អាជ្ញាធរក្រុង រុះរើតូបសង់លក់ដូរនៅលើដីចំណីផ្លូវចំនួន២កន្លែង ស្ថិតនៅតាមផ្លូវវាងក្រុង

សៀមរាប៖ កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៨នេះ មានការប្រទាញប្រទង់គ្នារវាងម្ចាស់ដីតូប និងគណៈកម្មការចម្រុះ ក្រុងសៀមរាប ក្នុងការអនុវត្តសេចក្តីណែនាំរបស់ខេត្ត ក្នុងការរុះរើសំណង់តូបលក់ដូរនៅលើដីចំណីផ្លូវចំនួន២កន្លែង ស្ថិតនៅតាមផ្លូវវាងក្រុង ក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ខេត្តសៀមរាប ដែលមានម្ចាស់ឈ្មោះ វ៉េង ហ៊ាង ដោយយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ អ៊ុន ប៊ុនធី មានទីលំនៅភូមិជាមួយគ្នា ដើមី្បសុំរុះរើសំណង់ទាំងពីរចេញពីដីចំណីផ្លូវ ដែលនៅមុខដីរបស់ខ្លួន ។ ក្នុងការចុះអនុវត្តន៍រុះរើសំណង់តូបទាំងពីរនេះ ក្រោមកិច្ចដឹកនាំរបស់លោក នួន ពុទ្ធារ៉ា អភិបាលនៃគណៈអភិបាលក្រុងសៀមរាប រួមទាំងមេធាវីចុងបណ្តឹងចូលរួមផងដែរ ។

ដោយយោងតាមការសន្និដ្ឋានរបស់សាលាដំបូងខេត្តសៀមរាប ក្នុងការចេញសាលក្រម ដោយបានបញ្ជាក់ ទៅលើការលើកបណ្តឹងរឿងរដ្ឋប្បវេណីលេខ៥៣៥ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ ចោល ដោយសាលក្រមដោយមិនឆ្លងកាត់ការទាញហេតុផលផ្ទាល់មាត់ ដោយខ្វះលក្ខខណ្ឌបណ្តឹងស្របតាមមាត្រា៣២ និងស្របតាមមាត្រា៨១ នៃក្រមនីតិវិធីរដ្ឋប្បវេណី នៅក្នុងសេចក្តីសម្រេចបញ្ចប់ ដោយលើកចោលនូវបណ្តឹងរឿងរដ្ឋប្បវេណីលេខ៥៣៥ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៣ នៃសាលក្រមលេខ១៣(ណ) ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៤ ។

ក្នុងសកម្មភាពប្រតិបត្តិការរុះរើនោះដែរ មានលេចចេញនូវភាពអសុរោះ ពីម្ចាស់ដីតូប ជាមួយកម្លាំងចុះប្រតិបត្តិការ ក្នុងការរុះរើ ដោយមានការប្រមាទនូវពាក្យសម្ដីធ្ងន់ៗនឹងគ្នា ។ តែក្នុងនោះដែរ មន្ត្រីនៃគណៈកម្មាការចម្រុះក្រុង ក៏មានប្រើនូវពាក្យសម្ដីគម្រុះគម្រើយ និងធ្វើការប្រមាទដល់ប្រជាពលរដ្ឋជាម្ចាស់ដី ដែលនឹងធ្វើឲ្យមានកើតនូវអំពើហិង្សានៅពេលនោះ ផងដែរ ។

ប្រសាសន៍បញ្ជាក់ដល់អ្នកសារព័ត៌មាននាឱកាសនោះ លោក នួន ពុទ្ធារ៉ា ក៏បានឲ្យដឹងផងដែរថា បញ្ហាការប្តឹងផ្តល់ចំពោះសំណង់តូបសាងសង់លើដីចំណីផ្លូវនេះ គឺកើតឡើងចាប់ពីឆ្នាំ២០១៣មកម្លេះ ហើយពីអាណត្តិ អភិបាលខេត្តមួយទៅអភិបាលខេត្តមួយ ក៏ដូចពីអាណត្តិអភិបាលក្រុងមួយទៅអភិបាលក្រុងមួយ នៅមិនទាន់បានធ្វើការដោះស្រាយចេញឡើយ ។ ម៉្យាងទៀតមុនការរុះរើក៏បានធ្វើសេចក្តីជូនដំណឹង ដល់ម្ចាស់ដីសំណង់តូបទាំងពីរឲ្យធ្វើការរុះរើ ព្រមទាំងបានធ្វើការណែនាំផងដែរ ។

ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរខេត្ត ក្រុង ដើមី្បបញ្ចប់ទំនាស់ ក៏ដូចជាការទប់ស្កាត់រាលការរំលោភយកដីចំណីផ្លូវសាធារណៈ មកបម្រើផលប្រយោជន៍ឯកជន ហើយការអនុវត្តលើជនដែលមិនស្តាប់តាមការណែនាំពីអាជ្ញាធរមានសមត្ថកិច្ចនោះ អាជ្ញាធរខេត្តឯកភាពតាមគោលការណ៍ឲ្យសាលាក្រុង ចាត់នូវវិធានការរុះរើតូបរបស់លោក វ៉េង ហ៊ាង ដែលបានសាងសង់រំលោភលើដីចំណីផ្លូវ និង ប៉ះពាល់ដល់ក្បាលដីអ្នកដទៃ ទៅតាមវិធានការច្បាប់ ។

លោក នួន ពុទ្ធារ៉ា បានបន្តទៀតថា ការរុះរើតូបនៅលើចំណីផ្លូវនេះ មិនបានបម្រើដល់ផលប្រយោជន៍បុគ្គលណាម្នាក់ឡើង គឺបម្រើជាសម្បត្តិសាធារណៈ ហើយក៏មិនបានតែរុះរើតូបចំនួនពីរនេះទេ គឺបន្តធ្វើការរុះរើជាជំហានៗ ទៅតាមសេចក្តីជូនដំណឹងរបស់សាលាក្រុង ហើយក៏យើងមិនអាចអភិវឌ្ឍន៍បានក្នុងពេលតែមួយនោះឡើយ។

លោកបានបន្តទៀតថា ថ្ងៃនេះអាជ្ញាធរក្រុង ត្រូវធ្វើការអនុវត្តឲ្យខាងតែបាន ដើមី្បបន្តអនុវត្តន៍ ចំពោះតូប និងលំនៅដ្ឋានណាដែលបានសង់បំពានរំលោភមកលើដីសាធារណៈ ក្នុងការរៀបចំសណ្តាប់ធ្នាប់ និងសោភណ្ឌភាពក្នុងក្រុងប្រវត្តិសាស្ត្រទេសចរណ៍មួយនេះឲ្យកាន់តែមានភាពស្រស់ត្រកាល ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។

ក្នុងនោះលោកអភិបាលក្រុង ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋក្នុង ក្រុងសៀមរាប គ្រប់ស្រទាប់វណ្ណៈ មុននឹងធ្វើការសាងសង់សំណង់អ្វីមួយ គឺត្រូវធ្វើការសុំច្បាប់អនុញ្ញាត ពីអាជ្ញាធរជំនាញ គ្រប់លំដាប់ថ្នាក់ ដើមី្បជៀសវាងនូវរាល់ការខាតបង់ទ្រព្យសម្បត្តិរបស់ខ្លួន ៕ប៊ុនរិទ្ធី

 

អត្ថបទដែលជាប់ទាក់ទង