ភ្ញៀវទេសចរ​ខកចិត្ត នឹងតំបន់ទេសចរណ៍ធម្មជាតិត្រីផ្សោតព្រះរំកិល មើលមិនឃើញមានត្រីផ្សោត នៅស្រុកស្រុកថាឡាបរិវ៉ាត់

ស្ទឹងត្រែង៖ តំបន់ទេសចរណ៍ធម្មជាតិត្រីផ្សោតព្រះរំកិលនៅឃុំព្រះរំកិល ស្រុកស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ត្រីផ្សោតបានធ្វើការបម្លាស់ទីចេញពីកន្លែងធ្លាប់រស់នៅ ​ធ្វើឱ្យតំបន់ទេសចរណ៍មួយនេះ​ បាត់បង់ភ្ញៀវបន្តិចម្តងៗ ហើយប្រជាពលរដ្ឋក្នុងសហគមន៍ ជួបភាពលំបាកលក់ដូរវត្ថុអនុស្សវរីយ ម្ហូបអាហារមិនដាច់ធ្វើឱ្យជីវភាពធ្លាក់ចុះ។

នៅថ្ងៃបុណ្យ​០៧មករា ឆ្នាំ២០១៩ លោក ចាន់ ស៊ីណា ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ បានលើកឡើងថា គាត់បានមកដល់​តំបន់ទេសចរណ៍ធម្មជាតិសត្វផ្សោតព្រះរំកិលនេះ ជាថ្មី​​ម្តងទៀត បើប្រៀបធៀបទៅកាលពី​ឆ្នាំ២០១៦ ​យើងបានឈរពីលើច្រាំងមើលឃើញត្រីផ្សោតងើបចុះឡើង ហើយមកលើកនេះ ​មើលមិនឃើញឡើយ។

លោកថា ផ្អែកតាមការពិនិត្យភូមិសាស្រ្តជាក់ស្តែងឃើញថា​ ប្រជាពលរដ្ឋនៅរស់តំបន់នេះ អាចជួបបញ្ហាជីវភាពរស់នៅ ព្រោះត្រីផ្សោត​បាត់បង់​មើលមិនឃើញ​ ធ្វើឱ្យភ្ញៀវទេសចរខកចិត្ត ​មកឃើញតែរូបសំណាកដែលសហគមន៍ធ្វើពីស៊ីម៉ង់នៅលើគោកមួយតែប៉ុណ្ណោះ។

លោក ផយ វណ្ណា អ្នក​លក់ដូរ និងជាសមាជិកសហគមន៍​នេះ បានលើកឡើង​​ថា ការបង្កើតឱ្យមានតំបន់អេកូទេសចរមានភាពលំបាកណាស់ តែការរលាយបាត់បង់ទៅតែមួយប្រព្រិចភ្នែកតែប៉ុណ្ណោះ នេះ ដោយសារតែមានផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីដនសាហុង ដែលប្រទេសឡាវបានសាងសង់នៅប្រមាណតែ១៥០០ម៉ែត្រតែប៉ុណ្ណោះ។

លោកអះអាងថា ប្រជាសហគមន៍អេកូទេសចរនេះ បានប្រឹងប្រែងធ្វើការអភិវឌ្ឍ​ រៀបចំ បរិស្ថានជុំវិញឱ្យបានស្អាត ដើម្បីទាក់ទាញភ្ញៀវលែង​បានច្រើន លក់ដូរបាន​ប្រាក់សម្រាប់ចិញ្ចឹមជីវភាពក្នុងក្រុមគ្រួសារ​ ។

​លោក ​សួស សុផល ក្រុមប្រឹក្សាឃុំព្រះរំកិលបានបញ្ជាក់ថា នេះ ជាការចៃដន្យណាស់ ហើយក្នុងពេលដ៏ខ្លីខាងមុខ​ ពួកគាត់នឹងត្រូវបាត់បង់មុខរបរលក់ដូរមែន ​កាលណាបាត់បង់ភ្ញៀវ លក់ដូរអ្វីក៏មិនដាច់​ ហើយអ្នកកែច្នៃផលិតផលអនុស្សាវរីយក៏ត្រូវបាត់បង់មុខរបរដែរ។

លោក​បានសំដែងការព្រួយបារម្ភចំពោះបញ្ហាប្រឈមនេះ ដោយសារតែភ្ញៀវទេសចរឈប់មកលេងទីនេះ ព្រោះតែត្រីផ្សោតធ្វើបម្លាស់ទីទៅឆ្ងាយ ព្រោះតែទំនប់វារីអគ្គិសនីដនសាហុងឡាវសាងសង់ បំផ្ទុះគ្រាប់បែក លឺកងរំពង រំខានដល់ការរស់នៅរបស់ត្រីផ្សោត ទើបវាធ្វើការផ្តាស់ប្តូរកន្លែងរស់នៅភ្ញៀវមកមិនបានមើល ហើយកាលពី​ដើមឆ្នាំ២០១៨ ក៏មានកូនត្រីផ្សោតស្លាប់មួយក្បាលដែរ៕E K H ស្ទឹងត្រែង ០៧/ ០១/​ ២០១៩