ក្មេងលេងភ្លើង ឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង និងសម្ភារៈមួយចំនួនធំ

សៀមរាប៖ អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ កាលពីវេលាម៉ោង ១១និង១០នាទីថ្ងៃអាទិត្យ ១កើត ខែបុស្ស ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៩ នៅចំណុចភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

សមត្ថកិច្ចបានឱ្យដឹងថា ផ្ទះចំនួន ០១ខ្នង ទំហំ៤ម៉ែត្រ×៥ម៉ែត្រ ប្រភេទឈើ ដំបូលប្រក់សង្ក័សី ជញ្ជាំងស្លឹក របស់គ្រួសារ ឈ្មោះ វ៉ាន់ ឡង អាយុ៣២ឆ្នាំ មុខរបរដាំបន្លែលក់ ប្រពន្ធឈ្មោះ ហិប ពៅ អាយុ២៤ឆ្នាំ មានកូនចំនួន១នាក់ក្នុងបន្ទុក។

ហេតុការណ៍នេះ ធ្វើខូចខាតសម្ភារៈរួមមាន ផ្ទះមួយខ្នង ទំហំ៤ម៉ែត្រ×៥ម៉ែត្រ ខូចខាតទាំងស្រុង កង់ចំនួន០២គ្រឿង ទូរទស្សន៍ប្រភេទ LCD មួយគ្រឿង លុយដុល្លារចំនួន ១២០០ដុល្លារ សម្ភារៈផ្ទះបាយ និងសំលៀកបំពាក់ ខូចខាតទាំងស្រុង សំបុត្រកំណើត និងឯកសារផ្សេងៗទៀតមួយចំនួន។

អគ្គិភ័យនេះបានឆេះ រាលដាលដល់វាលស្មៅ និងព្រៃដែលនៅក្បែរផ្ទះ ទំហំប្រហែល ២ហិកតា ផងដែរ។

មូលហេតុម្ចាស់ផ្ទះមិននៅ មានក្មេងទៅលេងក្បែរ ហើយប្រើដែកកេះ បង្កាត់ភ្លើងលេង បណ្ដាលឱ្យឆាប់ឆេះជញ្ចាំងផ្ទះហើយឆេះរាលដាលតែម្តង។

ក្នុងពេលកើតហេតុ ត្រូវកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប្រើប្រាស់រថយន្តចំនួន ១គ្រឿង បាញ់ទឹកពន្លត់ ទប់ស្កាត់ មិនឱ្យឆេះរាលដាល ដល់លំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋផ្សេងទៀត រហូតដល់ម៉ោង ១៣:៣០នាទី ទើបរលត់ទាំងស្រុង៕ដោយ ប៊ុនរិទ្ធី