រដ្ឋមន្ត្រីវប្បធម៌៖ ១៤៤ខ្សែភាពយន្ត មកពី ២៦ប្រទេស នឹងចាក់បញ្ចាំងដោយឥតគិតថ្លៃ ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ រហូតដល់ថ្ងៃទី៣ ខែកក្កដា

63
UI Promtion 2021

(ភ្នំពេញ)៖ យ៉ាងហោចណាស់មាន ១៤៤ខ្សែភាពយន្ត មកពី ២៦ប្រទេស នឹងត្រូវចាក់បញ្ចាំងឲ្យមហាជនទស្សនាដោយឥតគិតថ្លៃ ក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១១ ចាប់ពីថ្ងៃទី២៩ ខែមិថុនា រហូតដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២។

នេះបើតាមការថ្លែងរបស់ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីបើកមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ ដែលត្រូវបានធ្វើឡើងនៅសាលសន្និសីទចតុម្មុខ នាយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២២។

«យោងតាមរបាយការណ៍របស់ក្រុមការងាររៀបចំ បានឲ្យដឹងថា នាឆ្នាំនេះ មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ បាននាំមកនូវស្នាដៃភាពយន្តជាតិ និងអន្តរជាតិ ចំនួន ១៤៤ចំណងជើង មកពី២៦ប្រទេស រួមមានភាពឯកសារ ភាពយន្តគំនូរជីវចល ភាពយន្តខ្នាតខ្លី និងស្នាដៃភាពយន្តខ្នាតធំ។ ក្នុងនោះស្នាដៃភាពយន្តរបស់កម្ពុជាចំនួន ៦២ចំណងជើង ដែលផលិតដោយយុវផលិតករវ័យក្មេងកម្ពុជា ព្រមទាំងយុវជនដែលទទួលបានការបណ្តុះបណ្តាលជំនាញផលិតភាពយន្ត នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ក៏នឹងត្រូវចាក់បញ្ចាំងជូនប្រជាពលរដ្ឋចូលទស្សនាដោយសេរី នៅតាមទីតាំងជាច្រើនក្នុងរាជធានីភ្នំពេញ»។ នេះបើតាមលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌។

លោកស្រីបន្តថា ជាពិសេស ស្នាដៃភាពយន្តរឿង «គ្រប់យ៉ាងនឹងប្រសើរ (Everything will be OK)» របស់លោក ប៉ាន់ រិទ្ធី ដែលបានទទួលពានរង្វាន់ខ្លាឃ្មុំប្រាក់នៅក្នុងមហោស្រពភាពយន្តទីក្រុងBerlin ២០២២, រឿង «ប៊ូឌីញ ស White building)» របស់លោក នាង កាវិច ដែលបានទទួលពានរង្វាន់នៅមហោស្រពភាពយន្តទីក្រុងVenice, និងស្នាដៃភាពយន្តរបស់ផលិតករកម្ពុជាផ្សេងទៀត។ ជាមួយនេះ ភាពយន្តដ៏កម្រមកពីប្រទេសអូស្ត្រាលីចំនួន ២០ ចំណងជើង ដែលផលិតពីឆ្នាំ ១៩៥៣ ដល់ឆ្នាំ ២០២២ នឹងត្រូវបានចាក់បញ្ចាំងនៅក្នុងព្រិត្តិការណ៍មហោស្រពនេះ ក្នុងគោលបំណងចូលរួមអបសារទខួបអនុស្សាវរីយ៍លើក៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា-អូស្ត្រាលី ផងដែរ។

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា គឺជាអ្នកឧបត្ថម្ភដ៏ធំ ក្នុងការគាំទ្រមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១១។ ពិធីនេះដែរ ត្រូវបានបង្កើតឡើង ដើម្បីផ្សារភ្ជាប់វប្បធម៌របស់កម្ពុជា-អូស្ត្រាលី ស្វែងរកមូលដ្ឋានរួម និងបង្កើតអារម្មណ៍រួមគ្នានៃសហគមន៍។

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បញ្ជាក់ថា «ការផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ គឺជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រវាងប្រទេសអូស្ត្រាលី និងកម្ពុជា។ មហោស្រពភាពយន្តឆ្នាំនេះ គឺជាឱកាសសម្រាប់ប្រជាជនអូស្ត្រាលី និងប្រជាជនកម្ពុជាទាំងអស់ ដើម្បីឆ្លុះបញ្ចាំងពីដំណើរនៃទំនាក់ទំនងទ្វេរភាគីក្នុងរយៈពេល ៧០ឆ្នាំ កន្លងមក ក៏ដូចជាអ្វីដែលយើងអាចធ្វើបានក្នុងរយៈពេល ៧០ឆ្នាំខាងមុខ និងរាប់ឆ្នាំខាងមុខទៀត»។

បើតាមលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌ ក៏បានចាត់ទុកថា ការរៀបចំមហោស្រពភាពយន្តអន្តរជាតិកម្ពុជា លើកទី១១ គឺជាការជួយជុំរុញ និងលើកកម្ពស់ឧស្សាហកម្មភាពយន្តភាពយន្តកម្ពុជា ឲ្យមានការវិវត្តរីកចំរើន រួមចំណែកដល់ការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយរបស់កម្ពុជា និងជាពិសេសបានបង្ហាញពីសម្បត្តិបេតិកភណ្ឌវប្បធម៌រូបី អរូបី និងសម្បត្តិធម្មជាតិកម្ពុជា ទៅកាន់ពិភពលោក ព្រមទាំងជាការផ្ដល់ឱកាសដល់អ្នកអាជីពក្នុងវិស័យភាពយន្ត ក្នុងការចែករំលែកបទពិសោធន៍ផ្លាស់ប្តូរយោបល់គ្នា រកចំណុចខ្លាំង បង្កើនគុណភាពភាពយន្តកម្ពុជា ដើម្បីអាចប្រកួតប្រជែងជាមួយនឹងការរីកចំរើនឥតឈប់ឈរនៃទីផ្សារភាពយន្តក្នុងតំបន់។ ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងក្លាយជាទីតាំងសម្រាប់ថតខ្សែភាពយន្ត កាន់តែមានភាពទាក់ទាញ ស្របតាមចក្ខុវិស័យនៃគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌ ក្នុងការជំរុញកម្ពុជា ឱ្យក្លាយជាដែនដីនៃការថតភាពយន្តជាតិ និងបរទេស៕