សម្ដេចតេជោ ហ៊ុន សែន៖ ដើម្បីបន្ដឈ្នះលើជំងឺកូវីដ-១៩ សូមបងប្អូនជនរួមជាតិបន្តការពារខ្លួន ជាពិសេសទៅចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ ឲ្យបានគ្រប់ៗគ្នា

63
UI Promtion 2021

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ បានលើកឡើងថា ដើម្បីបន្ដឈ្នះលើជំងឺកូវីដ-១៩ សូមបងប្អូនជនរួមជាតិ យកចិត្តទុកដាក់បន្តការពារខ្លួន ជាពិសេសទៅចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ ឲ្យបានគ្រប់ៗគ្នា។

ការលើកឡើងបែបនេះ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សនយោបាយដ៏ចំណាស់នៅកម្ពុជា និងជាគណបក្សនយោបាយបង្អែកដ៏រឹងមាំរបស់ជាតិកម្ពុជា រៀបចំប្រារព្ធអង្គមិទ្ទិញអបអរសាទរខួប៧១ឆ្នាំ ថ្ងៃកំណើតគណបក្ស នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ដើម្បីបន្តយកឈ្នះលើការរាតត្បាត នៃជំងឺកូវីដ-១៩ សូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់បន្តការពារខ្លួនតាមវិធានការសុវត្ថិភាព ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសសូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ ឲ្យបានគ្រប់ៗគ្នា»។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រយៈពេលជាងពីរឆ្នាំមកនេះ វិបត្តិនៃការផ្ទុះឡើងជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់ពិភពលោកទាំងមូល ដោយពុំមានប្រទេសណាមួយ អាចគេចផុតបានឡើយ ក្នុងនោះកម្ពុជាយើង ក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។

បន្ថែមពីនោះទៀត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ មានការចូលរួមដ៏សកម្មពីប្រជាជន និងពីគ្រប់កម្លាំងក្នុងសង្គម ព្រមទាំងការជួយឧបត្ថម្ភគាំទ្រ ពីសហគមន៍អន្តរជាតិ យើងអាចគ្រប់គ្រង និងដោះស្រាយវិបត្តិនេះបានយ៉ាងល្អប្រសើរ ការពារអាយុជីវិតប្រជាជន មិនឲ្យធ្លាក់ក្នុងជ្រោះមរណៈ រក្សាបានលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅ។

ក្នុងឱកាសនេះ ក្នុងនាមប្រជាជនកម្ពុជា សម្ដេចតេជោ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានរួមវិភាគទានយ៉ាងថ្លៃថ្លា ជួយឧបត្ថម្ភគាំទ្រ ចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា និងកំពុងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយផ្លែផ្កាជាមួយកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។

បើតាមរបាយការណ៍ផ្លូវការ ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,០៧៩,១០៦នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣២៩,៧៣០នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤០,៤១៩នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៧៥,៦៦៥នាក់
៤៖ អាយុ៥ឆ្នាំ ៤០៩,៤០៧នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤២៣,៨៨៥នាក់

ដោយឡែក សម្រាប់អ្នកបានចាក់ដូសទី៣ ចំនួន ៩,៤៣៩,៥៥០នាក់, ដូសទី៤ ចំនួន ២,៨៦៣,៦៧១នាក់ និងដូសទី៥ ចំនួន ២៦៤,៤១៣នាក់៕