រថយន្តហុីយន់ដាយ បុកជាមួយម៉ូតូស្លាប់ម្នាក់ យ៉ាងអាណោចអាធ័ម

កណ្តាល៖ យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់នៅនឹងកន្លែងកើតហេតុ ខណៈដែលជួបគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកជាមួយម៉ូតូ ដោយសារបើកបរក្នុងល្បឿនលឿន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅថ្ងៃ អាទិត្យ ១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមករា គ.ស.២០១៩ វេលាម៉ោង ២០និង៥០នាទី លើផ្លូវលេខ ១២៩ ស្ថិតនៅក្នុងភូមិព្រែកបិ ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តណ្តាល។

ជនរងគ្រោះមានឈ្មោះថន ហូយ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិ កំពង់សំបួរលើ ឃុំ ព្រែកថ្មី ស្រុក កោះធំ ខេត្តកណ្តាល បើកបរម៉ូតូ។ ម្ចាស់រថយន្តអត់ស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល។

នគរបាលចរាចរណ៍ស្រុកកោះធំ បានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូម៉ាកហុងដា សេ១២៥ សេ៊រី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1R-8835 ម៉ូតូអត់កញ្ចក់ អ្នកបើកអត់ពាក់មួកសុវត្ថិភាព បើកបរមានទិសដៅពីលិចទៅកើត (ស្រុកព្រៃកប្បាស ខេត្តតាកែវ មក ឃុំកោះធំ(ខ) ស្រុកកោះធំ ខេត្តកណ្តាល) បានបុកជាមួយរថយន្ត ម៉ាកហុីយន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 2O-0562 បើកបរមានទិសដៅពី កើត ទៅលិច បញ្ច្រាសទិសគ្នា បណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ (អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ) បើកទាំងរថយន្តគេចខ្លួន លុះបានប្រហែល៣គីឡូម៉ែត្រ ក៏ទុករថយន្តចោល។

ករណីនេះបង្កឡើងដោយ អ្នកបើកបររថយន្តបើកបរមានល្បឿនលឿន ហើយមិនប្រកាន់ស្តាំ ត្រូវបានម៉ូតូបុក ចំកង់រថយន្ត ខាងក្រោយ ផ្នែកខាងស្តាំ បណ្ដាលឱ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។ ភ្លាមៗកម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍ បានចុះដល់កន្លែងកើតហេតុ បានបាញ់ថ្នាំសម្គាល់ចំណុចបុក ប៉ះរួចយកយានយន្ត ដែលពាក់ព័ន្ធមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការ តាមនីតិវិធី។ ចំណែកសពបានប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ឆៃ យុទ្ធ