ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី កាលពីថ្ងៃសៅរ៍ ទី៦ ខែសីហា បានចោទប្រកាន់រុស្ស៊ីថាបានប្រើប្រាស់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia សម្រាប់អំពើភេរវកម្ម បន្ទាប់ពីប្រតិបត្តិកររោងចក្រនេះ បានរាយការណ៍ពីការខូចខាតដ៏ធ្ងន់ធ្ងរ។
ក្រុមហ៊ុន Energoatom ដែលជាប្រតិបត្តិកររោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងនៃប្រទេសបានឱ្យដឹងកាលពីថ្ងៃសៅរ៍ថា ផ្នែកខ្លះនៃរោងចក្រនេះត្រូវបានខូចខាតយ៉ាងដំណំ ដោយការវាយប្រហាររបស់យោធារុស្ស៊ី ហើយរ៉េអាក់ទ័រមួយក្នុងងរោងចក្រនេះ ត្រូវបានបង្ខំឱ្យបិទដំណើរការ។ ក្រុមហ៊ុន Energoatom បានសរសេរនៅលើកម្មវិធី Telegram ថា ការវាយប្រហារកាលពីថ្ងៃសុក្របានធ្វើឱ្យស្ថានីយដែលមានផ្ទុកអាសូត និងអុកស៊ីហ្សែន និងអគារជំនួយខូចខាតធ្ងន់ធ្ងរ។
ខណៈដែលអរិភាពបានផ្ទុះឡើងនៅភាគខាងកើត និងខាងត្បូងនៃអ៊ុយក្រែន អាជ្ញាធរតំបន់ឃឺសុនគាំទ្រដោយទីក្រុងម៉ូស្គូ បានរាយការណ៍ពីការប៉ុនប៉ងធ្វើឃាតមួយផ្សេងទៀតលើមន្ត្រីជាន់ខ្ពស់ម្នាក់។
ទន្ទឹមគ្នានេះដែរ ប្រធានការិយាល័យអង្គការលើកលែងទោសអន្តរជាតិអ៊ុយក្រែន បានប្រកាសថាលោកស្រីបានលាលែងពីអង្គការនេះ ជុំវិញការចុះផ្សាយរបស់ក្រុមនៃរបាយការណ៍ដ៏ចម្រូងចម្រាសមួយ ដែលបានចោទប្រកាន់យោធារបស់ប្រទេសនេះពីបទបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។
ទីក្រុងកៀវ និងម៉ូស្គូបានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការវាយប្រហារលើរោងចក្រ Zaporizhzhia ដែលជារោងចក្រថាមពលបរមាណូដ៏ធំបំផុតរបស់អឺរ៉ុប។
ទាក់ទិននឹងបញ្ហានេះ នៅក្នុងសុន្ទរកថានាពេលរាត្រីកាលពីថ្ងៃសៅរ៍ លោក ហ្សេឡេនស្គី បានចោទប្រកាន់ទីក្រុងម៉ូស្គូម្ដងទៀតពីអំពើភេរវកម្មដោយលើកឡើងថា៖ «ភេរវកររុស្ស៊ីបានក្លាយជាមនុស្សដំបូងគេនៅលើពិភពលោក ដែលប្រើរោងចក្រថាមពលសម្រាប់អំពើភេរវកម្ម»។
អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបលោក ចូសេហ្វ បូរេល (Josep Borrell) បានថ្កោលទោសការវាយប្រហារនេះថា ជាការបំពានដ៏ធ្ងន់ធ្ងរ និងគ្មានការទទួលខុសត្រូវចំពោះច្បាប់សុវត្ថិភាពនុយក្លេអ៊ែរ និងជាឧទាហរណ៍មួយទៀតនៃការមិនយកចិត្តទុកដាក់របស់រុស្ស៊ីចំពោះបទដ្ឋានអន្តរជាតិ។
ប្រធានអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិក៏បានសម្តែងការព្រួយបារម្ភផងដែរ។ លោក រ៉ាហ្វាអេល ក្រូស៊ី (Rafael Grossi) អគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានកត់សម្គាល់ថា ការវាយប្រហារនេះគូសបញ្ជាក់ពីហានិភ័យពិតប្រាកដនៃគ្រោះមហន្តរាយនុយក្លេអ៊ែរ៕