប៉ារ៉ាហ្គេមជាមួយគ្នាផងដែរ ដើម្បីសម្រួចការត្រៀមខ្លួនឆ្ពោះទៅរកភាពជោគជ័យ ក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម លើកដំបូង នាឆ្នាំ២០២៣ បន្ទាប់ពីកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ៕