ទីបំផុត! ចិន និង​ អាមេរិក នឹងបើកកិច្ចចរចាដោះស្រាយ​ជម្លោះពាណិជ្ជកម្ម​ថ្នាក់​អនុរដ្ឋមន្ត្រី​ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ឆាប់ៗខាងមុខនេះ

ប្រទេសចិន៖ បើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩ ក្រសួង​ពាណិជ្ជកម្ម​ចិនបានឱ្យដឹងថា ប្រទេសចិន និង​សហរដ្ឋអាមេរិក​នឹងបើកកិច្ចចរចាដោះស្រាយ​ជម្លោះពាណិជ្ជកម្ម​ថ្នាក់​អនុរដ្ឋមន្ត្រី​ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ឆាប់ៗខាងមុខនេះ។

នៅក្នុង​សេចក្ដីថ្លែងការណ៍ចេញផ្សាយ​នៅព្រឹកថ្ងៃសុក្រនេះបានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​ចិនបានបញ្ជាក់​ទៀតថា ប្រតិភូអាមេរិកមួយ​ក្រុមដឹកនាំ​ដោយ អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អាមេរិក (Deputy U.S. Trade Representative) លោក ចេហ្វហ្វ្រេយ ហ្គែរីស (Jeffrey Gerrish) នឹងបំពេញ​ដំណើរទស្សនកិច្ច​មកកាន់ ទីក្រុងប៉េកាំង​នៅសប្ដាហ៍​ក្រោយនេះ ហើយភាគីទាំងពីរ​នឹងពិភាក្សាគ្នាពី​មធ្យោបាយអនុវត្តន៍​តាមកិច្ចព្រមព្រៀង​ ដែលត្រូវបាន​ធ្វើឡើងនៅ ក្នុងប្រទេស​អាហ្សង់ទីនរវាង​លោក ដូណាល់ ត្រាំ និង​លោក ស៊ី ជិនពីង កាលពីខែចុង វិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅ។

ម្យ៉ាងវិញទៀតកិច្ចចរចានេះ​ ក៏បង្ហាញផងដែរ​ពីសញ្ញាផ្សះផ្សា​ជម្លោះ​ពាណិជ្ជកម្ម រវាងមហា​អំណាច​សេដ្ឋកិច្ច​ទាំងពីរ ខណៈលោក ត្រាំ បានអះអាងថា មានភាព​ជឿនលឿននៅក្នុង​កិច្ចចរចា​ពាណិជ្ជកម្ម បន្ទាប់ពីលោក​បានពិភាក្សា​តាមទូរស័ព្ទជា​មួយលោក ស៊ី ជិនពីង កាលពី​​សប្ដាហ៍មុន។ មិនតែ​ប៉ុណ្ណោះ ចិនក៏បាន​អនុវត្តន៍​ការកាត់បន្ថយពន្ធនាំចូល​លើផលិតផល​ជាង ៧០០មុខផងដែរ ចាប់ពីថ្ងៃទី០១ ខែមករា មកម្ល៉េះ។

សូមជម្រាបថា កិច្ចចរចា​ដោះស្រាយជម្លោះពាណិជ្ជកម្ម​ថ្នាក់​អនុរដ្ឋមន្ត្រី​​ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៨ ខែមករា ខាងមុខនេះ​នឹងក្លាយជាជំនួប​ទល់មុខលើ​ដំបូងបំផុតចា​ប់តាំងពីលោក ដូណាល់ ត្រាំ និ​ងលោក ស៊ី ជិនពីង បានឯកភាពលើការផ្អាក​សង្រ្គាមដំឡើង​ពន្ធរយៈពេល ៩០ថ្ងៃ នាឱកាស​ចូលរួមកិច្ចប្រជុំ​កំពូល G20 ក្នុងប្រទេស​អាហ្សង់ទីន កាលពីចុង​ខែវិច្ឆិក កន្លងទៅ។ ការឯកភាព​នេះ​ជាការសបញ្ជាក់​យ៉ាងច្បាស់​ថា ភាគីទាំងពីរ​ជាពិសេស​អាមេរិក​ពិតជាទទួល​ស្គាល់ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាងមហាយក្សសេដ្ឋកិច្ច​ទាំងពីរនេះ ​បានបង្កផល​ខូចខាតទាំងអស់ខាងយ៉ាងប្រាកដ ដោយគ្មាននរណា​អាចយកចំណេញ​បានឡើយ៕