ដំណើរការបោះឆ្នោតព្រឹទ្ធសភានៅឯប្រទេសជប៉ុន បានចាប់ផ្តើមប្រព្រឹត្តទៅនាថ្ងៃអាទិត្យនេះ នៅក្រោមស្រមោលនៃករណីឃាតកម្មលើ អតីតនាយករដ្ឋមន្រ្តី លោក អាបេ ស៉ីនហ្សូ (Abe Shinzo)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២។
ការបោះឆ្នោតខាងលើសម្រាប់ប្រកួតប្រជែងយកអាសនៈ នៅសភាជាន់ខ្ពស់ជប៉ុន គឺជាទូទៅត្រូវបានចាត់ទុកថា ជាការស្ទាបស្ទង់មួយទៅលើ រដ្ឋាភិបាលជប៉ុនដែលកំពុងកាន់អំណាច ហើយការព្យាករចុងក្រោយបំផុត បានបង្ហាញថា គណបក្សកាន់អំណាច LDP នឹងទំនងជានឹងទទួលបានអាសនៈច្រើនជាងមុន។ ការបោះឆ្នោតបានចាប់ផ្តើមនៅវេលាម៉ោង៧ព្រឹក (ម៉ោងក្នុងទីក្រុងតូក្យូ) ហើយនឹងបិទបញ្ចប់ទៅវិញ នៅម៉ោង៨យប់ ខណៈលទ្ធផលនឹងត្រូវប្រកាសឱ្យដឹង នៅយប់ថ្ងៃអាទិត្យនេះតែម្តង។
កាលពីថ្ងៃសុក្រសប្តាហ៍នេះ លោក អាបេ ស៉ីនហ្សូ ដែលនៅបន្តជាបុគ្គលដ៏មានឥទ្ធិពលមួយរូប ក្នុងគណបក្ស LDP ក្រោយលាលែងពីតំណែងនាយករដ្ឋមន្រ្តី កាលពីឆ្នាំ២០២០ ត្រូវបានជនសង្ស័យជាឃាតកបាញ់សម្លាញ់ ពេលដែលលោកកំពុងឈរថ្លែងសុន្ទរកថា ដើម្បីគាំទ្រយុទ្ធនាការឃោសនារបស់បេក្ខជនបក្សម្នាក់ នៅឯទីក្រុង ណារ៉ា (Nara) ភាគខាងលិចនៃប្រទេសជប៉ុន។ បើតាមការអះអាងរបស់ប៉ូលិសជប៉ុន ខ្មាន់កាំភ្លើងបានធ្វើឃាតរូបលោក ដោយសារតែគេចងកំហឹងថា លោក អាបេ ធ្លាប់បាននិយាយលើកស្ទួយ អំពីក្រុមសាសនាមួយ ដែលធ្វើឱ្យម្តាយរបស់ជននោះក្ស័យធន។
គួរបញ្ជាក់ថា ក្រុមអ្នកនយោបាយជប៉ុន បានចេញមុខថ្កោលទោសធ្ងន់ៗចំពោះ ករណីឃាតកម្មលើលោក អាបេ ហើយបានប្តេជ្ញាមិនចុះញ៉មចំពោះទង្វើភេរវកម្មដាច់ខាត និងទទូចឱ្យការបោះឆ្នោតដោយសេរីនិងស្មើភាព ត្រូវតែរៀបចំឡើងដោយមិនអាចអាក់ខាន៕