ក្មេងស្រីវ័យ១៧ឆ្នាំ ប្តឹងប្រពន្ធអធិការស្រុកសូទ្រនិគម ទៅតុលាការទៀតហើយ

សៀមរាប៖ ករណីផ្តើមចេញពីរឿងលុយចងការប្រាក់(លុយរាប់)ក្មេងស្រីជាសិស្សសាលាម្នាក់ បានប្តឹងប្រពន្ធលោកអធិការនគរបាលស្រុកសូទ្រនិគម ទៅតុលាការ ដោយចោទប្រកាន់បីបទល្មើស និងទារសំណង៧០០០ដុល្លារ។ ករណីនេះ លោកអធិការបញ្ជាក់ថា មិនពាក់ព័ន្ធនឹងលោកឡើយ។

ក្មេងស្រីសិស្សសាលា ដែលជាម្ចាស់បណ្តឹងមានឈ្មោះ គង់ ដាវី អាយុ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យដំដែក មានទីលំនៅភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ចំណែកចុងបណ្តឹងក្នុងរឿងនេះ ឈ្មោះ ផល មាលាផល ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅភូមិដំដែក​ ឃុំដំដែក ស្រុកសូទ្រនិគមដូចគ្នា។

ក្នុងបណ្តឹងចុះថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ដែលបានចុះលេខទទួលដោយស្ថាប័នតុលាការ សុំប្តឹងឈ្មោះ ផល មាលាផល ពីបទជេរប្រមាថជាសាធារណៈ, អំពើលួច, និងបទហិង្សាដោយ ចេតនា ប្រព្រឹត្តិនៅក្នុងសាលារៀនវិទ្យាល័យដំដែក កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨។ នៅក្នុងបណ្តឹងក្មេងស្រីទាមទារសំណងថ្លៃខូចខាត៧០០០ដុល្លារអាមេរិក និងសុំឲ្យ​តុលាការផ្តន្ទាទោសជនបង្កតាមផ្លូវច្បាប់។

ខ្លឹមសារបណ្តឹងបង្ហាញថា កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នា២០១៨ ម៉ោងជាង៩ព្រឹក ឈ្មោះ ផល មាលាផល(ដើមបំណុល) បានទៅទារលុយពីឈ្មោះ គង់ ដាវី (កូនបំណុល) នៅក្នុងសាលា ខណៈកូនបំណុលសុំសងប្រាក់ដើម២០០០០រៀលក្នុងមួយថ្ងៃ ដោយសុំឈប់យកការប្រាក់។ ក្នុងគ្រាដែលម្ចាស់បំណុលមិនព្រម ក៏បានជេរប្រមាថថា មាយាទថោក, ចរិតថោកទាប។ ដោយជេរប្រមាថច្រើនផ្អើលដល់សិស្សសាលាចោមរោមមើល កូនបំណុលក៏យកទូរស័ព្ទថតរូប ភ្លាមនោះ ដើមបំណុលឆក់យកទូរស័ព្ទ រហូតប្រតាយគ្នា លុះប៉ូលិសចុះ មកអន្តរាគមន៍ហើយនាំយកទៅដល់ប៉ុស្តិ៍ ទើបដើមបំណុលឲ្យ​ទូរស័ព្ទវិញ។

នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ ក្មេងស្រីឈ្មោះ គង់ ដាវី បានប្រាប់តាមទូរស័ព្ទថា រូបគាត់ជាសិស្សថ្នាក់ទី១២ វិទ្យាល័យដំដែក។

កន្លង​មកម្តាយរបស់គាត់ បាន​ចងការប្រាក់ពីឈ្មោះ ផល មាលាផល ដែលក្នុងនោះ រូបគាត់ក៏បានខ្ចីមួយលានរៀលផងដែរ សម្រាប់ធ្វើដើមលក់ដូរ។ ប៉ុន្តែទាំងរូបគាត់ ទាំងម្តាយបានសងជាបន្តបន្ទាប់ ក្នុងមួយថ្ងៃ១២៥០០០រៀល ក្នុងនោះ ប្រាក់ដើម ៤៥០០០រៀល ឯការប្រាក់៨០០០០រៀល។

