អុញ! នគរបាលផ្នែកចរាចរណ៍ខណ្ឌដង្កោ ចេញពីខារ៉ាអូខេ បេីក Highlander បុករបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងាជេីង មុខវត្តស្ទឹងមានជ័យ

ភ្នំពេញ៖ បុរសម្នាក់ ដែលគេស្គាល់ថា ជានគរបាលផ្នែកចរាចរណ៍ខណ្ឌដង្កោ បានចេញពីខារ៉ាអូខេ សង្ស័យស្រវឹងបេីករថយន្តក្នុងល្បឿនលឿន រេចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងាជេីង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីងកាលពីវេលាម៉ោង១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្តោយផ្លូវមុនីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​។

តាមសាក្សីនៅកន្លែងកេីតហេតុបានឱ្យដឹងថា មុនពលកេីតហេតុគេបានឃេីញរថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2AN-5082 បេីកបរដោយបុរសម្នាក់ ដែលគេស្គាល់ច្បាស់ថា​ជាមន្ត្រីនគរបាល​ចរាចរណ៍​ទៀតនោះ សង្ស័យស្រវឹង ធ្វេីដំណេីរតាមបណ្តោយផ្លូវមុនីរ៉េត ក្នុងទិសដៅពីត្បូង ទៅជេីង ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ក្រឡាប់ផ្ងារជេីង ភ្លាមនោះម្ចាស់រថយន្តបានលូនចេញមកក្រៅ ហេីយត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ។

ចំណែករថយន្ត ត្រូវបានសមត្ថកិច្ចមូលដ្ឋាន​ រាយការណ៍​ប្រាប់សមត្ថកិច្ចជំនាញ ចុះមកធ្វេីការវាស់វែង​ និងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីភ្នំពេញ រងចាំដោះស្រាយតាមច្បាប់៕ ដោយ ម៉េង