(កូឡុំបូ)៖ ប្រធានាធិបតីស្រីលង្កា លោក ហ្គូតាបាយ៉ា រ៉ាចាប៉ាកសា (Gotabaya Rajapaksa) បានភៀសខ្លួនចេញពីប្រទេសហើយ នៅព្រឹកថ្ងៃពុធនេះ តែប៉ុន្មានម៉ោង ប៉ុណ្ណោះ មុននឹងលោកត្រូវលាលែងចេញពីតំណែងតាមការទាមទាររបស់ក្រុមបាតុករ ដែលខឹងសម្បារចំពោះការដឹកនាំ និងបរាជ័យក្នុងការដោះស្រាយវិបត្តិសេដ្ឋកិច្ច របស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២។
ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីអន្តោប្រវេសន៍ស្រីលង្កាម្នាក់ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថាលោក រ៉ាចាប៉ាកសា និងភរិយា ព្រមទាំងអង្គរក្សពីរនាក់ បានភៀសខ្លួនចេញពីប្រទេសដោយជិះលើយន្ដហោះមួយគ្រឿងរបស់កងទ័ពអាកាសនៃប្រទេសស្រីលង្កា។ ចំណែកឯ មន្ត្រីរដ្ឋាភិបាលម្នាក់ទៀតក៏បានបញ្ជាក់ដែរថាប្រធានាធិបតីរូបនេះបានចាកចេញពីប្រទេសឆ្ពោះទៅកាន់រដ្ឋធានីម៉ាលេ (Male) នៃប្រទេសម៉ាល់ឌីវ ខណៈក្រុមមន្ត្រី អន្តោប្រវេសន៍បានអះអាងថា ពួកគេមិនមានអំណាចឃាត់ប្រធានាធិបតីដែលកំពុងអំណាច មិនឱ្យចាកចេញពីប្រទេសបាននោះទេ។
គួរបញ្ជាក់ថា លោក រ៉ាចាប៉ាកសា ត្រូវបានគេរំពឹងថានឹងលាលែងចេញពីតំណែងនៅថ្ងៃពុធនេះ ដើម្បីបើកផ្លូវបង្កើតរដ្ឋាភិបាលថ្មីមួយ ក្រោយក្រុមបាតុករបានសម្រុកចូល កាន់កាប់គេហដ្ឋានរបស់លោក និងរបស់លោកនាយករដ្ឋមន្ត្រីកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ទាមទារឱ្យអ្នកទាំង២ចុះចេញពីតំណែង។ លោក រ៉ាចាប៉ាកសា មិនបានបង្ហាញ ខ្លួនជាសាធារណ ចាប់តាំងពីថ្ងៃសុក្រសប្ដាហ៍មុនមកម្ល៉េះ ហើយសភាស្រីលង្កា គ្រោងនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅថ្ងៃទី២០ ខែកក្កដានេះ៕