នៅចំពោះមុខ​ការគំរាមពី​លោក ដូណាល់ ត្រាំ រដ្ឋាភិបាល​សហរដ្ឋអាមេរិកបានបញ្ចប់​ការបិទទ្វារ ដោយសភាអនុម័ត​សេចក្តីព្រាង​កញ្ចប់ថវិកា

វ៉ាស៊ីនតោន៖ នៅចំពោះមុខ​ការគំរាមពី​លោក ដូណាល់ ត្រាំ សភាតំណាងរាស្រ្ត​អាមេរិក​ ដែលគ្រប់គ្រងដោយ​​បក្សប្រជាធិបតេយ្យនោះ បានអនុម័ត​សេចក្តីព្រាង​ថវិកា​មួយហើយ សំដៅ​បញ្ចប់​ការបិទទ្វារនៃរដ្ឋាភិបាល​សហរដ្ឋអាមេរិក ។ នេះបើតាមការ​ដកស្រង់​ការផ្សាយ​ចេញនៅព្រឹក​ថ្ងៃសុក្រ ទី០៤ ខែមករា ឆ្នាំ២០១៩ ពី​សារព័ត៌មានរុស្ស៊ី Sputnik ។

ការអនុម័ត​សេចក្តីព្រាង​ថវិកា​មួយនេះ ​ស្ថាប័នសំខាន់ៗ​ដូចជា ក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម ក្រសួងការងារ ក្រសួង​ហិរញ្ញវត្ថុ (ក្រសួងរតនាគារ) ព្រមទាំង​ទីភ្នាក់ងារ​សហព័ន្ធឯទៀតៗ នឹងទទួលបាន​ថវិកាផ្គត់ផ្គង់ឡើងវិញរហូត​ដល់ថ្ងៃទី៣០ ខែកញ្ញា ពោលគឺដល់​ដំណាច់ឆ្នាំ​សារពើពន្ធ​២០១៩។

សេចក្តីព្រាង​ថវិកាខាងលើ ក៏ត្រូវរដ្ឋបាល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ព្រមាន​ទាត់ចោល ទោះបី​វា​មានគោលដៅ​បញ្ចប់ការបិទទ្វារ​រដ្ឋាភិបាលនាពេលបច្ចុប្បន្ន​ក៏ដោយ ព្រោះក្រុមមន្រ្តី​បក្សប្រជាធិបតេយ្យ មិនអើពើពី​ភាព​​ចាំបាច់ជា​បន្ទាន់នៃសន្តិសុខ​នៅតាម​ព្រំដែន។

សូមបញ្ជាក់ផងដែរថា សេតវិមានអាមេរិក​ នៅ​មុនការអនុម័ត​ខាងលើ​បានចេញសេចក្តី​ថ្លែងការណ៍ថា សេចក្តីព្រាង​ថវិការបស់​បក្ស​​ប្រជាធិបតេយ្យ ផ្តល់ហិរញ្ញប្បទាន​​ដល់​កម្មវិធីមិនចាំបាច់​ជាច្រើនលើស​កម្រិត រួមមានការផ្តល់​ជំនួយហួសហេតុ ទៅកាន់​​កាន់បរទេស ដូចជាទៅកាន់​តំបន់​ហ្គាហ្សា (Gaza), ស៊ីរី, ប៉ាគីស្ថាន, និងកម្មវិធី​របស់អង្គការ​សហប្រជាជាតិ។

បន្ទាប់​ពីសមាជិក​សភាបក្សប្រជាធិបតេយ្យ មិនយល់ស្រប​ចំពោះការទាមទារ​របស់ លោក ត្រាំ ដែលចង់បាន​ថវិកា​ ៥.៦ពាន់​លាន​ដុល្លារ ដើម្បីសាងសង់​ជញ្ជាំងព្រំដែនរវាង​អាមេរិក-ម៉ិចស៊ីកូ រដ្ឋាភិបាលអាមេរិក​បានស្ថិតក្នុងស្ថានភាព​បិទទ្វារ​មិនទាំងស្រុង ចាប់តាំងពី​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨៕​