ក្នុងឱកាសខួប​ទី៧១ នៃថ្ងៃបុណ្យឯករាជ្យ​នៃប្រជាជាតិមីយ៉ាន់ម៉ា​​ ប្រធានាធិបតី លោក យូ វីនម្យីន នឹងធ្វើវិសោធនកម្ម​​​រដ្ឋធម្ម​នុញ្ ព្រោះ…

មីយ៉ាន់ម៉ា៖ នៅថ្ងៃសុក្រនេះជាខួប​ទី៧១ នៃថ្ងៃបុណ្យឯករាជ្យ​នៃប្រជាជាតិមីយ៉ាន់ម៉ា ដោយប្រធានាធិបតីមីយ៉ាន់ម៉ា លោក យូ វីនម្យីន (U Win Myint)  បានអំពាវនាវឲ្យ​មានការធ្វើវិសោធនកម្ម​​​រដ្ឋធម្ម​នុញ្ញ ឲ្យមានភាព​សាកសមសម្រាប់ប្រទេស​របស់លោក ដើម្បីឆ្ពោះ​ទៅកសាងសហភាព​សហព័ន្ធប្រជាធិបតេយ្យ​​មួយ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩។

លោក​ប្រធានាធិបតី​មីយ៉ាន់ម៉ា់ ក៏បាន​ទទូចផងដែរឲ្យ​មានការខិតខំកសាងទំនុកចិត្ត ដើម្បីលើកកម្ពស់​ដំណើរការ​សន្តិភាព​​​ព្រមទាំង​ដើម្បី​ស្ថាបនាសហភាព​ប្រជាធិបតេយ្យ​មួយ។ ទន្ទឹមនឹងនេះ លោក Myint បានស្នើឲ្យមាន​ការធានានូវ​ការអភិវឌ្ឍ​ប្រកប​ដោយតុល្យភាព នៅតាមបណ្តារដ្ឋ និងតំបន់ ក៏ដូចជា​​ឲ្យមានការជួយ​គាំទ្រ​ដល់​កិច្ចប្រឹងប្រែងរបស់​រដ្ឋាភិបាល សម្រាប់ការ​អភិវឌ្ឍ​ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារដ៏ត្រឹមត្រូវ​​មួយ ​និងការអភិវឌ្ឍ​នៃវិស័យឯកជនថែមទៀត។

គួរជម្រាបថា មីយ៉ាន់ម៉ាបាន​ធ្លាក់ក្រោមអាណានិគម​របស់​ចក្រភពអង់គ្លេស កាលពីសតវត្សរ៍​ទី១៩ ហើយបានទទួល​ឯករាជ្យ​មកវិញកាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ១៩៤៨។ ចាប់តាំងពី​ការទទួលបានឯករាជ្យមក ប្រទេសមីយ៉ាម៉ា (ភូមា) បាន​ជួបប្រទះនូវរបត់នយោបាយ​ជាច្រើន​តំណាក់កាល ជាពិសេស​គឺអតីតរបបដឹកនាំ​យោធា ដែលត្រូវបានលោក​ខាងលិច​ថ្កោលទោស រហូត​ដល់មាន​​ការធ្វើកំណែទម្រង់​​មករកលទ្ធិ​ប្រជាធិបតេយ្យ ដែលត្រូវបាន​អនុវត្តន៍​ចាប់តាំងពីឆ្នាំ២០១០មក។ ទោះបីជា​បែបនេះក្តី បច្ចុប្បន្នមីយ៉ាន់ម៉ា​កំពុងរងសម្ពាធ​ពីអន្តរជាតិ​នៅឡើយ ពាក់ព័ន្ធទៅនឹង​បញ្ហាជនជាតិ​ភាគតិចរ៉ូហ៊ីងយ៉ា៕