តោះ! មកស្គាល់ភ្នំថ្មដ៏ធំមហិមា នៅមណ្ឌលគីរី ទាំងអស់គ្នា…!

នឹកស្មាន​មិន​ដល់ថាមានផ្ទាំង​ថ្ម​ដ៏​ធំ​មួយដែលមាន ទំហំ​រហូត​ទៅ​ដល់​៨​ហិកតា បាន​បង្កើត​ឱ្យ​ក្លាយទៅ​ជា​ភ្នំ​ថ្ម​មួយ ដ៏​ស្រស់​ស្អាតបំផុត​នៅ​កណ្ដាល​ព្រៃ​ស្រោង​រាប់​ម៉ឺន​ហិកតា ក្នុង​ខេត្ត​មណ្ឌលគីរី ផ្ទាំង​ថ្ម​នោះ គឺ​មាន​ឈ្មោះ​ថា ភ្នំ​ណាមលៀ ជា​តំបន់​ដ៏​ប្រណិត​នៅ​ក្នុង​សហគមន៍​ទេសចរណ៍​តំបន់​ធម្មជាតិ​ភូមិ​ទី១។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោកពូ តយ ផ្លាន ជា​ជនជាតិ​ភាគ​តិច​ព្នង​រស់​នៅ​ទីនោះ​ផ្ទាល់ និង​ជា​អ្នក​លក់​សំបុត្រ​នៅ​ភ្នំ​ណាមលៀ។

ភ្នំ​ណាមលៀ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ​ទី១ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រដា ខេត្ត​មណ្ឌលគីរី មាន​ចម្ងាយ​ប្រមាណ​ជិត ៥០​គីឡូម៉ែត្រ​ពី​រួម​ខេត្ត។ ដើម្បី​ទៅ​ដល់​ទីតាំង​ដ៏​អស្ចារ្យ​គ្មាន​ពីរ​នៅ​កម្ពុជា​នេះ ភ្ញៀវ​ទេសចរណ៍​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទៅ​ទឹក​ជ្រោះប៊ូស្រា លុះ​ដល់​ត្រង់​ស្លាក​សញ្ញា​តំបន់​ទេសចរណ៍​ទឹក​ជ្រោះ​ប៊ូស្រា ភ្ញៀវ​ទេសចរណ៍​នឹង​ឃើញ​ផ្លូវ​បំបែក​ជា​២ បន្ទាប់​មក​ត្រូវ​ជិះ​ទៅ​តាម​ផ្លូវ​នៅ​ខាង​ស្ដាំ​ដៃ ដើម្បី​បន្ត​ដំណើរ​ទៅ​ស្វែង​រក​ភ្នំណាម​លៀ។

ភ្ញៀវ​ទេសចរណ៍​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​កៅស៊ូ ដែល​ជា​ផ្លូវ​ឆ្ពោះ​ទៅ​ព្រំដែន​វៀតណាម ជិះ​ប្រមាណ​ជាង​១០​នាទី​នឹង​ឃើញ​ទីប្រជុំ​មួយ បន្ទាប់​មក​មាន​​ផ្លូវ​លំ​នៅ​ខាង​ស្ដាំ​ដៃ ដែល​ជា​ផ្លូវ​នាំឱ្យ​ទៅ​ដល់​ភ្នំ​ណាម​លៀ។ ធ្វើ​ដំណើរ​បន្ត​ទៅ​មុខ​ត្រង់​ទៀត អ្នក​ដំណើរ​ត្រូវ​ជិះ​កាត់​ចម្ការ​កៅ​ស៊ូ​រាប់​ម៉ឺន​ហិកតា បន្ទាប់​មក​ត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទើប​តែ​ឈូសឆាយ​ថ្មីៗ កាត់​ព្រៃព្រឹក្សា​ដ៏​ខៀវ​ស្រងាត់ មាន​ដើម​ឈើ​ធំៗ នៅ​អម​សងខាង​ផ្លូវ និង​លាត​សន្ធឹង​ដាច់​កន្ទុយ​ភ្នែកតែម្តង។  នៅពេលធ្វើដំណើរត្រូវ ឆ្លង​កាត់​ផ្លូវ​ឡើង​ចុះ​មានចំណោត​ខ្ពស់ៗ កាត់​ព្រៃ ​កាត់​ភ្នំ ជា​ច្រើន​គីឡូម៉ែត្រ ភ្ញៀវ​ទេសចរណ៍​ នឹង​ឃើញ​ស្លាក​ដាក់​ថា​ភ្នំណាមលៀ និង​សញ្ញា​បំព្រួញ​នាំ​ភ្ញៀវ​ទៅ​កាន់ ផ្ទាំង​ថ្ម​មួយ​ដ៏​ធំ​បំផុត។

ដោយសារ​ស្ថាន​ផ្លូវ​មាន​លក្ខណៈ​ឡើង​ចុះ​ខ្លាំង វា​អាច​ជា​ឧបសគ្គ​សម្រាប់​អ្នក​ជិះ​រថយន្ត តែ​ចំពោះ​​​​​​​​​ម៉ូតូ​មិន​ចោទ​ជា​បញ្ហា​ខ្លាំងនោះ​ឡើយ តែ​ត្រូវទាមទារ​ជិះ​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់បំផុត។ ចំណែក​ឯ​កា​ឡើង​ភ្នំវិញ ដែល​មាន​តែ​ផ្ទាំង​ថ្ម​សុទ្ធ គ្មាន​ដើម​ឈើ​មួយ​ដើម​សម្រាប់​តោង អ្នក​ឡើង​ភ្នំ​ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លាំង និង​ផ្ចង់​ស្មារតី​ រហូត​ដល់​កំពូល​ភ្នំ។ ជា​ការ​ល្អ​បំផុត ត្រូវ​ពាក់​ស្បែក​ជើង​ប៉ាត់តា ទើប​អាច​ឡើង​ដោយ​ងាយ​ស្រួល។ ក្រៅ​ពី​នោះ គួរ​ត្រៀម​ទឹក និង​ភេសជ្ជៈ​ផ្សេងៗ​ ជំនួយ​ដល់​ថាម​ពល​រាង​កាយ ឱ្យ​ឡើង​ទៅ​ដល់​ដោយ​ស្រស់ស្រាយ។

ថ្វី​ត្បិត​តែ​ជា​ភ្នំ​ថ្ម គ្មាន​ដើម​ឈើពិតមែន តែ​នៅ​នោះ​ពិត​ជា​ត្រជាក់​ខ្លាំង មិន​ក្ដៅ​ឡើយ អ្វី​ដែល​អស្ចារ្យ​បំផុត​នោះ យើង​អាច​ឈរ​ពី​លើ​កំពូល​ភ្នំ​ថ្ម​នេះ មើល​ទៅ​ព្រៃព្រឹក្សា​ ដែល​នៅហ៊ុម​ព័ន្ធ​ជុំវិញ​ដាច់​កន្ទុយ​ភ្នែក។

លោក​ពូ តយ ផ្លាន ក៏​បានឱ្យ​ដឹងទៀត​ដែរ​ថា ភ្ញៀវ​ដែល​ទៅ​កម្សាន្ត​នៅ​ភ្នំ​ណាម​លៀ ត្រូវ​បង់​២០០០​រៀល​សម្រាប់​ម៉ូតូ​មួយ និង​៥០០០​រៀល​សម្រាប់​រថយន្ត។ ប្រាក់​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​នេះ គឺ​សម្រាប់​យក​ទៅ​អភិវឌ្ឍន៍​ក្នុង​សហគមន៍​ទាំង​មូល៕