សម្តេចតេជោ បញ្ជាគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យរោងចក្រសហគ្រាសឱ្យបានហ្មត់ចត់ ពីការផលិតជំនួញស្របច្បាប់ ទៅជាការផលិតគ្រឿងញៀន

177
UI Promtion 2021

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែពិនិត្យឱ្យបានហ្មត់ចត់ និងច្បាស់លាស់បំផុត នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ដើម្បីទប់ស្កាត់ និងបង្ការ ពីការផលិតជំនួញស្របច្បាប់ទៅជាការកែច្នៃផលិតគ្រឿងញៀនខុសច្បាប់ ខណៈករណីបែបនេះធ្លាប់មានមកហើយ តែត្រូវបានអាជ្ញាធរធ្វើការបង្ក្រាបបានទាន់ពេលវេលា។
តាមរយៈសារលិខិត ដែលបានផ្ញើដល់ជនរួមជាតិក្នុងឱកាស ប្រារព្ធ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន ដែលនឹងប្រព្រឹត្តិទៅ នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ ក្រោមវិធានបទ «ដោះស្រាយ បញ្ហា គ្រឿងញៀន ក្នុងវិបត្តិសុខភាព និងមនុស្ស» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានសង្កត់ ធ្ងន់ថា «អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គណៈកម្មាធិការយុទ្ធនាការ ប្រយុទ្ធ ប្រឆាំង គ្រឿងញៀន ខុសច្បាប់លើកទី៧ គណៈកម្មាធិការ ត្រួតពិនិត្យ គ្រឿងញៀន រាជធានី-ខេត្ត និង អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្ត ទុកដាក់ម្ចាស់ការ សម្របសម្រួលដឹកនាំអនុវត្តឲ្យកាន់ តែមាន ប្រសិទ្ធភាពនូវតួនាទី និងភារកិច្ចរបស់ខ្លួនក្នុង ការបង្ការ ទប់ស្កាត់បង្រ្កាប និងដោះស្រាយ នូវរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន និងគ្រប់គ្រង ត្រួតពិនិត្យសារធាតុគីមីផ្សំ នៅ តាមក្រុមហ៊ុន រោងចក្រ សហគ្រាសឲ្យបានហ្មត់ចត់ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បី ទប់ស្កាត់ បាន រាល់ការលួចបង្វែរពីជំនួញស្របច្បាប់យកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់នៅប្រទេសកម្ពុជា»។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់គ្រប់ ក្រសួងស្ថាប័ន អង្គភាព មន្រ្តីអនុវត្តច្បាប់ គ្រឿង ញៀន ពាក់ព័ន្ធទាំងអស់ ត្រូវបន្តលើកកម្ពស់ការប្រើប្រាស់យន្តការនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ទាំង ក្របខ័ណ្ឌទ្វេភាគី ពហុភាគី ទាំងក្នុងតំបន់ និងសកលលោក ផ្លាស់ប្តូរព័ត៌មានត្រួតពិនិត្យ តាមដាន ស៊ើបអង្កេត ស្រាវជ្រាវ មុខសញ្ញា ចរាចរណ ជួញដូរ ប្រើប្រាស់គ្រឿងញៀន និងសារធាតុ គីមី ផ្សំខុសច្បាប់ ឆ្លងកាត់តាមព្រំដែន និងសហការរួមគ្នាបង្រ្កាប ឲ្យបានទាន់ពេលវេលា និង ចំគោលដៅ ដើម្បីធ្វើយ៉ាងណាកាត់បន្ថយនូវបញ្ហាគ្រឿងញៀននេះ។
តាមរយៈសារលិខិតនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំ និងសំណូមពរបន្ថែមនូវ គោលការណ៍ មួយចំនួនទៀតផងដែរ ដោយក្នុងនោះសម្តេចសូមអំពាវនាវដល់បងប្អូនកូនក្មួយ ព្រមទាំងចៅៗ ជាជនរួមជាតិទាំងអស់ ពិសេសមាតាបិតា និងអាណាព្យាបាលសូមបន្តចូលរួម និងគាំទ្រឲ្យ បានកាន់តែសកម្មថែមទៀត ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងដោះស្រាយនូវរាល់បញ្ហា ដែលអាចកើតមាននៅក្នុងសហគមន៍។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានឲ្យមាតាបិតានិងអាណាព្យាបាល បន្តយកចិត្តទុកដាក់ថែ ទាំ និងអប់រំកូនចៅឲ្យបានល្អ ដើម្បីឲ្យ ពួកគេ លូតលាស់ ធំធាត់ ប្រកប ដោយសុខភាព និងសុវត្ថិភាពចៀស ផុត ពីបញ្ហាគ្រឿងញៀន បញ្ហាអវិជ្ជាក្នុងសង្គមផ្សេងៗ ដើម្បីអនាគតកូនចៅយើងទាំងអស់គ្នា ។
សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាឲ្យគ្រប់ក្រសួងស្ថាប័ន វិស័យឯកជន និងសាសនា ត្រូវបន្តលើកកម្ពស់ការេអនុវត្តសកម្មភាពផ្សព្វផ្សាយអប់រំពីផលប៉ះពាល់នៃគ្រឿងញៀនឲ្យបាន ផុសផុល និងគ្រប់គោលដៅប្រឈម។ ជាពិសេសបណ្តាញផ្សព្វផ្សាយព័ត៌មាន សិល្បករ សិល្បការិនី បណ្តាញទំនាក់ទំនងសង្គម និងហ្វេសបុកផេករបស់ថ្នាក់ដឹកនាំ ដោយ ត្រូវបន្តអនុវត្ត ផ្សារ ភ្ជាប់ ជាមួយខ្លឹមសារ ទិសស្លោក បីកុំ មួយរាយការណ៍គឺ៖ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង និង ត្រូវរាយការណ៍ជូនអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ករណីគ្រឿងញៀនទាំងអស់។
យ៉ាងណាក៏ដោយសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាឲ្យអាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំង គ្រឿងញៀន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត ជាពិសេសក្រសួង សុខាភិបាល និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបន្តពង្រឹងគុណភាព ប្រសិទ្ធភាព និងភាពជឿជាក់នៃការផ្តល់សេវាព្យាបាល ស្តារនីតិ សម្បទាទាំងនៅក្នុងមជ្ឈមណ្ឌល ជាតិមជ្ឈមណ្ឌលបណ្តោះអាសន្ន របស់រដ្ឋ និងឯកជន និងមន្ទីរពេទ្យបង្អែក មណ្ឌលសុខភាពនានា ព្រមទាំងសម្របសម្រួលគាំទ្រ លើកទឹកចិត្ត និងជំរុញឲ្យអ្នកប្រើគ្រឿងញៀន ឲ្យទៅទទួល យក សេវា ព្យាបាលស្តារនីតសម្បទា ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ៕