សម្ដេចក្រឡាហោម ៖ បរិយាកាសនយោបាយ នៃការបោះឆ្នោតឃុំ សង្កាត់ ប្រជាពលរដ្ឋកម្ពុជា មានភាពចាស់ទុំ អត់ធ្មត់ មិនមានគំនុំសងសឹក

146
UI Promtion 2021

ព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកបរិយាកាសនយោបាយនៃការបោះឆ្នោតឃុំ សង្កាត់នេះថា «ជាវប្បធម៌ថ្មីមួយ នៃជនជាតិកម្ពុជារបស់យើង ជនជាតិខ្មែររបស់យើងដែលទើបតែបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ការបែកបាក់យ៉ាងធ្ងន់ធ្ងរ ប៉ុន្ដែគំនុំសងសឹកត្រូវបានលុបបំបាត់ជាបណ្តើរៗ។ ឆ្លងតាមរយៈការបោះឆ្នោតជាបន្តបន្ទាប់ ពិសេសការបោះឆ្នោតលើកចុងក្រោយនេះ យើងសន្និដ្ឋានថា ប្រជាពលរដ្ឋកម្ពុជាមានភាពចាស់ទុំ អត់ធ្មត់ មិនមានគំនុំសងសឹក»។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបែបនេះ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារវត្តខន្តីរស្មីព្រហ្មសែន ស្ថិតនៅក្នុងភូមិអង្គរសរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង។

សម្ដេចក៏បានបន្តមានប្រសាសន៍ថា ប្រជាពលរដ្ឋស្រុកមេសាង ក៏មិនខុសពីស្រុកដទៃទៀតនៃខេត្តព្រៃវែងនិងទូទាំងប្រទេសដែរ គឺបានខិតខំថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ពិសេសចូលរួមធ្វើឲ្យដំណើរការការបោះឆ្នោតឃុំ សង្កាត់ បានប្រព្រឹត្តទៅដោយសុវត្ថិភាពទាំងស្រុង គ្មានអំពើហិង្សាគ្មានឃាតកម្មនយោបាយ។ សម្ដេចបន្ថែមថា«នេះគឺម្យ៉ាងដោយសារសមត្ថកិច្ចរដ្ឋបាលស្រុកឃើញ ប៉ុន្តែទន្ទឹមនោះក៏មានការគាំទ្រពីប្រជាពលរដ្ឋ ពីគណបក្សនយោបាយនានាមិនបង្កនូវបញ្ហានាំឲ្យប៉ះពាល់ការបោះឆ្នោត»។

សម្ដេចបន្ថែមថាកត្តាសុខសន្តិភាពស្ថិរភាពសព្វថ្ងៃគឺជាក្ដីសង្ឃឹមដែលបង្ហាញពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋថានឹងកាន់តែល្អប្រសើរនាពេលអនាគត ពីព្រោះគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃ មានគោលបំណងធ្វើយ៉ាងណាឲ្យប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាព គ្មានសង្គ្រាម គ្មានកាប់សម្លាប់ គ្មានតំបន់អប្បគមន៍ ឬក៏មានកម្លាំងឧទ្ទាមក្រៅច្បាប់ គឺមានតែគណបក្សនយោបាយដែលប្រកួតប្រជែងគ្នាដើម្បីឡើងកាន់អំណាចតាមបែបប្រជាធិបតេយ្យ។

សម្ដេចបន្ថែមថា«បោះឆ្នោតហើយ យើងគោរពឆន្ទៈរបស់ប្រជាពលរដ្ឋ គោរពការសម្រេចចិត្តរបស់ពលរដ្ឋសំឡេងភាគច្រើន ដែលបោះឲ្យបក្សណាមួយឈ្នះឆ្នោត។ ឥឡូវគណបក្សយើងឈ្នះឆ្នោត ឆន្ទៈប្រជាពលរដ្ឋគាំទ្រគណបក្សយើង អ៊ីចឹងអ្នកដែលមិនឈ្នះឆ្នោត ឬសំឡេងភាគតិចក្នុងក្រុមប្រឹក្សាត្រូវតែឱ្យតម្លៃ គោរពគោរពឆន្ទៈប្រជាពលរដ្ឋ។ ខ្ញុំសង្ឃឹមថានៅពេលបោះឆ្នោតខាងមុខនេះយើងនឹងធ្វើបានល្អដូចការបោះឆ្នោតឃុំ សង្កាត់ដែរ។ បើយើងធ្វើបានដូចការបោះឆ្នោតនេះ កិត្យានុភាពលើឆាកអន្តរជាតិរបស់កម្ពុជាយើងនឹងកាន់តែត្រូវបានលើកកម្ពស់»៕