ក្រសួងសុខាភិបាល ចេញសេចក្តីណែនាំក្រើនរំលឹក ពីវិធានការការពារជាមុន នូវការចម្លងជំងឺអុតស្វា

536
UI Promtion 2021

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកក្កដានេះ បានចេញសេចក្តីណែនាំក្រើនរំលឹក ពីវិធានការការពារជាមុននូវការចម្លងជំងឺអុតស្វា។

ក្រសួងសុខាភិបាលបានឲ្យដឹងថា ក្រោយពីមានការផ្ទុះចេញនូវជំងឺអុតស្វា រហូតមកដល់បច្ចុប្បន្ននេះ មានការរកឃើញអ្នកជំងឺអុតស្វាសរុបចំនួន ១៥,៧៣៤ករណី និងស្លាប់សរុបចំនួន០៥នាក់ ដែលបានរាយការណ៍ជូនទៅអង្គការសុខភាពពិភពលោក (WHO) ពីបណ្តាប្រទេសចំនួន៧៥ប្រទេស ក្នុងតំបន់ចំនួន ០៥ នៅលើសកលលោក (៧៤%នៅតំបន់អឺរ៉ុប, ២៤% នៅតំបន់អាមេរិក, ២% នៅតំបន់អាហ្វ្រិក, <១% នៅតំបន់មេឌីទែរ៉ាណេខាងកើត, និង<១% នៅអាស៊ីប៉ាស៊ីហ្វិកខាងលិច) គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ មកត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

ខណៈពេលដែលការស៊ើបអង្កេត អេពីដេមីសាស្ត្រ អំពីការរាតត្បាតកំពុងបន្ត ករណីជំងឺអុតស្វា ដែលបានរាយការណ៍ភាគច្រើន គឺតាមរយៈការមកប្រើប្រាស់សេវាសុខភាពផ្លូវភេទ ឬសេវាសុខភាពផ្សេងទៀត នៅតាមគ្រឹះស្ថានថែទាំសុខភាពបឋម ឬមន្ទីរពេទ្យ ជាមួយនឹងប្រវត្តិនៃការធ្វើដំណើរជាចម្បង ទៅកាន់ប្រទេសនៅអឺរ៉ុប និងអាមេរិកខាងជើង ឬប្រទេសផ្សេងទៀត ដែលមានលេចឡើង នៅការឆ្លងរាតត្បាតនៃជំងឺនេះ។

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ ស្របពេលដែលកម្ពុជា បានរកឃើញករណីជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលអាជ្ញាធរថៃ បានធ្វើរោគវិនិច្ឆ័យថា មានជំងឺអុតស្វា ហើយបានរត់គេចខ្លួនចូលមកកម្ពុជានោះ អង្គការសុខភាពពិភពលោក (WHO) ក៏បានប្រកាសដាក់ភាពអាសន្ន សុខភាពសាធារណៈនៃជំងឺរាតត្បាតអុតស្វា នៅលើសាកលលោកនេះដែរ ដែលកំពុងតែជំរុញបណ្តាប្រទេសទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការអនុវត្តវិធានការសុខាភិបាល ឱ្យបានហ្មត់ចត់ រួមទាំងការត្រៀមលក្ខណៈក្នុងការឆ្លើយតបបន្ទាន់ ទៅនឹងការរាតត្បាតនៃជំងឺនេះ។ ដូច្នេះ ក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវដល់បុគ្គល ដែលបានប៉ះពាល់ផ្ទាល់ជាមួយជនជាតិនីហ្សេរីយ៉ា ដែលកើតជំងឺអុតស្វា ដែលបានរកឃើញកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញនេះ សូមដាក់ខ្លួននៅដោយឡែកពីក្រុមគ្រួសារ ហើយស្វែងរកការគាំទ្រពិនិត្យសុខភាព ពីក្រុមគ្រូពេទ្យ ឬហៅទៅលេខ ១១៥ ដើម្បីទទួលបានការជួយអន្តរាគមន៍ ផ្នែកសុខភាពបានទាន់ ពេលវេលា ចៀសវាងការចម្លងបន្តនូវជំងឺអុតស្វានេះ នៅក្នុងគ្រួសាររបស់ខ្លួន និងនៅក្នុងសហគមន៍យើង។

ជាមួយគ្នានេះដែរ ក្រសួងក៏សូមអំពាវនាវក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងសកម្មចូលរួមបន្តអនុវត្តវិធានការការពារនូវការចម្លងជំងឺអុតស្វានេះ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលបានចេញផ្សាយជារឿយៗកន្លងទៅនេះហើយបុគ្គល គ្រួសារ និងសហគមន៍ត្រូវបន្តយកចិត្តទុកដាក់ អនុវត្តវិធានការបង្ការការចម្លងជំងឺផ្ទាល់ខ្លួន និងទៅអ្នកដទៃ ដែលមានដូចខាងក្រោមនេះ៖

