សម្តេចតេជោ ហ៊ុន សែន ទទួលជួបប្រធានស្ដីទី ក្រុមប្រឹក្សាអូឡាំពិកអាស៊ី ដែលដឹកនាំគណៈប្រតិភូកីឡា អញ្ជើញចូលរួមមហាសន្និបាតនៅកម្ពុជា

615
UI Promtion 2021

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាជាមួយនឹង ឯកឧត្តម Raja Randhil Singh ប្រធានស្ដីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី នាព្រឹកថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាភ្នំពេញ ក្នុងឱកាសដែលកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត ក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី៤១ ។

នៅក្នុងជំនួបនេះ ឯកឧត្តម Raja Randhil Singh ប្រធានស្ដីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានជម្រាបសម្តេចតេជោថា លោកពិតជារីករាយណាស់ ដែលបានដឹកនាំគណៈប្រតិភូកីឡា អញ្ជើញចូលរួមមហាសន្និបាតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើន ជាមួយនឹងមានការអភិវឌ្ឍ វិស័យកីឡា និងមានពហុកីឡដ្ឋានជាតិមរកតតេជោយ៉ាងល្អ សម្រាប់ការប្រកួតស៊ីហ្គេម នៅពេលខាងមុខ។ ឯកឧត្តម មានជំនឿយ៉ាងមុតមាំលើសមត្ថភាពកម្ពុជា ក្នុងការរៀបចំកិច្ចប្រកួត Sea Games នៅពេលខាងមុខទទួលបានជោគជ័យ។

សម្ដេចតេជោ ហ៊ុន សែន បានជម្រាបប្រធានស្ដីទីក្រុមប្រឹក្សា អូឡាំពិកអាស៊ី នូវការសម្គាល់ថា តំបន់អាស៊ីយើង ពិតមែនមានប្រជាជនច្រើន ក៏ប៉ុន្តែមិនប្រាកដថា មានប្រជាជនពូកែៗសម្រាប់ប្រកួត ទទួលបានពានរង្វាន់អូឡាំពិកពិភពលោកនៅឡើយទេ ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបន្តថា ទោះជាយ៉ាងណា ការប្រកួតយកមេដៃជាកត្តាមួយ កត្តាមួយទៀតដែលសំខាន់ដែរនោះ គឺកត្តាសីលធម៌កីឡា។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ឲ្យមានការពិភាក្សា និងការប្រកាន់ភ្ជាប់ក្នុងការគោរព សីលធម៌កីឡានៅពេលប្រកួត ៕