ក្រុមហ៊ុនទ្រីភាពគ្រុប ដែលមានអ្នកឧកញ៉ា ទ្រី ភាព ជាអគ្គនាយក និងសាកលវិទ្យាល័យរបស់ថៃ បានសម្រេចបន្តកិច្ចសហការគ្នារយៈពេល ៥ឆ្នាំបន្តទៀត ដើម្បីលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស បន្ទាប់ពីទទួលបានជោគជ័យខ្ពស់ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ

381
UI Promtion 2021

(ភ្នំពេញ)៖ ក្រុមហ៊ុនទ្រីភាពគ្រុប ដែលមានអ្នកឧកញ៉ា ទ្រី ភាព ជាអគ្គនាយក និងសាកលវិទ្យាល័យ RAJAMANGALA OF TECHNOLOGY ISAN (RMUTI) របស់ថៃ បានសម្រេចបន្តកិច្ចសហការគ្នារយៈពេល ៥ឆ្នាំបន្តទៀត ដើម្បីលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្ស បន្ទាប់ពីទទួលបានជោគជ័យខ្ពស់ក្នុងរយៈពេល៥ឆ្នាំកន្លងទៅ។

ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព ដែលមានជំនួញច្រើននៅក្នុងដៃ ជាមួយនឹងសាកលវិទ្យាល័យ ដ៏ល្បាញល្បីមួយនៅក្នុងប្រទេសថៃ ធ្លាប់បានបើកកិច្ចសហការគ្នាលើកកម្ពស់ការបណ្តុះបណ្តាលធនធានមនុស្សអស់រយៈពេល ៥ឆ្នាំមកហើយ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ។ ជាពិសេសបានចូលរួមផ្តល់ចំណេះជំនាញជាច្រើនដល់និស្សិតទាំងខាងភាគីកម្ពុជា និងថៃ។

បន្ទាប់ពីបានមើលឃើញលទ្ធផលដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការនេះ ក្រុមហ៊ុន និងសាកលវិទ្យាល័យ ក៏បានឯកភាពបន្តកិច្ចព្រមព្រៀងលើអនុស្សារណៈយោគយល់គ្នា លើការបណ្តុះបណ្តាលធនធានមនុស្សនេះរយៈពេល៥ឆ្នាំជាបន្តទៀត។ ការចុះអនុស្សារណៈយោគយល់ជាថ្មីលើកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ។

ការចុះអនុស្សារណៈយោគយល់ជាថ្មីនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនទ្រីភាពគ្រុប ស្ថិតក្នុងរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយអ្នកឧកញ៉ា ទ្រីភាព ហើយភាគីសាកលវិទ្យាល័យរបស់ថៃ ដឹកនាំដោយសាកលវិទ្យាធិការរងលោកសាស្ត្រាបណ្ឌិត Narong Polwong។

តាមរយៈការចុះអានុស្សារណៈនៃកាយោគយល់នេះ ភាគីទាំងពីរ នឹងធ្វើការរួមគ្នាទៅលើការងារ សំខាន់ៗចំនួន៧រួមមាន៖ ការអភិវឌ្ឍន៍ធនធានមនុស្សលើវិជ្ជាជីវៈផ្សេងៗគ្នា, ផ្លាស់ប្តូរការសិក្សានៃនិស្សិតកំពុងសិក្សាថ្នាក់បរិញ្ញាបត្រ និងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ, ទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបុគ្គលិក, ផ្លាស់ប្តូរវប្បធម៌ និងសិល្បៈ, ធ្វើកិច្ចសហប្រតិបត្តិការលើកម្មសិក្សានៅកម្ពុជា ក៏ដូចជាសហប្រតិបត្តិការអប់រំ, ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់និស្សិតកម្ពុជា ទៅសិក្សានៅ RMUTI និង
កម្មវិធីសិក្សារយៈពេលខ្លីពិសេស ក៏ដូចជាសកម្មភាពផ្សព្វផ្សាយជាដើម។

នៅក្នុងពិធីចុះអានុស្សារណៈយោគយល់នោះ លោកសាស្ត្រាបណ្ឌិត Narong Polwong បានបង្ហាញនូវមូលហេតុ ដែលនាំឱ្យសាកលវិទ្យាល័យចាប់ដៃសហការជាមួយក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព ដើម្បីលើកកម្ពស់ការអប់រំផងដែរ។ មូលហេតុដែលនាំឱ្យកិច្ចសហការដោយសារតែ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព គឺជាក្រុមហ៊ុន អភិវឌ្ឍន៍អាជីវកម្មស្អាត និងបៃតង រួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

បន្ថែមពីលើ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា ទ្រី ភាព ជាក្រុមហ៊ុនឯកជនមានជំនួញច្រើននៅក្នុងដៃ មានដូចជា តំបន់សេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម (ចម្ការកៅស៊ូ) វិស្វកម្មសំណង់ស៊ីវិល និង ធនាគារ ប្រេងឥន្ធនៈ មជ្ឈមណ្ឌលភស្តុភាកម្ម និងផែស្ងួត កន្លែងលំហែកាយ និងទេសចរណ៍ និងអចលនទ្រព្យជាដើម។

«ភាគីទាំងពីរនឹងខិតខំធ្វើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ។ ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស»។ នេះជាការគូសបញ្ជាក់របស់លោកសាកលវិទ្យាធិការរង RMUTI។

អ្នកឧកញ៉ា ទ្រី ភាព បានបង្ហាញនូវការរីករាយជាខ្លាំងចំពោះកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យដ៏ល្បីមួយរបស់ថៃ ព្រោះបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានចំណេះជំនាញមួយច្បាស់លាស់ឆ្លើយតបទៅនឹងតម្រូវការរបស់ក្រុមហ៊ុន។

អ្នកឧកញ៉ា ទ្រី ភាព បានអះអាងថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ និស្សិតកម្ពុជា និងនិស្សិតពីក្រុមហ៊ុនរបស់អ្នកឧកញ៉ា នឹងទទួលបានឱកាសសិក្សានៅសាកលវិទ្យាល័យ RMUTI ។

អ្នកឧកញ៉ា បានបន្ថែមថា ដើម្បីចូលរួមចំណែកគាំទ្រដល់ផែនការអភិវឌ្ឍក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នោះ ក្រុមហ៊ុនរបស់អ្នកឧកញ៉ា នឹងផ្តល់មូលនិធិសម្រាប់ការសិក្សារៀនសូត្ររបស់និស្សិតខ្មែរនៅសាកលវិទ្យាល័យ RMUTI។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ RMUTI គឺជាគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ដែលស្ថិតនៅក្រោមក្រសួងឧត្តមសិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និងនវានុវត្តន៍ ប្រទេសថៃ។ RMUTI ផ្តល់ជូនកម្មវិធីចំនួន ៤កម្រិត រួមមានសញ្ញាប័ត្រវិជ្ជាជីវៈ បរិញ្ញាបត្រ អនុបណ្ឌិត និងបណ្ឌិត។ RMUTI ផ្ដល់នូវមុខជំនាញសិក្សា៖ ព័ត៌មានវិទ្យា (IT), វិស្វកម្ម, កសិកម្ម, ការគ្រប់គ្រងពាណិជ្ជកម្ម, វិទ្យាសាស្រ្ត និង Liberal Arts វិទ្យាសាស្ត្រសង្គម និងផ្សេងៗទៀត៕