១៖ សម្រាប់ករណីសង្ស័យ ឬករណីឈឺ

* ក្នុងករណីសង្ស័យដោយបុគ្គលមានរោគសញ្ញា៖ ចេញកន្ទួលរមាស់បែបពងទឹកនៅលើដងខ្លួន បាតដៃ បាតជើង និងផ្ទៃមុខ អមដោយរោគសញ្ញាក្តៅខ្លួនលើសពី ៣៨.៥ អង្សាសេ និងមានឈឺក្បាល ហើមកូនកណ្តុរ ឈឺសាច់ដុំនិងខ្លួនប្រាណ ឈឺចង្កេះ អស់កម្លាំងខ្លាំង រួមជាមួយនឹងប្រវត្តិធ្វើដំណើរ ទៅកន្លែងដែលមានកើតជំងឺអុតស្វា ត្រូវដាក់បុគ្គលនោះឱ្យនៅដាច់ដោយឡែក ដើម្បីធ្វើការពិនិត្យសុខភាពដោយក្រុម
គ្រូពេទ្យជាចាំបាច់ភ្លាមៗ ឬអាចបញ្ជួនទៅកាន់មន្ទីរពេទ្យដែលនៅជិត។ សម្រាប់បុគ្គលខាងលើនេះ ត្រូវធ្វើតេស្តវិភាគនៅមន្ទីរពិសោធន៍ ដោយយកវត្ថុសំណាកដំបៅនៅលើដងខ្លួនអ្នកសង្ស័យ ឬអ្នកឈឺ តាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ ហើយបញ្ជូនទៅធ្វើវិភាគ នៅមន្ទីពិសោធន៍នៃវិទ្យាស្ថានសុខភាពសាធារណៈ ឬវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ការដាក់ឱ្យនៅដាច់ដោយឡែកខាងលើនេះ ត្រូវធ្វើរហូតដល់អ្នកជំងឺបានព្យាបាលជាសះស្បើយ ឬ មានការបញ្ជាក់ពីមន្ទីរពិសោធន៍ នូវលទ្ធផលអវិជ្ជមានវីរុសអុតស្វានេះ។

* ត្រូវសាកសួរដល់អ្នកនៅជុំវិញ ជាពិសេសក្រុមគ្រួសារ ឬសាច់ញាតិ ឬអ្នកប៉ះពាល់ផ្សេងៗ ដើម្បីតាមដានរកអ្នកឆ្លងបន្តគ្នា។

* បង្កើនការតាមដាន និងរាយការណ៍ករណីជំងឺនេះ នៅក្រោមច្បាប់និយ័តកម្មអន្តរជាតិ ២០០៥ (IHR 2005) ទៅតាមបណ្តាញរាយការណ៍ ដែលមានស្រាប់។

២៖សម្រាប់ប្រជាជនទូទៅ

* ត្រូវអនុវត្តអនាម័យខ្លួនប្រាណ និងរស់នៅស្អាត ដោយធ្វើអនាម័យដៃស្អាត ដោយសម្អាតជាមួយសាប៊ូ ឬដែលអាល់កុល និងអនុវត្តការការពារការចម្លងតាមផ្លូវដង្ហើម។

* ជៀសវាងការប៉ះពាល់ ដោយផ្ទាល់ជាមួយអ្នកដែលមានជំងឺនេះ ឬបុគ្គលដែលសង្ស័យ រួមទាំងការរួមភេទ ជាពិសេសការប៉ះពាល់ស្បែក ឬកន្លែងដែលមានចេញពងទឹកបែកជាដើម រហូតដល់ជំងឺបានជាសះស្បើយ។

* ចៀសវាងប៉ះពាល់សម្ភារៈប្រើប្រាស់របស់អ្នកជំងឺ ឬបុគ្គលដែលសង្ស័យ ដូចជាសម្លៀកបំពាក់ ពូក ខ្នើយ ចាន ស្លាបព្រា កែវទឹក ជាដើម ហើយត្រូវបោកគក់ ឬលាងសម្អាតឱ្យបានត្រឹមត្រូវនូវសម្ភារៈប្រើប្រាស់ របស់បុគ្គលនេះ ដោយឡែក។

