ពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំង យុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍។

379
UI Promtion 2021

(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានលើកឡើងថា បុព្វហេតុនៃការចូល ជាសមាជិកបក្សប្រជាជនកម្ពុជា គឺដើម្បីធ្វើការងារបម្រើគណបក្ស និងតបស្នងសងគុណដល់គណបក្ស ដែលបានសង្គ្រោះអាយុជីវិត និងផ្តល់ឱកាសនៃការរស់នៅក្នុងជីវភាពសុខសាន្ត និងសុខសន្តិភាព។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២។ លោកបណ្ឌិតបានបន្តថា «ប្រសិនបើគណបក្សយើងនៅបន្តឈ្នះនៅក្នុងការបោះឆ្នោតខាងមុខៗ គណបក្សនេះនឹងបន្តផ្តល់ឱកាសបែបនេះប្រកបដោយនិរន្តរភាពទៅមុខទៀត ហើយប្រទេសជាតិយើងក៏នឹងកាន់តែអភិវឌ្ឍរីកចម្រើន»

ជាមួយគ្នានេះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ដែលបានរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ ដែលជាការជួបជុំលើកទី១ រវាងថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់ បន្ទាប់ពីក្រុមការងារត្រូវបានកែសម្រួលកាលពីខែកុម្ភៈ ឆ្នាំ២០២២ នេះ និងស្របពេលដែលស្ថានភាពនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានភាពធូរស្រាល។

លោកបណ្ឌិត បានបន្ថែមថា ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា នៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ គឺជាផ្នែកមួយបំពេញឱ្យកម្លាំងសរុបរបស់គណបក្សប្រជាជនកម្ពុជា ដែលមានភារកិច្ចកៀរគរ បង្កើនការគាំទ្រដល់គណបក្សប្រជាជនកម្ពុជាក្នុងមជ្ឈដ្ឋានសហគមន៍ប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ, ជប៉ុន, ម៉ាឡេស៊ី និងថៃ ជាពិសេសការគាំទ្រចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស ក្នុងការផ្តល់ភាពកក់ក្តៅបម្រើ និងគាំពារប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីទាំងក្នុង និងក្រៅប្រទេស តាមរយៈការសម្របសម្រួលជួយដោះស្រាយរាល់ការលំបាក និងការផ្តល់ជំនួយឧបត្ថម្ភមនុស្សធម៌ផ្សេងៗ ដោយមិនមានប្រកាន់និន្នាការ។

ទន្ទឹមនឹងនេះដែរ លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ ដែលបានយកចិត្តទុកដាក់អនុវត្ត តាមគោលការណ៍ណែនាំ និងផែនការរបស់យុវជនគណបក្សថ្នាក់កណ្តាល ដោយធ្វើសកម្មភាពយ៉ាងសកម្មលើការងារសហការជំរុញការកសាងពង្រីករចនាសម្ព័ន្ធគណបក្ស និងការកសាងថែទាំសមាជិកគណបក្ស រហូតសម្រេចបានលទ្ធផលជាទីមោទនៈ។

«ពិតណាស់ ជោគជ័យនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្ត និងការដាក់ចេញនូវទិសដៅ និងសូចនាករបានច្បាស់លាស់ ព្រមជាមួយនឹងការរៀបចំរចនាសម្ព័ន្ធ និងកម្លាំងធនធានមនុស្សបានត្រឹមត្រូវ ជាពិសេសការបន្តប្រព្រឹត្តអំពើល្អ និងការផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់»។ នេះជាការលើកឡើងបន្ថែមរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត។

លោកបណ្ឌិត បានបញ្ជាក់ថា សមិទ្ធផលការងារទាំងនេះ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានមូលដ្ឋានរឹងមាំ និងទទួលបានការគាំទ្រពីមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរនៅគ្រប់បណ្តាប្រទេសគោលដៅ។ កត្តាទាំងអស់នេះ ក៏បានបង្ហាញអំពីភាពខ្លាំងក្លានៃកម្លាំងមហាសាមគ្គីរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស ក្រោមស្មារតីខ្មែរតែមួយជួយគ្នាទៅវិញទៅមក ហើយសាមគ្គីភាពដ៏រឹងមាំនេះនឹងនៅបន្តឋិតឋេរយូរអង្វែងតរៀងទៅក្រោមការដឹកនាំរបស់ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។

បន្ថែមពីនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ដើម្បីបន្តធានាបានប្រៀបឈ្នះក្នុងការប្រកួតប្រជែងបែបប្រជាធិបតេយ្យ តាមរយៈការទទួលបាននូវជំនឿទុកចិត្ត និងបេះដូងរបស់ប្រជាពលរដ្ឋ, សមាជិក-សមាជិកាគណបក្សគ្រប់រូប ចាំបាច់ត្រូវខិតខំបន្តប្រព្រឹត្តអំពើល្អបម្រើថែទាំប្រជាពលរដ្ឋ និងចូលរួមចំណែកកសាងសង្គមជាតិតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយមិនគិតអំពីផលតបស្នង ជាពិសេសត្រូវស្វែងយល់ និងវាយតម្លៃអំពីចំណុចខ្វះខាតដែលជាចន្លោះប្រហោង និងខិតខំកែលម្អឱ្យបានល្អប្រសើរឡើងវិញ ព្រមជាមួយនឹងការថែទាំ និងពង្រឹងបន្ថែមទៀតនូវចំណុចខ្លាំងដែលមានស្រាប់៕

Source by Fresh News