Manchester City ត្រូវការជ័យជម្នះរាល់ប្រកួ​ត ដើម្បីប្រជែងតំណែងជើងឯក

គ្រូបង្វឹក Manchester City លោក Pep Guardiola បានលើកឡើងថា ក្រុមរបស់លោក ត្រូវការជ័យជម្នះរាល់ប្រកួតដោយចាត់ទុកថារា​ល់ប្រកួតទាំងអស់ ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ពួកគេ​ ​បើ​សិនជាចង់​លើក​ពាន​ Premier League។ ខណៈ​ការ​ប្រកួត​ក្របខ័ណ្ឌ​អង់គ្លេស​សល់​១៧​ប្រកួត​ទៀត​នឹង​បញ្ចប់​រដូវ​កាល​ហើយ។

Pep បានបន្តទៀតថា ​”​មាន​តែ​ពាក្យថាឈ្នះ​ប៉ុណ្ណោះ​ សម្រាប់ពួក​យើង ទើបមាន​ឱកាស​ដណ្ដើម​ពានបាន​ ហើយ​បើសិនជា​ភ្លាត់​នោះ​ គ្រប់​យ៉ាង​នឹងត្រូវចប់​ហើយ។​ នៅ​មាន​ឧបសគ្គ​ច្រើន​ទៀត​នៅ​ប្រកួត​បន្តបន្ទាប់​ គ្រប់​ការ​ប្រកួត​នៅ​ពេល​នេះ​ គឺ​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​យើងហើយ”។​

ចំពោះការប្រកួតនៅយប់​មិញនេះ Agüero ជាអ្នកនាំគ្រាប់បាល់នាំមុខ ឱ្យ Man City ក្រោយមក Liverpool​ តាមស្មើរ​ដោយកីឡាករ​ Firmino ហើយខ្សែ​បម្រើ​ឆ្នើម​ Leroy Sane បាននាំជ័យជម្នះឱ្យក្រុម​រហស្សនាម​​ “ពណ៌​ផ្ទៃ​មេឃ​” លើក្រុមហង្សក្រហម Liverpool​ ក្នុងលទ្ធផល ២ទល់នឹង១។

ក្រោយពីឈ្នះការប្រកួតតានតឹងនេះ Man City បានបន្ថយគម្លាតជារវាងក្រុម ជាមួយក្រុមកំពូលតារាង Liverpool​ ពី​ ៧ពិន្ទុ​ មកត្រឹម ៤ពិន្ទុ៕