សហរដ្ឋអាមេរិក នឹងធ្វើឱ្យអ៊ីរ៉ង់ ជួបផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមិនព្រមបោះបង់គម្រោងបាញ់បង្ហោះ​ផ្កាយរណប

វ៉ាស៊ីនតោន៖ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩នេះ ថា បើសិនជាអ៊ីរ៉ង់ មិនព្រមបោះបង់ចោលគម្រោងបាញ់បង្ហោះ​ផ្កាយរណប៣គ្រឿង ទៅកាន់ទីអវកាសនោះទេ សហរដ្ឋអាមេរិក ព្រមាននឹងធ្វើឱ្យអ៊ីរ៉ង់ ជួបផលវិបាកធ្ងន់ធ្ងរ ដោយហេតុថាគម្រោងទាំងនេះ ត្រូវបានទីភ្នាក់ងារស៊ើបការណ៍សំងាត់របស់អាមេរិក អះអាងថា វាមានជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលឆ្លងទ្វីប។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានធ្វើការការព្រមានបែបនេះដល់អ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ​ ដែលជាថ្ងៃតែមួយ ដែលយានអវកាសចិន «ឆាងអឺ-៤» ចុះចតលើ​ផ្ទៃមួយចំហៀង​ទៀតនៃព្រះច័ន្ទ​ដោយជោគជ័យជាលើក​ដំបូងបំផុត។ លោកក៏បាន បន្ថែមទៀតថា “គម្រោងបាញ់បង្ហោះផ្កាយរណបរបស់អ៊ីរ៉ង់ គឺដើម្បីអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលអន្តរទ្វីប​នុយក្លេអ៊ែរដែលអាចបាញ់ដល់ទឹកដី​អាមេរិក…ដូច្នេះសហរដ្ឋអាមេរិកនឹងមិនឈរឱបដៃមើលសកម្មភាពបង្កអស្ថេរភាព និងសន្តិសុខ​អន្តរជាតិពីសំណាក់អ៊ីរ៉ង់នោះឡើយ…ប៉ុន្តែយើងនៅតែផ្ដល់យោបល់ឱ្យរបបដឹកនាំទីក្រុងតេហេរ៉ង់ពិចារណាឡើងវិញ ចំពោះគម្រោង​បាញ់បង្ហោះផ្កាយរណបនេះដើម្បីបញ្ជៀសទណ្ឌកម្មសេដ្ឋកិច្ច និងភាពឯកោផ្នែកការទូត”។

ចំពោះគម្រងបាញ់បង្ហោះផ្កាយរណបរបស់អ៊ីរ៉ង់ លោកម៉ៃក៍ ប៉ុមប៉េអូ បានបញ្ជាក់ថា វាគឺជាទង្វើរំលោភលើដំណោះស្រាយក្រុមប្រឹក្សា
សន្តិសុខអង្គការសហប្រជាជាតិលេខ២២៣១ កាលពីឆ្នាំ២០១៥ ជុំវិញកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់។ តែត្រូវទីក្រុងតេហេរ៉ង់ បានច្រានចោល ចំពោះការចោទប្រកាន់នេះ ដោយថាការបាញ់បង្ហោះផ្កាយរណបនេះ មិនមានជាប់ទាក់ទងនឹងបច្ចេកវិទ្យា នុយក្លេអ៊ែរឡើយ គឺគ្រាន់តែជាការបាញ់បង្ហោះធម្មតាតែប៉ុណ្ណោះ៕