សម្តេចក្រឡាហោម ស ខេង ណែនាំដល់ភាគីពាក់ព័ន្ធត្រូវប្ដេជ្ញាចិត្ត ដកកម្ពុជាចេញពីបញ្ជីពណ៌ប្រផេះ

166
UI Promtion 2021

ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវប្ដេជ្ញាចិត្តដកកម្ពុជាចេញពីបញ្ជីពណ៌ប្រផេះ បើសិនមិនដកចេញទេ បានន័យថា ធនាគារជាតិនៃកម្ពុជា នឹងមានឧបសគ្គក្នុងប្រតិបត្តិការធនាគារ ។

ការណែនាំនះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលការងារ និងទិសដៅការងារពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ។

សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំសមត្ថកិច្ចត្រូវស្រាវជ្រាវដល់ឬគល់ នៃប្រភពថវិកា ដីធ្លី ទ្រព្យសម្បត្តិ ជាដើម ក្រោយបង្ក្រាបជនល្មើសរកស៊ីគ្រឿងញៀន ដើម្បីធ្វើយ៉ាងណាកុំឲ្យទ្រព្យសម្បត្តិទាំងអស់នេះ ទៅបម្រើអំពើភេរវកម្ម ឬអំពើនានា ដូច្នេះសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្ដប្រយុទ្ធប្រឆាំងអំពើទាំងនេះផងដែរ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បញ្ជាក់ថា “បើសិនបញ្ជីប្រផេះនេះ មិនត្រូវបានដកចេញពីកម្ពុជាទេ បានន័យថា ធនាគាររបស់របស់យើង វានឹងមានឧបសគ្គ ក្នុងប្រតិបត្តិការធនាគារ ។ ទាំងនេះហើយជាបញ្ហាដែលយើងរួមគ្នា ដើម្បីនឹងប្ដេជ្ញាដកកម្ពុជាចេញបញ្ជីប្រផេះនេះ ហើយទាំងអស់គ្នាមានភារៈកិច្ច ដើម្បីចូលរួមទាំងអស់គ្នា មិនពឹងទៅលើតែគណៈកម្មាធិការ ឬសមត្ថកិច្ចដែលមានពាក់ព័ន្ធទាំងអស់នោះទេ។ និយាយជារួម ក្រសួង-ស្ថាប័ន ពាក់ព័ន្ធទាំងអស់ សុទ្ធតែមានការពាក់ព័ន្ធ។”

សម្ដេចក្រឡាហោម ស ខេង សង្កត់ធ្ងន់ថា គោលដៅធំបំផុត គឺប្ដេជ្ញាដកកម្ពុជាចេញពីបញ្ជីពណ៌ប្រផេះ កាលណាក្រសួង-ស្ថាប័នមួយចំនួនមិនយកចិត្តទុកដាក់ គឺមិនអាចទទួលបានជោគជ័យឡើយ ក្នុងប្រយុទ្ធប្រឆាំងសម្អាតប្រាក់ ព្រោះថា «ត្រូវធ្វើការងារជាក្រុម» ។
សូមជម្របថា ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង បានធ្វើឡើងបន្ទាប់ពីក្រុមការងារហិរញ្ញវត្ថុ (FATF) មានមូលដ្ឋាននៅទីក្រុងប៉ារីស បានសម្រេចបន្តដាក់កម្ពុជាឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ ដែលពិភពលោកត្រូវបង្កើនការតាមដានក្នុងឆ្នាំ២០២២ ៕