បរាជ័យលើកដំបូងក្នុងរយៈពេល១៥ឆ្នាំ ក្រោមស្នាដៃ Sociedad ធ្វើឱ្យ Real ធ្លាក់ដល់លេខ៥

Real Madrid បានទទួលនូវបរាជ័យ ជាលើកដំបូងនៅទឹកដី Santiago Bernabeu ក្នុងរយៈពេល១៥ឆ្នាំ ក្រោយចាញ់  Real Sociedad ក្នុងលទ្ធផល ០-២។

កាលពីយប់មិញ នៅក្នុងការប្រកួតរវាងក្រុម Real Madrid ដែលជាម្ចាស់ផ្ទះ និង​ក្រុមភ្ញៀវ Real Sociedad ក្នុងក្របខ័ណ្ឌ La Liga ដោយនៅត្រឹមតែ៣នាទីប៉ុណ្ណោះ ក្រុមភ្ញៀវអាចមានឱកាសនាំមុខ១គ្រាប់មុន ដែលជាការស៊ុតបាល់ប៉េណាល់ទីរបស់ ខ្សែប្រយុទ្ធ Da Silva ក្រោយពី Casemiro បង្កកំហុសលើ Mikel Merino។ វាជារឿងដែលកាន់តែពិបាកទៀតហើយ សម្រាប់ Real នៅក្នុងការរកគ្រាប់បាល់តាមស្មើ ដោយសារតែ Lucas Vazquez ទទួលបានកាតក្រហមបណ្ដេញចេញនៅនាទី៦១។

ហើយមកដល់ចុងម៉ោងនៅនាទី៨៣ មុននឹងចប់ការប្រកួត ដោយសារតែ Sociedad មានព្រៀបខាងកីឡាករផងនោះ ទើបអាចរកបានគ្រាប់បាល់១គ្រាប់ទៀត របស់ខ្សែបម្រើ Ruben Pard បញ្ចប់ក្តីសង្ឃឹមរបស់ Real។ ក្រោយចប់ការប្រកួត ក្រុមអធិរាជស Real Madrid បានខ្ទាតទៅដល់លេខ៥ក្នុងតារាង ខណៈដែល Real Sociedad ឡើងទៅលេខ១១។

ចំណែកឯ Barcelona វិញនៅតែបន្តឈរលើកំពូលតារាង ដោយទទួលបានបីពិន្ទុ ក្រោយយកឈ្នះ Getafe ២ទល់នឹង១ ហើយ Atletico Madrid ស្ថិតនៅលេខ២ ដែលមានពិន្ទុតិចជា ៥ពិន្ទុ បើគិតត្រឹមសប្ដាហ៍ទី១៨នេះ៕