សម្ដេចតេជោ ហ៊ុន សែន ថ្លែងថាបងប្រុសទីមួយ មានភាពស្រឡាំងកាំង ក្រោយទទួលដំណឹងមរណភាព សម្ដេចទេពញាណ ហ៊ុន ណេង

180
UI Promtion 2021

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានសម្រេចយកដំណឹងអំពីមរណភាពបងប្រុសទីពីរ ទៅជម្រាបបងប្រុសទីមួយគឺឯកឧត្តម ហ៊ុន សាន ក្រោយពីទទួលដំណឹង បងប្រុសសម្ដេចតេជោពិតជាពិបាកទទួលយកនូវរឿងបែបនេះ។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរនៅលើហ្វេសបុកផេករបស់សម្ដេចថា «ដោយសុខភាពបងប្រុសទីមួយបានប្រសើរព្រមទាំងពេលវេលាក៏សមស្រប ខ្ញុំបានណែនាំប្អូនៗនិងក្មួយៗយកដំណឹងអំពីមរណភាពបងប្រុសទីពីរជំរាបគាត់។ ប្រតិកម្មដំបូងក្រោយទទួលព័ត៌មានថាប្អូនស្លាប់គឺភាពស្រឡាំងកាំង ការញ័រដៃ ភ្នែកឡើងក្រហមនិងពោលពាក្យដដែលៗថាហេតុអីមិនប្រាប់គាត់។

ក្រោយការពន្យល់របស់ប្អូនៗនិងក្មួយៗ គាត់យល់តែអ្វីដែលបារម្មណ៍គឺក្រោយពេលប្អូនៗនិងក្មួយៗចេញផុតមកគាត់អង្គុយយំនិងពិសារគុយទាវតែ២ម៉ាត់គត់។ គាត់បាននិយាយថាប្អូនគាត់មិនមានជម្ងឺអ្វីសោះនិងបន្តនិយាយថាហេតុអីមិនប្រាប់គាត់។ ខ្ញុំកំពុងឱ្យក្មួយៗតាមដាននិងលួចថតរូបគាត់ផ្ញើមកខ្ញុំ។ គាត់ពិតជាពិបាកទទួលយកនូវរឿងបែបនេះណាស់ព្រោះនេះជាការវាយប្រហារខាងផ្លូវចិត្តខ្លាំងបំផុតសម្រាប់គាត់»។

សូមរំលឹកថា សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាព កាលពីល្ងាចថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយរោគាពាធ ក្នុងជន្មាយុ៧២ឆ្នាំ៕