Floyd Mayweather ចំណាយពេលតែ ៩នាទី ទទួលបានទឹកប្រាក់៩លានដុល្លារ ដោយស្រួល (មានវីដេអូ)

តូក្យូ៖ កីឡាករប្រដាល់សកលវ៉ៃមិនដែលចាញ់ Floyd Mayweather ទទួលបានតម្លៃខ្លួន ៩លានដុល្លារសហរដ្ឋអាមេរិកពីការផ្តួលកីឡាករជើងខ្លាំងជប៉ុន Tenshin Nasukawa ឲ្យបោះបង់ការប្រកួតត្រឹមតែរយៈពេលជាង ២នាទី ក្នុងទឹកទី១ នៅប្រទេសជប៉ុន។

ការប្រកួតដែលបានធ្វើឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុននៅថ្ងៃឆ្លងឆ្នាំ២០១៨ ឈានចូលឆ្នាំ២០១៩ បែបលក្ខណៈ កម្សាន្តសប្បាយៗ និងដើម្បីផ្សាយពាណិជ្ជកម្មផងនោះ កីឡាករអាមេរិក វ័យ៤១ឆ្នាំ Floyd បានប្រើកណ្តាប់ដៃវ៉ៃ Nasukawa ឲ្យដួលអុកគូថលើសង្វៀនចំនួន ៣ដងជាប់ៗគ្នា និងសម្រេចបោះបង់ការប្រកួតជាផ្លូវការនៅវិនាទី១៤០ ក្នុងទឹកទី១ ក្នុងចំណោមការប្រកួតមាន ៣ទឹក (៣នាទី/ទឹក)។

កីឡាករដែលមានរហស្សនាមថា «Money Man» ត្រូវបានលោកអាជ្ញាកណ្តាលព្រមានផងដែរ ដោយសាររូបគេបានសើចចំអក ក៏ដូចជារាំក្នុងន័យដឺដងឲ្យ Nasukawa ក្រោយកីឡាករជប៉ុនរូបនេះដួលនៅមុខអ្នកទស្សនាផ្ទាល់ប្រមាណ ៣៧០០០នាក់នារាត្រីថ្ងៃចន្ទ ទី៣១ ខែធ្នូ ឆ្នាំ២០១៨។

Floyd Mayweather បានសរសេរបង្ហោះនៅលើ Instamgram ក្រោយទទួលបានជ័យជម្នះថា «ដូចអ្វីដែលខ្ញុំធ្លាប់បាន ប្រាប់អ្នកហើយថា ខ្ញុំនឹងទទួលបានទឹកប្រាក់ ៩ខ្ទង់ដោយស្រួល តែពេលនេះវាបានកើតឡើងហើយនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ តើអ្នកអាចធ្វើដូចខ្ញុំទេ? វាស្រួលបំផុតហើយ ដែលចំណាយពេលតែ ៩នាទី ដើម្បីទទួលបានទឹកប្រាក់ ៩លានដុល្លារ»