លោក Jim Yong Kim ប្រធានធនាគារ​ពិភពលោក World Bank ប្រកាស​ថា នឹងលាលែង​ចេញពី​តំណែងមុន​អាណត្តិ ខណៈដែលអាណត្តិបច្ចុប្បន្ន​ត្រូវបញ្ចប់នៅ​ឆ្នាំ២០២២

វ៉ាស៊ីនតោន៖ លោក Jim Yong Kim ប្រធានធនាគារ​ពិភពលោក (World Bank) នឹងលាលែងចេញពីតំណែងនៅខែកុម្ភៈ​ក្រោយនេះ មុននឹងអាណត្តិបច្ចុប្បន្ន​ត្រូវបញ្ចប់នៅ​ឆ្នាំ២០២២ នេះបើតាមការប្រកាសរបស់លោក នៅថ្ងៃចន្ទសប្ដាហ៍នេះ។ នេះបើតាមការ​ចេញ​ផ្សាយនៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមករា ឆ្នាំ២០១៩ ដោយទីភ្នាក់ងារ​សារព័ត៌មាន Reuters ។

លោក Kim បានលើកឡើង​នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់ខ្លួនថា «វាគឺជាកិត្តិយស​បំផុតសម្រាប់ខ្ញុំ ដែលបានកាន់តំណែងជា ប្រធានធនាគារ​ពិភពលោក ដែលមាន​បេសកកម្មដើម្បីលុប​បំបាត់ភាពក្រីក្រ… ដូច្នេះខ្ញុំគិតថា វាដល់ពេលដែល​ខ្ញុំត្រូវផ្តោតសំខាន់​លើកិច្ចខិតខំ ប្រឹងប្រែងលើ​ការវិនិយោគ​ហិរញ្ញវត្ថុឯកជន​ ដើម្បីប្រយោជន៍​ប្រជាជន​នៅលើ​ពិភពលោក»

សូបបញ្ជាក់ថា លោកស្រី គ្រីស្តាលីណា ហ្សកហ្ស៊ីវ៉ា (Kristalina Georgieva) World Bank CEO នឹងកាន់តំណែងជា​ប្រធានធនាគារពិភពលោកស្ដីទី ចាប់ពី​ថ្ងៃទី០១ ខែកុម្ភៈ ក្រោយការ​ចាកចេញរបស់​លោក គីម ហើយ ការលាលែងពី​តំណែងរបស់លោក Kim ធ្វើ​ឡើង​បន្ទាប់ពីមាន​សេចក្ដី​រាយការណ៍ថា លោកអាចនឹងចូលរួមជាមួយស្ថាប័ន​មិនទាន់ស្គាល់​អត្តសញ្ញាណមួយ ដែលផ្តោតសំខាន់​លើ​ការវិនិយោគ​លើបណ្ដាប្រទេស​កំពុងអភិវឌ្ឍន៍។

គួរជម្រាប​ថា លោក Jim Yong Kim មានអាយុ ៥៩ឆ្នាំ បានកាន់តំណែង​ជាប្រធានធនាគារ​ពិភពលោក កាលពី​ឆ្នាំ២០១២ ព្រមទាំងត្រូវ ផុតអាណត្តិនៅឆ្នាំ២០២២ ក្រោយជាប់ឆ្នោត​ជាថ្មីសម្រាប់អាណត្តិ ០៥ឆ្នាំកាលពីឆ្នាំ២០១៧។

ក្នុងការលាលែងពីតំណែងមួយនេះ ត្រូវបានក្រុមអ្នក​ជំនាញមួយចំនួនមើលឃើញថា ការសម្រេចចិត្ត​លាលែងពីតំណែង​របស់លោក Kim នឹងផ្ដល់ឱកាស​ឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានឥទ្ធិពល​លើថ្នាក់ដឹកនាំបន្ទាប់របស់​ធនាគារពិភពលោក តាមរយៈការ​គ្រប់គ្រងរបស់ទីក្រុងវ៉ាស៊ីនតោន​ស្ថាប័នអន្តរជាតិ​មួយ ដែលមាន​សមាជិក ១៨៩ប្រទេស៕

World Bank President Jim Yong Kim gestures as he makes remarks during a press briefing to open the the IMF and World Bank’s 2017 Annual Spring Meetings in Washington, U.S. April 20, 2017. REUTERS/Mike Theiler