អាម៉េរិក និងអ៊ីស្រាអែល នឹងចុះហត្ថលេខាលើកិច្ចសន្យារួមមួយ ក្នុងគោលបំណងរារាំងអ៊ឺរ៉ង់ពីការផលិតអាវុធនុយក្លេអ៊ែរ

ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក យ៉ែរ ឡាផីដ (Yair Lapid) នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមមួយ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកក្កដា ដោយសន្យាថានឹងរារាំងប្រទេសអ៊ីរ៉ង់ ពីការផលិតអាវុធនុយក្លេអ៊ែរ ក្នុងថ្ងៃទីពីរនៃដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ារបស់លោក បៃឌិន។
មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់លោក បៃឌិន បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងពង្រីកទំនាក់ទំនងសន្តិសុខយូរអង្វែងរវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល។ មន្ត្រីរូបនេះបានថ្លែងយ៉ាងដូច្នេះថា៖ «សេចក្តីប្រកាសនេះ មានសារសំខាន់ណាស់ ហើយវារួមបញ្ចូលទាំងការប្តេជ្ញាចិត្ត ដែលមិនអនុញ្ញាតឱ្យអ៊ីរ៉ង់ផលិតអាវុធនុយក្លេអ៊ែរ និងដើម្បីដោះស្រាយសកម្មភាពអស្ថិរភាពរបស់អ៊ីរ៉ង់ ជាពិសេសការគំរាមកំហែងដល់អ៊ីស្រាអែល»។
លោក បៃឌិន បានលើកឡើងថា គម្រោងការរបស់ប្រទេសអ៊ឺរ៉ុងក្នុងការផលិតអាវុធនុយក្លេអ៊ែរ បានកើនឡើងខ្លាំងជាងពេលកន្លងទៅ។ លោកបន្ថែមថា ប្រសិនបើអ៊ឺរ៉ុងនៅតែបន្តរឹងទទឹងខ្លាំង សហរដ្ឋអាម៉េរិក នឹងដោះស្រាយដោយប្រើកម្លាំងយោធាប្រាកដណាស់។
យ៉ាងណាមិញ អ៊ីរ៉ង់បដិសេធពីកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ថាមានគោលដៅផលិតអាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា លោក បៃឌិន ដែលកំពុងធ្វើដំណើរទស្សនកិច្ចនៅមជ្ឈិមបូព៌ាលើកដំបូង ចាប់តាំងពីចូលកាន់តំណែងនៅដើមឆ្នាំ ២០២១ បានចុះចតនៅក្នុងទីក្រុង Tel Aviv នៅថ្ងៃពុធ និងបានពិភាក្សាជាមួយមេដឹកនាំអ៊ីស្រាអែលនៅទីក្រុងយេរ៉ូសាលឹម (Jerusalem) នៅថ្ងៃព្រហស្បតិ៍។ លោកនឹងបង្ហាញខ្លួនក្នុងសន្និសីទសារព័ត៌មានរួមជាមួយលោក Lapid៕