បែកធ្លាយព័ត៌មាន ចិន​ផលិត​​គ្រាប់​មីស៊ីល​​ឈ្មោះ «រលកយក្ស» និងតេស្ដជា​សម្ងាត់ អាចបាញ់ដល់អាមេរិក តែចិនច្រាន​ចោល

ម៉ូស្គូ៖ ចិនបានបាញ់​សាកល្បងដោយ​ជោគជ័យនូវ​គ្រាប់មីស៊ីល​ទំនើបចុងក្រោយបំផុតរបស់​ខ្លួន ដែល​មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ អាចបាញ់ដល់គ្រប់ទីកន្លែងនៃទឹកដី​សហរដ្ឋអាមេរិក បើតាមការរាយការណ៍ នាពេល​ថ្មីនេះដោយសារព័ត៌មាន Washington Free Beacon។  នេះបើតាមការ​ដកស្រង់ចេញផ្សាយ​នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមករា ឆ្នាំ២០១៩ ដោយ​សារព័ត៌មាន Sputnik។

កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ចិនបានធ្វើតេស្ដមីស៊ីលមាន​ឈ្មោះថា JL-3 ឬ Julong-3 ឬក៏អាច​ហៅម្យ៉ាង​ទៀតបានថា «រលកយក្ស» ជា​សម្ងាត់នៅឯ​សមុទ្រ Bohai បើតាមសារព័ត៌មាន Washington Free Beacon។ ដោយបានបញ្ជាក់​ទៀតថា​ មីស៊ីល Julong-3 អាចបាញ់បាន​ចម្ងាយច្រើនជាង ៩,០០០គីឡូម៉ែត្រ ហើយមីស៊ីស​ស៊េរីថ្មីនេះ​មានសមត្ថភាព​ផ្ទុកមីស៊ីល ២៤គ្រាប់ ត្រូវបានបាញ់​ចេញ​ពីនាវាមុជទឹក​នុយក្លេអ៊ែរ Type 096 ។

សូមបញ្ជាក់ថា ចំពោះការចេញផ្សាយនេះ សារព័ត៌មានរដ្ឋចិន​ជាច្រើនបានច្រាន​ចោល ដោយ​អះអាងថា សូម្បីតែឈ្មោះ​ពិតប្រាកដរបស់​មីស៊ីលនោះ ក៏សារព័ត៌មាន​អាមេរិកមួយនេះមិនដឹង​ច្បាស់ផង។ នៅក្នុង​ភាសាចិន «Julong» ប្រែថា «នាគរាជ​ដ៏អស្ចារ្យ» រីឯ «រលកយក្ស» គឺមានន័យ​ស្មើនឹង​ពាក្យ «Julang» ។

បើតាមសារព័ត៌មាន​  Washington Free Beacon មានន័យថា នាវាមុជទឹក​នុយក្លេអ៊ែរ Type 096 បានសាងសង់​រួចរាល់ហើយ ដែលខុសស្រឡះពីការវាយតម្លៃ​ ដែល ចិនត្រូវការប្រើពេល​ជាច្រើនឆ្នាំឯណោះ ដើម្បីអាចផលិត​នាវាមុជទឹក​នេះបានសម្រេចទៅរួច៕