សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ចេញនូវគោលការណ៍ដ៏ម៉ឺងមាត់ និងដាច់ខាតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកំចាត់ចោលនូវមនោគមវិជ្ជា ជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យបណ្ឌិត ឡាច សំរោង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) ព្រមទាំងថ្នាក់ដឹកនាំ គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិក និងនិស្សិតទាំងអស់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ចេញនូវគោលការណ៍ដ៏ម៉ឺងម៉ាត់ និងដាច់ខាតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់ ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក។
ញត្តិគាំទ្រមានខ្លឹមសារយ៉ាងដូច្នេះថា «យើងសូមសម្តែងនូវគាំទ្រយ៉ាងពេញទំហឹងចំពោះការប្រកាសដាក់ចេញនូវគោលការណ៍ដ៏ម៉ឺងម៉ាត់ និងដាច់ខាតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ក្នុងការកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់ ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក»។
ទន្ទឹមនឹងនេះ យើងសូមប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការនូវរាល់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដែល មិនស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការផ្លាស់ប្តូរផ្តួលរំលំក្រៅប្រព័ន្ធប្រជាធិបតេយ្យ។
យើងខ្ញុំយល់ថា រាល់ទង្វើញុះញង់បង្កចលាចលសង្គមឥតឈប់ឈរតាមគ្រប់មធ្យោបាយ និងទម្រង់របស់ត្រកូលជនក្បត់ជាតិ៣ជំនាន់ជាមេក្លោង គឺពិតជាការប៉ុនប៉ងបំផ្លាញនូវសន្តិភាព ស្ថិរភាពសង្គម ការរីចម្រើនរបស់ប្រទេសជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជាទាំងមូលដែលមិនអាចប្រកែកនិងអត់អោនឱ្យយបានឡើយ។
យើងខ្ញុំប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាពនេះ ទោះជានៅក្នុងតម្លៃណាក៏ដោយ៕