កីឡាការិនី អ៊ុក ស្រីមុំ ឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាពិភពលោក ក្រោយយកឈ្នះម្ចាស់ផ្ទះអាម៉េរិកនៅវគ្គផ្តាច់ព្រ័ត្រ

កីឡាការិនីប៊ូល និងប៉េតង់ជម្រើសជាតិកម្ពុជា អ៊ុក ស្រីមុំ បានឈ្នះមេដាយមាសពិភពលោកហើយ បន្ទាប់ពីបានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាម៉េរិកនៅវគ្គផ្តាច់ព្រ័ត្រដោយពិន្ទុ៤១-២១ វេលាម៉ោង៦ព្រឹកថ្ងៃពុធ ទី១៣ ខែកក្កដា ក្នុងព្រឹត្តិការណ៍កីឡាពិភពលោក World Games។
សម្រាប់វិញ្ញាសាវាយយកពិន្ទុនេះ មានកីឡាការិនី៨ប្រទេសចូលរួម គឺកីឡាការិនីកម្ពុជា កាណាដា អាម៉េរិក ដាណឺមាក បារាំង ថៃ ប៊ែលហ្សិក និងអាល្លឺម៉ង់ ដោយប្រើរូបមន្ដប្រកួតវិលជុំ។ ជាលទ្ធផលការប្រកួតសន្សំពិន្ទុ កីឡាការិនី អ៊ុក ស្រីមុំ ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ ដែលត្រូវជួបកីឡាការិនីឈរលេខ២ នៃជុំដំបូង គឺកីឡាការិនីដាណឺម៉ាក Katrine JUNGE ដោយបានយកឈ្នះក្នុងលទ្ធផល ៣៧-២៣ពិន្ទុ ដើម្បីបន្ដដំណើរទៅវគ្គផ្ដាច់ព្រ័ត្រ ដោយត្រូវជួបកីឡាការិនីអាម៉េរិក បន្ទាប់ពីកីឡការិនីម្ចាស់ផ្ទះនេះ បានទម្លាក់កីឡាការិនីថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា។
កីឡាការិនីកម្ពុជា អ៊ុក ស្រីមុំ ធ្វើបានកាន់តែល្អនៅវគ្គផ្ដាច់ព្រ័ត្រ ដោយបានវាយកឈ្នះពិន្ទុដាច់លើកីឡាការិនីម្ចាស់ផ្ទះអាម៉េរិក Rebeka HOWE រហូតដល់ ៤១-២១ពិន្ទុ ដើម្បីក្លាយជាម្ចាស់មេដាយមាសលើវិញ្ញាសាវាយយកពិន្ទុផ្នែកនារី នៃព្រឹត្តិការណ៍ The World Games 2022 តែម្ដង។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបានជោគជ័យលើវិញ្ញាសាវាយយកពិន្ទុ អ៊ុក ស្រីមុំ នឹងត្រូវចាប់ដៃគូជាមួយកីឡាការិនី អ៊ុន ស្រីយ៉ា ដើម្បីធ្វើការប្រកួតលើវិញ្ញាសាវាយគូនារី ២នាក់ ទល់ ២នាក់ទៀត នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ស្អែកនេះ។ នេះជាលើកដំបូងហើយ ដែលកម្ពុជា បានបញ្ជូនកីឡាការិនីប៉េតង់ចូលរួមការប្រកួតកីឡាពិភពលោក នៅសហរដ្ឋអាម៉េរិក៕