ក្រសួងអប់រំ សហការជាមួយមូលនិធិហ្វ្រេតហូឡូ ចុះពិនិត្យសុខភាពភ្នែក ជូនសិស្សានុសិស្សជាង១ពាន់នាក់ នៅស្រុកកងមាស ខេត្តកំពង់ចាម

125
UI Promtion 2021

(កំពង់ចាម)៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយមូលនិធិហ្វ្រេតហូឡូប្រចាំកម្ពុជា ក្រោមជំនួយពី USAID តាមរយៈ UNOPS ដើម្បីអនុវត្តគម្រោង បង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាព និងធ្វើឲ្យកាន់តែប្រសើរឡើងនូវគំរូហិរញ្ញប្បទានជាតិសម្រាប់ផ្ដល់វ៉ែនតានៅកម្ពុជា ឆ្នាំ២០២១-២០២៣ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ បានចុះពិនិត្យសុខភាពភ្នែកដល់សិស្សានុសិស្សជាង ១ពាន់នាក់ នៅស្រុកកងមាស ខេត្តកំពង់ចាម។

ពិធីនេះដែរ បានធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ខ្ចៅ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម ក្រោមវត្តមានលោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមពីតំណាង ក្រសួងសុខាភិបាល តំណាងមូលនិធិហ្វ្រេតហូឡូប្រចាំកម្ពុជា តំណាងក្រសួងកិច្ចកានារី រួមទាំងសិស្សានុសិស្សជាច្រេីននាក់ផងដែរ។

លើកឡើងនាឱកាសនោះ លោកស្រី គឹម សេដ្ឋានី បានបញ្ជាក់ថា កម្មវិធីចុះពិនិត្យសុខភាពភ្នែក និងការផ្តល់វ៉ែនតា ដល់សិស្សានុសិស្សនាពេលនេះគឺជាលើកទីមួយហើយសម្រាប់ស្រុកកងមាស។ ឆ្លងកាត់ការធ្វើតេស្តភ្នែកដល់សិស្សានុសិស្សជាង១ពាន់នាក់រួចមក រកឃើញមានសិស្សចំនួនជាង៣០នាក់ មានបញ្ហាភ្នែក ក្នុងនោះក្រុមការងារក៏បានពិនិត្យបន្តទៀត តាមរយៈឧបករណ៍ពិនិត្យភ្នែក និងកាត់វ៉ែនតាប្រគល់ជូនគាត់តែម្តង។

លោកស្រី គឹម សេដ្ឋានី បានបន្ថែមថា ចំពោះបញ្ហាភ្នែក ដែលបានកើតឡើងចំពោះសិស្សនាពេលនេះ ភាគច្រើនគឺបានកើតឡើងដោសារការប្រើប្រាស់ភ្នែកច្រើនជាមួយទូរស័ព្ទ ការរៀនតាមប្រព័ន្ធអនឡាញ ជាពិសេសនោះ ក៏អាចកើតមានឡើងដោយសារការកង្វះការយល់ដឹងទាក់ទងនឹងការថែរក្សាភ្នែក និងការបរិភោគអាហារដែលមានវីតាមីនជំនួយដល់ភ្នែកផងដែរ។

សូមបញ្ជាក់ដែរថា ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយមូលនិធិហ្វ្រេតហូឡូប្រចាំកម្ពុជា អនុវត្តគម្រោង «បង្កើនវិសាលភាពសេវាកំហុសកំណុំរូបភាពនិងធ្វើ ឲ្យកាន់តែប្រសើរឡើង នូវគំរូហិរញ្ញប្បទានជាតិសម្រាប់ផ្ដល់វ៉ែនតានៅកម្ពុជា» បានចាប់ផ្តើមតាំងពីឆ្នាំ២០១២មកម្លេះ ដោយផ្ដោតសំខាន់លើការពង្រឹង និងបង្កើនការផ្ដល់វ៉ែនតា ដល់អ្នកសិក្សានៅតាមគ្រឹះស្ថានសិក្សាគោលដៅ ក្នុងរាជធានីខេត្តទាំង១៦ រួមមាន៖ រាជធានីភ្នំពេញ ខេត្តកំពង់ចាម កំពង់ឆ្នាំង កំពត កំពង់ស្ពឺ កំពង់ធំ កណ្ដាល ក្រចេះ ឧត្ដរមានជ័យ ព្រះសីហនុ ព្រះវិហារ ព្រៃវែង រតនគិរី សៀមរាប ស្វាយរៀង និងខេត្តត្បូងឃ្មុំផងដែរ៕