អាម៉េរិក បាញ់សាកល្បងជោគជ័យមីស៊ីលល្បឿនលឿន ដែលហោះដល់៦២០០kmក្នុងមួយម៉ោង

383
UI Promtion 2021

សហរដ្ឋអាម៉េរិក បានបាញ់សាកល្បងជោគជ័យមីស៊ីលល្បឿនលឿន (hypersonic) ២គ្រាប់ ដែលផលិតដោយក្រុមហ៊ុនយក្សអាម៉េរិក ឡូកហ៊ីត ម៉ាធីន កូប (Lockheed Martin Corp) កាលពីថ្មីៗនេះ ។ នេះបើតាមការបញ្ជាក់របស់មន្ទីរបញ្ចកោណ នៅថ្ងៃទី ១៣ ខែកក្កដា ខណៈផ្ទុះកខ្វល់កាន់តែខ្លាំងជុំវិញដំណឹងថា រុស្ស៊ី និងចិន ដែលជាគូប្រជែងដ៏ស្រួចស្រាល់របស់មហាអំណាចលេខមួយរបស់ពិភពលោកនេះ ទទួលបានជោគជ័យច្រើនក្នុងការអភិវឌ្ឍអាវុធល្បឿនលឿនរបស់ពួកគេ។

កងកម្លាំងជើងអាកាសសហរដ្ឋអាម៉េរិក បានគូសបញ្ជាក់ថា ខ្លួនបានបាញ់សាកល្បងជោគជ័យមីស៊ីលល្បឿនលឿន ដែលស្គាល់ថា «ARRW» ។ ការបាញ់សាកល្បងនេះ បានធ្វើឡើងនៅឆ្នេរសមុទ្រមួយក្នុងរដ្ឋ កាលីហ្វ័រញារ ដោយមីស៊ីលនេះ​ ត្រូវបានបំពាក់នៅក្រោមស្លាបយន្តហោះយោធា B-52H មួយគ្រឿង ។

ក្រុមហ៊ុនលក់អាវុធដ៏ល្បីល្បាញរបស់សហរដ្ឋអាម៉េរិក ឡូកហ៊ីត ម៉ាធីន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា ការបាញ់សាកល្បងជោគជ័យនេះ បង្ហាញពីសមត្ថភាពរបស់មីស៊ីលល្បឿនលឿនជាងសំឡេង ARRW អាចបាញ់ទៅដល់គោលដៅ និងធន់នឹងល្បឿនដូចរន្ទះរបស់វាអំឡុងពេលប្រតិបត្តិការ ។ ក្រុមហ៊ុន ក៏បានប្រមូលទិន្នន័យសំខាន់សម្រាប់ប្រើប្រាស់ ក្នុងការបាញ់សាកល្បងលើកក្រោយទៀត ហើយក៏កត់សម្គាល់ពីការផ្ដាច់ខ្លួនដោយសុវត្ថិភាពរបស់មីស៊ីលកំណាចនេះពីយន្តហោះចម្បាំង ។