* បុគ្គលសង្ស័យដែលមិនមានរោគសញ្ញា មិនត្រូវដាក់ធ្វើចត្តាឡីស័កទេ ហើយអាចធ្វើការងារជាធម្មតា គ្រាន់តែមានការប្រុងប្រយ័ត្ន ដោយមិនត្រូវមានការប៉ះពាល់អ្នកដទៃ ក្នុងកំឡុងពេលធ្វើការតាមដានសុខភាពរយៈពេល២១ថ្ងៃ បន្ទាប់ពីបានប៉ះពាល់ជាមួយអ្នកឈឺជំងឺអុតស្វានេះ។

* ត្រូវបរិភោគចំណីអាហារដែលឆ្អិនល្អ និងរក្សាអនាម័យចំណីអាហារ ទាំងការចម្អិនអាហារឱ្យបានល្អ។

* ចៀសវាងការប៉ះពាល់ជាមួយសត្វ (រស់ ឬស្លាប់) និងរក្សាអនាម័យដៃជានិច្ច។ ប្រសិនបើបានជាជ្រុលប៉ះពាល់ សូមកុំយកដៃទៅប៉ះពាល់សរីរាង្គណាមួយលើដងខ្លួនឱ្យសោះ និងត្រូវលាងសម្អាតជាមួយសាប៊ូ ឬអាល់កុល ភ្លាមៗ។

* បុគ្គលដែលមានចេញកន្ទួលរមាស់អមដោយគ្រុន និងមានរោគសញ្ញាដូចខាងលើនេះ ត្រូវទៅពិគ្រោះជំងឺភ្លាមៗឱ្យបានត្រឹមត្រូវ ជាមួយគ្រូពេទ្យដែលនៅជិតលោកអ្នក និងត្រូវដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ រហូតដល់មានការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់ ជាមួយនឹងការធ្វើវិភាគមន្ទីរពិសោធន៍ផងដែរ។

* អាជ្ញាធរមូលដ្ឋាន ត្រូវបន្តអប់រំសុខភាពប្រជាជន និងលើកកម្ពស់ការយល់ដឹងស្តីពីការការពារការចម្លងរោគ នៅក្នុងសហគមន៍របស់ខ្លួន។

៣៖ សម្រាប់គ្រូពេទ្យ បម្រើការនៅតាមមូលដ្ឋានសុខាភិបាល (ទាំងរដ្ឋ និងឯកជន)

* ការលើកកម្ពស់ការយល់ដឹង និងការអប់រំអ្នកកំដរជំងឺ ព្រមទាំងបុគ្គលិកសុខាភិបាល ត្រូវធ្វើជាចាំបាច់ដើម្បីទប់ស្កាត់ និងបញ្ឈប់ការចម្លងបានទាន់ពេលវេលា ជាពិសេសបុគ្គលិកសុខាភិបាល ត្រូវតែអនុវត្តវិធានការការពារផ្ទាល់ខ្លួនយ៉ាងម៉ឺងម៉ាត់ និងមានការប្រុងប្រយ័ត្ន ដោយមានការគ្រប់គ្រងការចម្លងរោគឆ្លងនៅក្នុង មន្ទីរពេទ្យឱ្យបានត្រឹមត្រូវ។

* អនុវត្តការពារការចម្លងរោគនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលសុខភាពស្របតាមលក្ខណៈបច្ចេកទេសពេទ្យ ដែលធ្លាប់បានបណ្តុះបណ្តាល និងណែនាំកន្លងមកហើយនៅក្នុងបរិបទការពារជំងឺកូវីដ-១៩។

* ពេលជួបករណីសង្ស័យ ឬអ្នកឈឺជំងឺនេះ ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) មុននឹងប៉ះពាល់ជាមួយអ្នកជំងឺ ឬបុគ្គលដែលសង្ស័យ។ គ្រប់មន្ទីរពេទ្យ និងមណ្ឌលសុខភាពត្រូវតាមដាន និងរាយការណ៍ករណីសង្ស័យណាមួយដែលកើត មានឡើងដើម្បីបន្តការស៊ើបអង្កេត។

* ត្រូវតាមដាន និងកំណត់អត្តសញ្ញាណករណីដំបូង ចង្កោមនៃការឆ្លងមេរោគ ប្រភពនៃការឆ្លង ដើម្បីការពារការឆ្លងបន្ត ឱ្យបានឆាប់បំផុត។

* ត្រូវប្រុងប្រយ័ត្ន និងតាមដានយ៉ាងហ្មត់ចត់ ចំពោះអ្នកជំងឺដែលមានចេញកន្ទួលពងរមាស់លើស្បែក (rash) ឬ ពងទឹកខុសពីធម្មតា (pustular) ដែលជារឿយៗ មានគ្រុនក្តៅ និងមានរោគសញ្ញាដូចបានរៀបរាប់ខាងលើនេះផងដែរ។

