ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងព្រឹត្តិការណ៍ «BRICS Plus» ដែលរៀបចំនៅក្រុងប៉េកាំង តាមប្រព័ន្ធអនទ្បាញ

116
UI Promtion 2021

(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចូលរួមជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាលមកពីប្រទេសប្រេស៊ីល រុស្ស៉ី ឥណ្ឌា និងអាហ្វ្រិកខាងត្បូង ប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោ និងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត ថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍ «BRICS Plus» កិច្ចសន្ទនាជាន់ខ្ពស់ស្តីពីការអភិវឌ្ឍសកល ក្រោមមូលបទ «លើកកម្ពស់ភាពជាដៃគូ អភិវឌ្ឍន៍សកល សម្រាប់យុគសម័យថ្មីដើម្បីរួមគ្នាអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនទ្បាញ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ នៅទីក្រុងប៉េកាំង ប្រទេសចិន។

តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មាន  ទទួលបាន បញ្ជាក់ឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍តាមប្រព័ន្ធវីដេអូ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងផ្តោតលើចំណុចសំខាន់ៗរួមមាន៖ ការស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិកូវីដ-១៩ ការបន្តដាក់សម្ពាធលើបរិយាកាសសន្តិសុខសកល សន្តិសុខស្បៀង និងសារសំខាន់នៃពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិដោយផ្អែកលើវិធានច្បាប់។ សម្តេចតេជោ នឹងគូសបញ្ជាក់ផងដែរពីផែនការស្តារសេដ្ឋកិច្ចទ្បើងវិញក្រោយវិបត្តិកូវីត-១៩ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងដំណើរការចាកចេញដោយរលូនពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) និងដើម្បីសំរេចជោគជ័យលើគោលដៅអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាព។

ក្រសួងការបរទេស បានចាត់ទុកថា ការចូលរួមរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងកិច្ចសន្ទនាខាងលើ នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការដើរតួនាទីដ៏សកម្ម ដើម្បីសម្រេចការស្តារសេដ្ឋកិច្ចសកល និងរបៀបវារៈ ឆ្នាំ២០៣០ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