Maycon ត្រូវបានក្លឹបបឹងកេត សម្រេចបញ្ចប់កិច្ចសន្យា

ភ្នំពេញ៖ កីឡាករ Maycon ខ្សែប្រយុទ្ធជនជាតិប្រេស៊ីល ក្រោយចំណាយពេល ២រដូវកាល និងរួមចំណែកលើកពានកំពូលនៅឆ្នាំ២០១៧ បានបញ្ចប់កិច្ចសន្យាជាមួយអតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៣សម័យកាល បឹងកេតអែហ្វស៊ី។

ក្លឹបបឹងកេតអែហ្វស៊ី មិនអាចបន្តកិច្ចសន្យាថ្មីដល់ខ្សែប្រយុទ្ធ Maycon ដោយហេតុផល ការផ្លាស់ប្ដូរទម្រង់លេងថ្មីរបស់ក្រុម និងវ័យកាន់តែជ្រេរបស់កីឡាកររូបនេះផងដែរ ទើបចាកចេញទៅចូលរួមជាមួយក្លឹប Shan United នៅក្របខណ្ឌកំពូលមីយ៉ាន់ម៉ា។

លោក បែ មករា បញ្ជាក់ថា យើងក៏បានផ្លាស់ប្ដូរកីឡាករបរទេសមួយចំនួនដែរ ម្យ៉ាងទៀតវ័យរបស់គាត់ច្រើនហើយ ដែលធ្វើឲ្យកម្លាំងគាត់ក៏ស្រុតចុះផងនោះ ស្របពេលដែលយើងប្ដូរទម្រង់លេងថ្មីនៅរដូវកាលខាងមុខ អ៊ីចឹងការលេងរបស់គាត់ មិនតាមអ្វីដែលយើងបានគ្រោង ទើបមិនអាចបន្តកិច្ចសន្យា។

ខណៈបច្ចុប្បន្នក៏បានដៅរួចរាល់មួយចំនួនហើយដែរ ក្លឹបនឹងប្រកាសសមាសភាពកីឡាករបរទេសថ្មីអំឡុងខែមករា ឆ្នាំ២០១៩ ខាងមុខនេះ ៕