* ពង្រឹងប្រព័ន្ធតាមដានជំងឺ នៅតាមមន្ទីរពេទ្យនានា ពិតជាមានសារៈសំខាន់ណាស់ ដើម្បីអាចរកករណីសង្ស័យ ឬករណីឆ្លងបានលឿន និងអាចចាត់វិធានការណ៍សុខាភិបាល បានទាន់ពេលវេលា ចៀសវាងការពារការចម្លងបន្តគ្នានៅក្នុងក្រុមគ្រួសារ និងសហគមន៍។

៤៖ សម្រាប់អ្នកដំណើរចេញចូលអន្តរជាតិ

* មន្ត្រីប្រចាំការនៅច្រកចេញចូលអន្តរជាតិ ត្រូវយកចិត្តទុកដាក់ពិនិត្យមើលឱ្យបានហ្មត់ចត់ នូវអ្នកដំណើរចូលមកកម្ពុជា ប្រសិនបើបុគ្គលមានកន្ទួលរមាស់ ឬចេញពងទឹកនៅលើសរីរាង្គ អមដោយមានគ្រុនក្តៅ និងមានរោគសញ្ញាដូចរៀបរាប់ខាងលើ រួមមានប្រវត្តិធ្វើដំណើរមកពីបណ្ដាប្រទេសប៉ែកខាងអាហ្វ្រិក ដែលមានកើតជំងឺអុតស្វាបែបអង់ដេមី (Monkeypox endemic) មានដូចជា ប្រទេសបេណាំង (Benin), កាមេរ៉ូន (Cameroon), សាធារណរដ្ឋអាហ្វ្រិកកណ្ដាល (the Central African Republic), សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គួ (Congo), ហ្គាបុង (Gabon), ហ្គាណា (Ghana), Ivory Coast, Liberia, Nigeria,
សាធារណរដ្ឋកុងហ្គោ (the Republic of the Congo), សេរ៉ាឡេអុង (Sierra Leone), ប្រទេសស៊ូដង់ខាងត្បូង (South Sudan) ត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលភ្លាមៗ ឬទៅលេខ ១១៥។

* មិនទាន់មានការហាមឃាត់អ្នកដំណើរមកពីប្រទេសណាមួយ ចូលមកម្ពុជានោះទេ គ្រាន់តែមានការប្រុងប្រយ័ត្ន និងតាមដានស្ថានភាពអ្នកដំណើរចូលមកកម្ពុជាប៉ុណ្ណោះ។

* ត្រូវណែនាំអ្នកធ្វើដំណើរទៅកាន់តំបន់ ដែលមានជំងឺរាតត្បាត ឱ្យចេះការពារខ្លួន និងជៀសវាងការប៉ះ ពាល់ជាមួយសត្វដែលមានជំងឺ (សត្វស្លាប់ ឬនៅរស់) ដែលអាចមានផ្ទុកនៅវីរុសអុតស្វា (Monkeypox) ហើយគួរចៀសវាងការបរិភោគសាច់សត្វព្រៃ។

* ត្រូវរាយការណ៍នូវរោគសញ្ញាមិនធម្មតា និងរោគសញ្ញាដែលសង្ស័យ ជូនទៅអ្នកជំនាញសុខភាព រួមជាមួយនឹងប្រវត្តិធ្វើដំណើររបស់អ្នកជំងឺ និងរាយការណ៍ជូនទៅអាជ្ញាធរមូលដ្ឋាន ឬអាជ្ញាធរមានសមត្ថកិច្ច។

៥៖ កិច្ចសហការបច្ចេកទេស

ក្រៅពីវិធានការខាងលើ ក្រសួងសុខាភិបាល កំពុងធ្វើការយ៉ាងជិតស្និតជាមួយអង្គការសុខភាពពិភពលោក (WHO) ក្នុងការតាមដានស្ថានភាពនៃការចម្លងជំងឺអុតស្វា នៅលើសាកលលោក នៅក្នុងតំបន់ និងនៅក្នុងប្រទេស ហើយកំពុងពង្រឹងការតាមដានស្វែងរកអ្នក ដែលមានឆ្លងជំងឺនេះ និងអ្នកដែលប៉ះពាល់ផ្ទាល់ ដើម្បីកាត់ផ្ដាច់ខ្សែចម្លងបានទាន់ពេលវេលា។

៦៖ សម្រាប់ព័ត៌មានបន្ថែម

ប្រសិនបើមានចម្ងល់លើករណីនេះ ឬសំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ១១៥ ឬ តាមលេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៨៣៦ ៨៦៨ ឬ ០១២ ៩៥៨ ១៧៩៕