សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន

96
UI Promtion 2021
សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន
នៅវិមាន៧មករា នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម លីវ ជានចាវ រដ្ឋមន្ត្រីទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិន។
ក្នុងជំនួបនេះ ឯកឧត្តម លីវ ជានចាវ បានគោរពនាំការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង និងឯកឧត្តម នាយករដ្ឋមន្ត្រី លី ខឺឈាំង គោរពជូនសម្ដេចតេជោ និងនាំសាររបស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ជូនដល់សម្ដេចតេជោផងដែរ។
ឯកឧត្តម លីវ ជានចាវ បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបានមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ ២០០៤ រយៈពេល ១៨ឆ្នាំកន្លងមកនេះ កម្ពុជា មានការផ្លាស់ប្ដូរយ៉ាងខ្លាំង ដោយព្រះរាជាណាចក្រទាំងមូល មានភាពស្រស់បំព្រង សេដ្ឋកិច្ចមានការលូតលាស់ ទីក្រុងមានការអភិវឌ្ឍ ប្រជាជនមានទឹកមុខញញឹមប្រិមប្រិយ និងតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ត្រូវបានទទួលស្គាល់ និងគោរព ដែលទាំងនេះ បានឆ្លុះបញ្ចាំងនូវការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងគួរជាទីគំរូសម្រាប់ប្រទេសដែលកំពុងអភិវឌ្ឍ។
ឯកឧត្តម លីវ ជានចាវ បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា ការអភិវឌ្ឍសេដ្ឋកិច្ចជាមូលដ្ឋាន បំពេញអោយសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា ក្នុងន័យនេះ ភាគីចិន នឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយកម្ពុជា ឲ្យកាន់តែខ្លាំងឡើង ជាពិសេស ជំរុញការនាំទំនិញកសិផលកម្ពុជា ទៅកាន់ទីផ្សារចិន, ការបង្កើនការហោះហើរត្រង់មកកាន់កម្ពុជា, ការលើកទឹកចិត្តឲ្យអ្នកវិនិយោគចិនមកកាន់កម្ពុជា និងជួយកម្ពុជា លើការអភិវឌ្ឍថាមពលបៃតង ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម លីវ ជានចាវ ដែលបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានាធិបតី និងឯកឧត្តមនាយករដ្ឋមន្ត្រីចិន ជូនសម្ដេចតេជោ ហើយក៏បានថ្លែងអំណរគុណផងដែរ ចំពោះការនាំសាររបស់ឯកឧត្តមប្រធានាធិបតី គោរពជូនសម្ដេចតេជោផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម លីវ ជានចាវ ចំពោះការវាយតម្លៃការអភិវឌ្ឍរបស់កម្ពុជារយៈពេល ១៨ឆ្នាំកន្លងមកនេះ ។ ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន បានយល់ស្របជាមួយនឹងឯកឧត្តម លីវ ជានចាវ ដែលថា ការអភិវឌ្ឍន៍សេដ្ឋកិច្ច គឺបម្រើឲ្យសេចក្ដីត្រូវការរបស់ប្រជាជន ក្នុងន័យនេះ សម្ដេចតេជោ បានសូមអរគុណ និងសូមស្វាគមន៍ចំពោះការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែទូលាយថែមទៀត ជាពិសេស លើវិស័យពាណិជ្ជកម្ម, កសិកម្ម, វិស័យវិនិយោគទុន, លើវិស័យទេសចរណ៍ ក៏ដូចជាលើវិស័យថាមពលបៃតងផងដែរ ៕