ទស្សនាវីឌីអូជាក់ស្ដែង នៃការបាញ់សម្លាប់អស់០៣នាក់ ដែលកើតចេញពីភ្លើងប្រចណ្ឌ

ថៃ៖ ព្រោះតែភ្លើងប្រចណ្ឌ បុរសម្នាក់បានទាញកាំភ្លើងបាញ់បុរសម្នាក់ និងបាញ់សម្លាប់​មមិត្តស្រី រួចបន្តបាញ់សម្លាប់ខ្លួនឯងតាមក្រោយ បង្កការភ្ញាក់ផ្ញើលដល់ប្រជាពលរដ្ឋក្បែរមុខហាងស៉ីផឹកមួយកន្លែង ស្ថិតនៅភូមិរៀងបួ សង្កាត់ឈុមភូ ទីរួមខេត្តឡាំប៉ាង ។

សាកសពទាំង៣នាក់នោះមានឈ្មោះ៖

ទី ១ ឈ្មោះ វីរៈ កុង ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរជាអ្នកយាមហាងខាងលើ ទី២ឈ្មោះ បុណ យ៉ាផិន ភេទស្រី អាយុ ២០ឆ្នាំ ជានិស្សិតនៅសាកលវិទ្យាល័យល្បីឈ្មោះមួយកន្លែងក្នុងខេត្ត ឡាំប៉ាង និងទី៣ ឈ្មោះ តាំរ៉ង ឆៃ ភេទប្រុស អាយុ ៣៩ឆ្នាំ (ត្រូវជាមិត្តប្រុសរបស់នាង បុណ យ៉ាផិន និងជាជនបង្ក) ។

តាមសម្ដីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនបង្ក និងមិត្តស្រី ព្រមទាំងមិត្តភក្ដិមួយក្រុមបាននាំគ្នាមកផឹកស៊ីនៅហាងកើតហេតុ ។ ខណៈដែលអង្គុយផឹកស៊ីសុខៗស្រាប់តែជនដៃដល់ និងមិត្តស្រីបានទាស់សម្ដីគ្នា ហើយក៏បានដឹកដៃគ្នាចេញមកក្រៅដើម្បីនិយាយគ្នា ហើយគ្រានោះដែរមានសន្តិសុខហាងពីរនាក់បានដើរតាម ដើម្បីសម្របសម្រួល ស្រាប់តែជនដៃដល់បានដកកាំភ្លើង បាញ់ទៅសន្តិសុខស្លាប់ម្នាក់ រួចក៏បាញ់មិត្តស្រីស្លាប់ដែរ ក្រោយមកទើបបាញ់សម្លាប់ខ្លួនតាមក្រោយ ។

ក្រោយកើតហេតុ ប៉ូលិសក៏បានមកដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព និងប្រគល់សាកសពឲ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។ តាមការសន្និដ្ឋានបឋមពីសំណាក់សម្ថកិច្ចបានឲ្យដឹងថា ករណីឃាតកម្មខាងលើនេះ អាចបណ្ដាលមកពីភ្លើងប្រចណ្ឌ ៕