“ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ” សរសៃឈាមសេដ្ឋកិច្ចថ្មី នៅភាគនិរតីនៃកម្ពុជា បានត្រៀមរួចរាល់ ស្ទើរតែ១០០%ហើយ

363
UI Promtion 2021

ភ្នំពេញ៖ នៅថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមទេស​រដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យការងារត្រៀមរៀបចំបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ខាងមុខ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង ក៏ដូចជាថ្នាក់ដឹកនាំក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC)។

ថ្លែងក្នុងបទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសចុះពិនិត្យវឌ្ឍនភាពការងារចុងក្រោយ លើផ្លូវល្បឿនលឿន ភ្នំ​ពេញ​-ព្រះសីហនុ មុននឹងដាក់ឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ឱ្យដឹងថា៖ គម្រោងការងារសាងសង់ផ្លូវល្បឿនលឿនសម្រេចបានស្ទើរតែ ១០០%ហើយ លឿនជាងផែនការគ្រោងទុករហូតដល់​ទៅ​០៨​ខែ ហើយការងារដែលនៅសេសសល់មួយចំនួននឹងត្រូវបញ្ចប់ឱ្យបានរួចរាល់នាពេលដ៏ខ្លីខាងមុខនេះ។

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋគួរយល់ដឹង ដើម្បី​ឱ្យការប្រើប្រាស់ផ្លូវល្បឿនលឿនថ្មី និងដំបូងគេបង្អស់របស់កម្ពុជានេះ ប្រកបដោយភាពត្រឹមត្រូវតាមបទដ្ឋានសុវត្ថិភាពចរាចរណ៍ ជារួមមានដូចជា៖ របៀបប្រើប្រាស់គន្លងផ្លូវ ល្បឿនបើកបរដែលបានកំណត់ ប្រភេទយានយន្ត ដែលអនុញ្ញាតឱ្យបើកបរបាន ទីតាំងបញ្ជរបង់ប្រាក់ និងច្រកចេញចូល ក៏ដូចជារបៀបនៃការវ៉ាជែងផងដែរ។ ចំណែឯទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងចាប់ពី៥០០cc ឬ២៧kw ឡើង មានបំណងបើកបរលើផ្លូវល្បឿនលឿន គឺត្រូវបានតម្រូវឱ្យស្នើសុំស្លាកសញ្ញាសម្រាប់បិទបញ្ជាក់ (Sticker) ពីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមុន។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានបន្ថែមទៀតថា ក្រសួងបានរៀបចំផលិតនូវវីដេអូអប់រំស្តីពីការប្រើប្រាស់ផ្លូវល្បឿនលឿននេះដែរ ហើយត្រៀមនឹងផ្សព្វផ្សាយនាពេលឆាប់ៗខាងមុខនេះ។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងដែរអំពីរបៀបនៃការទូទាត់សេវាប្រើប្រាស់ផ្លូវល្បឿនលឿននេះ តាមរយៈការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិច ETC ក្រោយដំណើរការសាកល្បង។ ក្រសួង និងក្រុមហ៊ុនកំពុងសហការរៀបចំប្រព័ន្ធបច្ចេកវិទ្យាដែលមានលក្ខណៈសាមញ្ញសម្រួលដល់បងប្អូនប្រជាពលរដ្ឋអាចធ្វើការបង់ប្រាក់ជាមុន និងប្រើប្រាស់ផ្លូវល្បឿន​លឿន ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីស្មុគស្មាញ និងមិនចាំបាច់តម្រូវឱ្យចេះប្រើប្រព័ន្ធបច្ចេកវិទ្យាឡើយ។ រីឯការបង់ប្រាក់ នឹងអាចធ្វើបានជាមួយជម្រើសសំបូរបែប គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង។ បច្ចេកវិទ្យានេះក៏នឹងសម្រួលដល់ការចេញចូលផ្លូវល្បឿនលឿន ដោយមិនចាំបាច់រង់ចាំ ចំណាយពេលយូរនៅច្រកចេញចូលឡើយ។ ដើម្បីចូលទៅកាន់ផ្លូវល្បឿនលឿនបាន បងប្អូនដែលជាអ្នកបើកបរត្រូវប្រើប្រាស់យានយន្តបានចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅក្នុងសុពលភាពឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដែលកំណត់ដោយក្រសួង ដើម្បីធានាបានសុវត្ថិភាពចរាចរណ៍ ព្រមទាំងកាត់បន្ថយបទល្មើសនានា។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្ថែមថា៖ គ្មានសុខសន្តិភាព ក៏គ្មានការវិនិយោគអ្វីទាំងអស់ និងបានអំពាវនាវសុំឱ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមដំណើរជាមួយរាជរដ្ឋាភិបាល ក្នុងការការពារសុខសន្តិភាព មួយនេះឱ្យបាន នោះទើបយើងមានឱកាសកសាងផ្លូវថ្មីៗល្អៗបន្តទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបញ្ជាក់ពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការដឹកជញ្ជូនជាច្រើនដែលបាន និងកំពុងសិក្សារួមមានដូចជា៖ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត គម្រោងសាងសង់រថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ គម្រោងធ្វើទំនើបកម្មផ្លូវរថភ្លើងដែលមានស្រាប់ឱ្យទៅជាផ្លូវរថភ្លើងល្បឿនលឿន ព្រមទាំងគម្រោងពង្រីកការដឹកជញ្ជូនផ្លូវទឹកតាមទន្លបាសាក់ជាដើម។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ រាជរដ្ឋាភិបាលកំពុងសិក្សាធ្វើ ផែនការមេឱ្យក្រុងព្រះសីហនុក្លាយជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ដើម្បីទាក់ទាញទេសចរណ៍ និងវិនិយោគិនបង្កើតរោងចក្រឧស្សាហកម្ម និងដើម្បីបម្រើដល់វិស័យទេសចរណ៍ ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែជាដើម ធ្វើយ៉ាងណាឱ្យការដឹកទំនិញ របស់យើងអាចប្រកួតប្រជែង និងទាក់ទាញវិនិយោគបាន។

