មានបញ្ហាស្នាមខ្មៅដោយសារមុនមែនទេ!! តោះ មកសាកជាមួយរូបមន្តងាយៗ ទាំង៥ នេះទាំងអស់គ្នា…!

« ខ្ញី » គឺជាគ្រឿងផ្សំមួយដែលចាំបាច់នៅក្នុងផ្ទះបាយ ដោយអាចយកមកចម្អិន និងបន្ថែមរសជាតិនៅក្នុងម្ហូបចំណីអាហារមួយចំនួន ថែមទាំងអាចជំនួយសុខភាពបានច្រើនស្ទើរតែមិនគួរឱ្យជឿ ដោយគ្រាន់តែទទួលទានវាជាប្រចាំប៉ុណ្ណោះ។

ក្រៅពីគុណប្រយោជន៍នៅក្នុងការទទួលទាន ខ្ញីមានសម្បូរសារធាតុសំខាន់ៗផ្សេងទៀតដើម្បីជំនួយដល់ស្បែកនៅខាងក្រៅផងដែរ ដែលរួមមានដូចជា៖

– មានសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក
– អាចជួយកម្ចាត់ស្នាមខ្មៅដោយកម្តៅថ្ងៃ ស្នាមអុច អាចម៍រុយ ស្នាមមុន និងស្នាមផ្សេងៗលើផ្ទៃមុខ
– ជួយឱ្យចលនាលំហូរឈាមលើផ្ទៃមុខដំណើរការល្អ
– ធ្វើឱ្យផ្ទៃមុខ ទន់ ភ្លឺ រលោង និងតឹងណែនក្មេងជាងវ័យ បំបាត់ការយារធ្លាក់នៃសាច់មុខ។

ដូច្នេះកុំនៅរង់ចាំយូរ ដើម្បីឱ្យមុខស្អាតដូចការរៀបរាប់ខាងលើ តោះ! មកតាមដានរូបមន្តសម្រស់ ដោយប្រើខ្ញីជាគ្រឿងផ្សំគោល លាយជាមួយនឹងគ្រឿងផ្សំងាយរកមួយចំនួនដូចខាងក្រោមនេះ៖

១. ខ្ញី និងជែលប្រទាលកន្ទុយក្រពើ

គ្រឿងផ្សំ៖

– ទឹកខ្ញី ១ស្លាបព្រាបាយ (យកខ្ញីកិន ឈូស ឬបុកច្រោះយកទឹក)
– ជែល ឬទឹកប្រទាលកន្ទុយក្រពើ ២ស្លាបព្រាបាយ (យកជែលកិន ឬក្រឡុកយកទឹក)
– ទឹកឃ្មុំ កន្លះស្រាបព្រាបាយ

ការអនុវត្ត៖

– យកគ្រឿងផ្សំទាំងអស់ខាងលើ កូរបញ្ចូលគ្នាឱ្យសព្វ បន្ទាប់មកយកដុំសម្លីជ្រលក់ល្បាយដែលលាយរួចផ្តិតលើផ្ទៃមុខកន្លែងដែលមានបញ្ហារយៈពេល២០នាទី
– ជាចុងក្រោយលុបលាងសម្អាតផ្ទៃមុខជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

២. ខ្ញី និងប្រេងអូលីវ

គ្រឿងផ្សំ៖

– ទឹកខ្ញី ១ស្លាបព្រាបាយ (កិន ឈូស ឬបុកខ្ញីច្រោះយកតែទឹក)
– ប្រេងអូលីវ ១ស្លាបព្រាបាយ (Olive Oil អាចរកទិញបាននៅបណ្តាផ្សារទំនើប)

ការអនុវត្ត៖

– យកគ្រឿងផ្សំទាំងអស់ខាងលើលាយបញ្ចូលគ្នា រួចលាបលើផ្ទៃមុខដែលមានបញ្ហាស្នាមផ្សេងៗ រួចទុកចោលរយៈពេល ១៥នាទី ទៅ ២០នាទី ចាំលាងចេញជាមួយនឹងទឹកក្រៅឧណ្ហៗជាការស្រេច។

៣. ខ្ញី និងតែបៃតង

គ្រឿងផ្សំ៖

– ខ្ញីឈូសស្តើងៗ
– តែបៃតង

ការអនុវត្ត៖

– ឆុងតែបៃតង រួចលាយជាមួយនឹងខ្ញីដែលឈូសរួចបញ្ចូលគ្នាក្នុងបរិមាណសមល្មម
– បន្ទាប់មកយកដុំសម្លីជ្រលក់ទឹកល្បាយនេះមកលាបឱ្យសព្វផ្ទៃមុខ ទុកចោលរយៈពេល ១៥នាទី ចាំលាងចេញនឹងទឹកក្តៅឧណ្ហៗជាកាស្រេច ។

៤. ខ្ញី និងទឹកឃ្មុំ

គ្រឿងផ្សំ៖

– ម្សៅខ្ញី ១ស្លាបព្រា (យកខ្ញីហាលថ្ងៃឱ្យស្ងួតរួចបុកជាម្សៅ)
– ទឹកឃ្មុំ ១ ទៅ ២ស្លាបព្រាបាយ

ការអនុវត្ត៖

– យកគ្រឿងផ្សំខាងលើលាយបញ្ចូលគ្នា រួចលាបល្បាយនេះលើផ្ទៃមុខដែលមានបញ្ហា ហើយទុកចោលរយៈពេល ១៥នាទី ទៅ ២០នាទី
– ជាចុងក្រោយលុបលាងផ្ទៃមុខចេញជាមួយនឹងទឹកធម្មតា ឬទឹកក្តៅឧណ្ហៗក៏បាន។

៥. ខ្ញី និងទឹកដោះគោជូរ

គ្រឿងផ្សំ៖

– ខ្ញីឈូសល្អិតៗ ១ស្លាបព្រាបាយ
– ទឹកដោះគោជូរ ២ ទៅ៣ស្លាបព្រាបាយ
– ប្រេងអូលីវ ១ស្លាបព្រាបាយ
– ទឹកក្រូចឆ្មារ ២ ទៅ៣ដំណក់

ការអនុវត្ត៖

– យកគ្រឿងផ្សំខាងលើទាំងអស់លាយបញ្ចូលគ្នាជាល្បាយមួយ
– លុបលាងផ្ទៃមុខឱ្យស្អាត រួចយកល្បាយនេះមកលាបឱ្យសព្វពេញផ្ទៃមុខ និង.ក ទុកចោលរហូតដល់ស្ងួត ចាំលាងចេញជាមួយនឹងទឹកក្តៅឧណ្ហៗជាការស្រេច។

បញ្ជាក់៖ វីធីទាំងអស់នៅខាងលើ ប្រសិនជាចង់ឱ្យឆាប់មានប្រសិទ្ធភាព សូមព្យាយាមអនុវត្ត ឱ្យបាន ២ ទៅ៣ដងក្នុងមួយសប្តាហ៍! សូមកុំភ្លេចអនុវត្តន៍ទាំងអស់គ្នាណា!