នាងបន្តថា ក្រោយម្តាយចេញទៅធ្វើការនៅប្រទេសថៃ នាងមិនមានលទ្ធភាពសងទាំងស្រុង ក៏សុំសងតែប្រាក់ដើម ជំនួសម្តាយផង២០០០០រៀលក្នុងមួយថ្ងៃ  ដោយសុំឈប់យកការប្រាក់ ត្បិតបំណុលរបស់នាងតែមួយលានរៀលទេ ឯផ្សេងទៀតម្តាយជាអ្នកជំពាក់។ ប៉ុន្តែថ្ងៃកើតហេតុឈ្មោះ ផល មាលាផល មិនត្រឹមតែមិនអនុគ្រោះ ថែមទាំងជេរប្រមាថ និងប្រើហិង្សាលើរូបនាងដល់ក្នុងសាលាទៀត ចឹងហើយទើបនាងសម្រេចចិត្តប្តឹងបែបនេះ។

ចំណែកលោកស្រី ផល មាលាផល ជាម្ចាស់បំណុល ដែលគេស្គាល់ថា ជាប្រពន្ធអធិការនគរបាលស្រុកសូទ្រនិគម បានប្រាប់តាមទូរសព្ទ័ថា គ្រប់យ៉ាងមិនដូចការចោទប្រកាន់របស់ឈ្មោះ គង់ ដាវី នោះទេ។​ នៅថ្ងៃកើតហេតុរូបគាត់បានទៅទារលុយ ខណៈនោះកូនបំណុលបានថតរូបគាត់ ទើបគាត់ដកយកទូរស័ព្ទ តែមិនបានយកដាក់កាបូបនោះទេ គឺកាន់នឹងដៃទុក។ នៅពេលបន្ទាប់ដោយខ្លាចមានហិង្សា រូបគាត់ក៏បានតេហៅប៉ូលិស ហើយក៏ប្រគល់ទូរស័ព្ទឲ្យវិញ ពេលទៅដល់ប៉ុស្តិ៍។

ស្ត្រីដដែលបន្តថា ការប្តឹងចោទថា ប្រើអំពើហិង្សា, ជេរប្រមាថ, និងអំពើលួច គាត់មិនអាចទទួលយកបាននោះទេ ហើយរឹតតែមិនអាចទទួលយកបាន ការប្តឹងទារសំណងនោះដែរ ពីព្រោះទាំងនេះ គឺជាការចោទប្រកាន់ទាំងអស់។

ករណីនេះ អធិការនគរបាលស្រុកសូទ្រនិគម លោកវរសេនីយ៍ឯក ណុប សារ៉ាក់ បានប្រាប់តាមទូរសព្ទ័ថា មិនពាក់ព័ន្ធនឹងលោកទេ។ ក្នុងនាមសមត្ថកិច្ច លោកបានសម្របសម្រួលដែរ តែពួកគាត់មិនព្រម ចឹងទេ ការប្តឹងជាសិទ្ធិរបស់ពួកគាត់។

លោកបន្តថា រឿងប្រពន្ធជារឿងរបស់គាត់ អ្នកណាខុសច្បាប់ចាត់ការតាមហ្នឹង ប៉ុន្តែបើប្តឹងគេគ្មានលក្ខណៈគ្រប់គ្រាន់ ហើយតុលាការរកមិនឃើញកំហុសនោះ គេនឹងប្តឹងបកវិញមិនខាន។

សូមបញ្ជាក់ថា គិតមកដល់ត្រឹមថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ មានបណ្តឹងចំនួន៤ហើយ ដែលពលរដ្ឋក្នុងស្រុកសូទ្រនិគម ប្តឹងលោកស្រី ផល មាលាផល ទៅតុលាការខេត្តសៀមរាប។ ឯបណ្តឹងទាំងនោះ តុលាការហាក់មិនទាន់ហៅគូរភាគី ចូលខ្លួនដោះស្រាយនៅឡើយទេ ប៉ុន្តែគ្រប់ដើមបណ្តឹងនៅតែរំពឹងថា និងមានដំណោះស្រាយនាពេលឆាប់ៗខាងមុខនេះ៕ប៊ុនរិទ្ធី

 

អត្ថបទដែលជាប់ទាក់ទង