ឆ្លើយតបទៅនឹងមតិរិះគន់មួយចំនួន ដែលតែងតែលើកឡើងថា៖ ការប្រើប្រាស់ប្រាក់កម្ចីសម្រាប់កសាង ប្រទេសធ្វើឱ្យប្រទេសធ្លាក់ជាប់ក្នុងអន្ទាក់បំណុល និងភាពក្រីក្រដោះខ្លួនមិនរួចទៅថ្ងៃអនាគតនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនថា៖ បំណុលជាតិរបស់ប្រទេសមួយ អាចមានហានិភ័យចាប់ពីទំហំបំណុល របស់ខ្លួនកើនឡើងលើសពី៤០%នៃផលិតផលក្នុងស្រុកសរុប (GDP)។ ដោយឡែក បំណុលរបស់កម្ពុជាសព្វថ្ងៃនេះ មិនទាន់ឈានដល់៣០%នៅឡើយទេ ដោយសារកម្ពុជាចេះគ្រប់គ្រងបំណុល របស់ខ្លួនឱ្យនៅក្នុងកម្រិត មួយដែលអាចយើងគ្រប់គ្រងបាន ពោលគឺ៖ មុននឹងកម្ពុជាខ្ចីថវិកាគេមកអភិវឌ្ឍអ្វីមួយកម្ពុជា យើងបានគិតគូរយ៉ាងម៉ត់ចត់ទៅលើផលចំណេញ ឬខាតនៅក្នុងគម្រោងអភិវឌ្ឍន៍នោះរួចទៅហើយ។

សូមជម្រាបជូនថា៖ បន្ទាប់ពីចំណាយពេលជាង៤០ខែក្នុងការសាងសង់ ផ្លូវល្បឿនលឿនថ្មី និងដំបូង បំផុតក្នុងព្រះ​រាជាណា​ចក្រកម្ពុជា បានលេចចេញជារូបរាងឡើងយ៉ាងប្រត្យក្ស និងបានត្រៀមខ្លួនរួចរាល់ សម្រាប់ស្វាគមន៍អ្នកដំណើរក្នុងការសាក​ល្បងប្រើប្រាស់ និងទទួលយកបទពិសោធន៍ថ្មីនៃការបើកបរ។ ផ្លូវល្បឿនលឿនដែលតភ្ជាប់ពី“រាជធានីភ្នំពេញ” ទៅកាន់ទីក្រុងទេស​ចរណ៍ និងកំពង់ផែសមុទ្រធំបំផុត “ក្រុងព្រះសីហនុ” មានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋាន​សាង​សង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី តភ្ជាប់ពីសង្កាត់ សំរោង​ក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង៕