រដ្ឋមន្ត្រីការពារជាតិ​ស្ដីទីអាមេរិក បដិសេធការជាប់ពាក់ព័ន្ធ​ជម្លោះផលប្រយោជន៍ ដែលធ្លាប់បាន​ចំណាយ​ពេលបម្រើការងារជាង ៣១ឆ្នាំ ឱ្យ​ក្រុមហ៊ុនBoeing

វ៉ាស៊ីនតោន៖ លោក ផាទ្រីក សាណាហាន់ (Patrick Shanahan) រដ្ឋមន្ត្រីការពារជាតិស្ដីទី​អាមេរិក  បានអះអាងថា នៅអំឡុងពេល​កាន់តំណែងជា​អនុរដ្ឋមន្ត្រីការពារជាតិ​ លោកមិនមាន​ជាប់ពាក់ព័ន្ធនឹងជម្លោះ​​ផលប្រយោជន៍ ឬក៏មុខជំនួញ​របស់ក្រុមហ៊ុនផលិត​យន្ដហោះ Boeingឡើយ។ នេះ​បើតាមសម្តីអ្នកនាំ​ពាក្យរបស់លោកនៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩ ​ដកស្រង់ដោយ​សារព័ត៌មាន Sputnik ។

សូមបញ្ជាក់ថា លោក  ផាទ្រីក សាណាហាន់ ធ្លាប់បាន​ចំណាយ​ពេលជាង ៣១ឆ្នាំ បម្រើការងារ​ឱ្យ​ក្រុមហ៊ុន Boeing ដែលមាន​ទីស្នាក់ការ​នៅក្នុង​​ទីក្រុងឈីកាហ្គោ មុននឹងលោក ​ត្រូវបានតែងតាំង​ ជាអនុរដ្ឋមន្ត្រីការពារជាតិ​អាមេរិក កាលពីខែកក្កដា ឆ្នាំ២០១៧។

បើតាមអ្នកនំាពាក្យ​លោក  ផាទ្រីក សាណាហាន់ បានបញ្ជាក់​យ៉ាងដូច្នេះថា «លោករដ្ឋមន្ត្រី​ការពារជាតិស្ដីទីអាមេរិក​​បានបដិសេធថា លោកមិនមាន​ជាប់ពាក់ព័ន្ធនឹងជម្លោះ​ផលប្រយោជន៍ ឬក៏មុខជំនួញ​របស់​ក្រុមហ៊ុន Boeing នៅអំឡុងពេល​លោកកាន់តំណែង​ ជាអនុរដ្ឋមន្ត្រី​ការពារជាតិ​នោះទេ»។

គួរបញ្ជាក់ថា លោក ចេមស៍ ម៉ាត់ទីស (James Mattis) បញ្ចប់ភារកិច្ចជា​រដ្ឋមន្ត្រីការពារជាតិ​ តាមរយៈការលាលែង​ពីតំណែង កាលពីថ្ងៃចន្ទ​កន្លងទៅ លោក  ផាទ្រីក សាណាហាន់ ក៏បានឡើងកាន់តំណែង​ជារដ្ឋមន្ត្រីការពារ​ជាតិស្ដីទី ដោយគ្មានបទ​ពិសោធន៍ខាងវិស័យការពារជាតិ​ទាល់តែសោះ៕