សហរដ្ឋអាមេរិក​​បានបញ្ជូន​នាវាពិឃាត-មីស៊ីល​របស់ខ្លួន ទៅកាន់​តំបន់ក្បែរប្រជុំកោះ​(Paracel) ដែលជាកោះជម្លោះរបស់ប្រទេសចិន

សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិក​​បានធ្វើការបញ្ជូន​នាវាពិឃាត-មីស៊ីល​របស់ខ្លួន ទៅកាន់​តំបន់ក្បែរប្រជុំកោះ​ផារ៉ាសែលណ (Paracel) ដែលជាកោះជម្លោះមួយ ស្ថិតនៅក្នុង​តំបន់​សមុទ្រចិនខាងត្បូង ហើយ​ការធ្វើបែបនេះ​​ត្រូវបានគេមើលឃើញថា សហរដ្ឋ​អាមេរិក​កំពុង​តែតទល់ជាមួយចិនត្រង់ៗតែម្តង ខណៈដែលចិន​កន្លងមកតែងតែអះអាងថា ប្រជុំកោះ​មួយ​នេះ គឺជាកម្មសិទ្ធិរបស់ខ្លួនស្របច្បាប់។ នេះបើ​តាមការចេញផ្សាយ​ដោយ​កាសែត​អាមេរិក The Wall Street Journal នារសៀល​ថ្ងៃចន្ទ ទី០៧ ខែមករា​ ឆ្នាំ២០១៩។

នាវាពិឃាត​បំពាក់គ្រាប់មីស៊ីល​ទំនើបខាងលើនេះ​ មានឈ្មោះថា USS McCampbell បាន​ធ្វើ​ដំណើរទៅកាន់​តំបន់រសើប​ខាងលើនេះ ដើម្បីចូលរួមនៅ​ក្នុង​ការល្បាតយោធា​ក្រោមទង់​សេរីភាពនៃការធ្វើនាវាចរណ៍​នៅតំបន់ប្រជុំកោះ ផារ៉ាសែល ហើយ​នាវាចម្បាំង​អាមេរិកនោះកំពុងចល័តនៅក្នុងរយៈចម្ងាយ ២០គីឡូម៉ែត្រ ពីប្រជុំកោះ។

គួរបញ្ជាក់ថា ភ្លាមៗបន្ថែមនេះ​គេពុំទាន់ឃើញ​មានប្រតិកម្មណា​មួយ ត្រូវបានឆ្លើយតប​ពីសំណាក់​ទីក្រុងប៉េកាំង​នៅឡើយទេ ប៉ុន្តែទង្វើរបស់​អាមេរិក​ពេលនេះ បានកើត​មានឡើងតែ​ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកោះ​​តៃវ៉ាន់​​បានអះអាងថា ខ្លួនកំពុង​ទទួលរងការព្រមាន​ធ្ងន់ៗពីទីក្រុងប៉េកាំង និងបាន​អំពាវនាវ​ឲ្យអន្តរជាតិ​ជួយការពារ​លទ្ធិប្រជាធិបតេយ្យ និងផ្លូវដែល​ខ្លួន​កំពុងដើរផង៕