ក្រសួងទេសចរណ៍ ផ្ដល់ការបណ្ដុះបណ្ដាលដល់អ្នកពាក់ព័ន្ធវិស័យទេសចរណ៍ជិត ៦០ម៉ឺននាក់ ក្នុងដំណាក់កាលវិបត្តិកូវីដ១៩

589
UI Promtion 2021

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ រួមជាមួយអង្គការដៃគូ SwissContact គណៈកម្មការគ្រប់គ្រងគម្រោងហូកា សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងសាកលវិទ្យាល័យនានា បានសហការគ្នាជារឿយៗក្នុងការផ្ដល់ការបណ្ដុះបណ្ដាលដល់អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍បានជិត៦០ម៉ឺននាក់ ដើម្បីពង្រឹងសមត្ថភាពរៀបចំនិងបម្រើសេវាកម្មក្នុងវិស័យទេសចរណ៍ ក្នុងដំណាក់កាលជួបវិបត្តិជំងឺកូវីដ១៩ រយៈពេលជាង២ឆ្នាំមកនេះ។

អ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ប្រមាណជិត៦០ម៉ឺននាក់នេះ មានដូចជាបុគ្គលិកឯកជន ម្ចាស់អាជីវកម្ម សហគ្រិនក្នុងវិស័យទេសចរណ៍ និងមន្ត្រីទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាដើម។

លទ្ធផលការងារនេះត្រូវបានលើកឡើងនៅក្នុងសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣)។ សន្និបាតនេះត្រូវបានរៀបចំចាប់ពីថ្ងៃទី១២-១៣ និងបិទបញ្ចប់នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

នាឱកាសនោះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញឱ្យដឹងថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ក៏បានដាក់ចេញវិធានការជាច្រើនក្នុងក្របខណ្ឌនៃការចូលរួមទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក្នុងនោះបានរៀបចំប្រព័ន្ធសិក្សាជំនាញទេសចរណ៍តាមអនឡាញ (E-Learning) រួមបញ្ចូលទាំងការសិក្សាតាមអនឡាញសម្រាប់ពង្រឹងជំនាញដែលមានស្រាប់ និងការផ្តល់នូវជំនាញបន្ថែមដល់បុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ និងការបណ្តុះបណ្តាលអក្ខរកម្មឌីជីថលសម្រាប់បុគ្គលិកឯកជន ម្ចាស់អាជីវកម្ម សហគ្រិនក្នុងវិស័យទេសចរណ៍ និងមន្ត្រីទេសចរណ៍ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

បើតាមរបាយការណ៍លម្អិតអំពីលទ្ធផលការងារបណ្ដុះបណ្ដាលរបស់លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រសួងទេសចរណ៍បានអនុវត្តនិងសម្រេចកម្មវិធីការងារបណ្តុះបណ្តាលដោយផ្ទាល់ និងតាមរយៈប្រព័ន្ធអនទ្បាញ ក្នុងនោះបានរៀបចំវគ្គបណ្តុះបណ្តាលតាមអនទ្បាញបានចំនួន១០៦ថ្នាក់ លើមុខវិជ្ជាចំនួន៤៣មុខ ដែលមានសិក្ខាកាមចុះឈ្មោះសរុប១,២៤១នាក់ និងសិក្ខាកាមតាមថ្នាក់សរុបចំនួន៥២,៧៤១នាក់ទៀត ដោយគ្រប់ដណ្តប់លើសេវាកម្មទេសចរណ៍ចំនួន៩មុខ។

លោកបានបន្តថា ក្រសួងបានរៀបចំវគ្គបំប៉នសមត្ថភាពមគ្គុទ្ទេសក៍ទេសចរណ៍ ស្រ្តីក្នុងសហគមន៍ទេសចរណ៍ គ្រូបង្គោលសហគ្រិនភាពក្នុងវិស័យទេសចរណ៍ មន្ទីរទេសចរណ៍ និងបុគ្គលិកក្នុងឧស្សាហកម្មទេសចរណ៍លើជំនាញផ្សេងៗ ដោយមានអ្នកចូលរួមដោយផ្ទាល់ (In Class Training) បានជាង២,០០០នាក់។

ក្រសួងទេសចរណ៍ និងមន្ទីរទេសចរណ៍តាមបណ្ដាខេត្ត ក្រោមកិច្ចសហការជាមួយជាមួយអង្គការ SwissContact និងគណៈកម្មការគ្រប់គ្រងគម្រោងហូកា ក៏បានបណ្តុះបណ្តាលគ្រូបង្គោលចំនួន១០៧នាក់ លើជំនាញការិយាល័យជួរមុខ គេហកិច្ច និងសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ អ្នកជំនាញកម្រិតទាប និងបុគ្គលិកកំពុងបម្រើការងារចំនួន១០០នាក់។

ជាមួយគ្នានោះ ក្រសួងទេសចរណ៍ក៏បានសហការរៀបចំការវាយតម្លៃលើការសិក្សាពីមុន (Recognition of Prior Learning–RPL) ដល់អ្នកជំនាញទេសចរណ៍សេវាកម្មសណ្ឋាគារបានចំនួនប្រមាណ២,២០០នាក់។

លោករដ្ឋលេខាធិការប្រចាំការបានបន្តទៀតថា ក្រសួងក៏បានបញ្ជូនអ្នកជំនាញកម្ពុជាចំនួន៣០រូប (គ្រូបង្គោល១៥នាក់ និងអ្នកវាយតម្លៃបង្គោល១៥នាក់) ចូលរួមវគ្គបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលអាស៊ានលើផ្នែកការិយាល័យជួរមុខផ្នែកគេហកិច្ច ផ្នែកសេវាកម្មម្ហូបអាហារនិងភេសជ្ជៈ ផ្នែកផលិតកម្មម្ហូបអាហារ និងផ្នែកការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍។

ក្រសួងទេសចរណ៍បានបណ្តុះបណ្តាលគ្រូបង្គោលជាតិ និងអ្នកវាយតម្លៃបង្គោលជាតិនៃសេវាកម្មសណ្ឋាគារ និងសេវាកម្មធ្វើដំណើរចំនួន៧៣០នាក់, នេះបើតាមការបន្ថែមរបស់លោក ទិត ចន្ថា។

រដ្ឋលេខាធិការប្រចាំរូបនេះបានបញ្ជាក់ទៀតថា ក្រសួងទេសចរណ៍បានដាក់ឱ្យអនុវត្តកម្មវិធីសិក្សាអាស៊ានចំនួន៣២មុខជំនាញនៅតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ និងសាកលវិទ្យាល័យចំនួន២០ និងបានសម្រេចដាក់បញ្ចូលសៀវភៅទេសចរណ៍ ថ្នាក់ទី១១ ទៅក្នុងកម្មសិក្សារបស់ក្រសួងអប់រំ នាពេលថ្មីៗទៀតផងដែរ។

ក្រៅពីនេះ រាជរដ្ឋាភិបាលក៏មានគម្រោងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ (VST) ចំនួន២ទីតាំង គឺនៅរាជធានីភ្នំពេញ និងនៅខេត្តព្រះសីហនុផងដែរ ដែលកំពុងសាងសង់អគារនៅឡើយ៕